34 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​បើក​បក្ស​ថ្មី​ជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អះអាង​ថា បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ទេ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​នាំគ្នា​ទៅ​បង្កើត​គណបក្ស​ថ្មីៗ គ្រាន់តែ​ជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​ខ្លួនឯង​តែប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​នាំគ្នា​ចេញ​ទៅ​បង្កើត​គណបក្ស​ព្រោងព្រាត​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គណបក្ស​នយោបាយ​ចំនួន ២០ បាន​នាំគ្នា​ចូលរួម​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដោយ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នយោបាយ​នៅឡើយ ប៉ុន្តែ​ក្រៅតែ​ពី​បក្ស​កាន់​អំណាច​ដែល​មាន​សមាជិក​ស្រាប់ គ្មាន​គណបក្ស​ណា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​រហូត​មាន​អាសនៈ​ក្នុង​សភា​នោះ​ទេ។

លោក​លើកឡើង​ថា អ្នក​នយោបាយ​ប្រឆាំង​គួរតែ​សិក្សា​ពី​បទពិសោធន៍​នេះ ទើប​អាច​ឈរ​ជើង​លើ​សង្វៀន​នយោបាយ​នៅ​កម្ពុជា​បាន​យូរអង្វែង បើមិនដូច្នោះទេ ច្បាស់​ជា​ចប់​ទាំង​ជីវិត​នយោបាយ ចប់​ទាំង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ជាមិនខាន ព្រោះ​ថា​បើ​គ្មាន​ដំណោះស្រាយ​នយោបាយ នោះ​មានន័យ​ថា ដំណើរការ​នៃ​ការបោះឆ្នោត​នោះ គឺ​មិន​ត្រឹមត្រូវ ហើយ​គណបក្ស​ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​នោះ​ក៏​កំពុង​តែ​ចូលរួម​ធ្វើ​នូវ​ទង្វើ​មិន​ត្រឹមត្រូវ​ដូច​គ្នា​ដែរ។

លោក សួន សុរីដា បញ្ជាក់​ថា ជាក់ស្តែង​មន្ត្រី​ជាន់ខ្ពស់​រាជានិយម​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​ចេញ​ទៅ​បង្កើត​គណបក្ស​រហូត​ដល់ ១១​គណបក្ស ដើម្បី​ចូលរួម​ការបោះឆ្នោត​កាលពី​ឆ្នាំ​១៩៩៨ ក្រោយ​រដ្ឋប្រហារ​រំលាយ​បក្ស​រាជានិយម​មួយ​នេះ ប៉ុន្តែ​គណបក្ស​ថ្មីៗ​របស់​មន្ត្រី​ទាំងនោះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ​ទេ ហើយ​មក​ដល់​ពេល​នេះ ពួកគេ​ក៏​បាន​បាត់​ឈ្មោះ​ពី​សង្វៀន​នយោបាយ​នៅ​កម្ពុជា​អស់​ហើយ​ដែរ។

មក​ទល់នឹង​ពេលនេះ គណបក្ស​ដែល​បង្កើត​ឡើង​ដោយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន ៥​គណបក្ស​ហើយ ក្នុង​នោះ​រួម​មាន៖

  • គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ
  • គណបក្ស​ខ្មែរ​អភិរក្ស
  • គណបក្ស​ឆន្ទៈ​ខ្មែរ
  • គណបក្ស​កែទម្រង់​កម្ពុជា និង
  • គណបក្ស​បេះដូង​ជាតិ។

ទាក់ទិន​នឹង​បញ្ហា នេះ​មន្ត្រី​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​កំពុង​ស្ថិត​ក្នុង​ឥទ្ធិពល​នយោបាយ​របស់​មេដឹកនាំ​កំពូលៗ ដូចជា លោក កឹម សុខា លោក សម រង្ស៊ី លោក ហ៊ុន សែន និង​លោក ស ខេង ជាដើម។ ដូច្នេះ អ្នក​នយោបាយ​ថ្មីៗ​មិនមែន​ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​នោះ​ទេ។

លោក​បញ្ជាក់​ថា បើ​គ្មាន​កម្លាំង​នយោបាយ​គ្រប់គ្រាន់​ដើម្បី​ប្រកួត​ជាមួយ​បក្ស​កាន់​អំណាច​ទេ​នោះ មានន័យ​ថា ការ​បង្កើត​បក្ស​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០២២ ខាងមុខ គ្រាន់តែ​ជា​ការចូលរួម​កំដរ​បង្គ្រប់​កិច្ច​ឲ្យ​បក្ស​កាន់​អំណាច និង​ព្យាយាម​នាំគ្នា​ហែក​ព្រលឹង​គណបក្ស​សង្គ្រោះ​ជាតិ ចែក​គ្នា​ដើម្បី​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ដើម្បី​ឲ្យ​បក្ស​កាន់​អំណាច​ឃើញ​កាន់តែ​ច្បាស់​នូវ​ការ​បែកបាក់​កម្លាំង​ប្រឆាំង​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អតីត​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​នាំគ្នា​ទៅ​បង្កើត​គណបក្ស​នយោបាយ តែង​អះអាង​ថា ការ​បើក​បក្ស​ថ្មី គឺ​ក្នុង​គោលបំណង​ដោះស្រាយ​វិបត្តិ​នយោបាយ ជ្រោង​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ និង​បង្កើត​វប្បធម៌​ប្រកួតប្រជែង​ដោយ​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ បាន​អះអាង​ថា កម្ពុជា​កំពុងតែ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​បាន​យ៉ាង​ល្អ ទោះបី​គ្មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ។ លោក​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​នាំគ្នា​ទៅ​បង្កើត​បក្ស​ថ្មីៗ​ព្រោងព្រាត ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ខាងមុខ។

កាលពី​ចុង​ឆ្នាំ​២០២០ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា​មាន​គណបក្ស​នយោបាយ​ជាង ៤០​គណបក្ស​ហើយ​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មួយ​ចំនួន កំពុងតែ​ស្វះស្វែង​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​បក្ស​នយោបាយ​បន្ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស