27 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​រិះគន់​ការ​លក់​ឧបករណ៍​ធ្វើ​តេស្ដ​រហ័ស​មេរោគ​កូវីដ-១៩​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍

បទវិភាគ

ក្រុម​អ្នក​ការពារ​សិទ្ធិ​ការងារ​សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​រោងចក្រ សហគ្រាស ឬ​ក្រុមហ៊ុន​ទិញ​ឧបករណ៍​តេស្ដ​រហ័ស​យក​ទៅ​ប្រើប្រាស់​ក្នុង​ស្ថាប័ន ហើយ​បែរជា​តម្រូវ​ឲ្យ​បុគ្គលិក ឬ​កម្មករ​និយោជិត​ចេញ​លុយ​ថ្លៃ​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស្ដ​ទាំងនោះ គឺ​ដូចជា​ការ​បន្ថែម​បន្ទុក​ទៅលើ​បុគ្គលិក​កម្មករ​របស់​ពួកគេ​ទៅវិញ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​លក់​ឧបករណ៍​ធ្វើ​តេស្ដ​រហ័ស​ដល់​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ស្ថាប័ន​ពាក់ព័ន្ធ​កាលពី​ពេល​ថ្មីៗ​នេះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា នេះ​ថា ការប្រកាស​ដាក់​ចេញ​នូវ​ដំណើរការ​ធ្វើ​តេស្ដ​ដោយ​ខ្លួនឯង​តាម​រោងចក្រ​សហគ្រាស​បែប​នេះ លោក​បារម្ភ​ថា អាច​មាន​ករណី​បង្ខំ ឬ​តម្រូវ​ឲ្យ​បុគ្គលិក​កម្មករ​ក្នុង​ស្ថាប័ន​ទាំងនោះ​ត្រូវតែ​ធ្វើ​តេស្ដ ទាំង​ដែល​ពួកគេ​មិន​ត្រូវ​បាន​សង្ស័យ​ថា​វិជ្ជមាន​វីរុស Covid-19 ផង​នោះ ដែល​នេះ​គឺជា​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​ផង​ដែរ។

លោក​អះអាង​ថា ការ​ធ្វើ​តេស្ដ​រក​វីរុស Covid-19 គួរតែ​ផ្ដោត​សំខាន់​លើ​អ្នក​ដែល​មាន​ការ​សង្ស័យ​ថា​មាន​ជំងឺ Covid-19 ឬ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​វីរុស Covid-19 ឬ​អ្នក​ដែល​បាន​ចាកចេញ​ពី​តំបន់​រស់នៅ​របស់​ខ្លួន​ជាដើម ជាជាង​ការ​តម្រូវ​ឲ្យ​ធ្វើ​តេស្ដ​លើ​បុគ្គលិក​កម្មករ​ដែល​មិន​បាន​ពាក់ព័ន្ធ​ដូច​ករណី​រៀបរាប់​ខាងលើ​បែប​នេះ។

លោក​បញ្ជាក់​ទៀត​ថា លោក​ហាក់​មិន​យល់​ពី​ដំណើរការ​របស់​រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឲ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើរ​តួនាទី​លក់​ឧបករណ៍​តេស្ដ​រហ័ស​នេះ ព្រោះ​ថា​ទាក់ទិន​នឹង​បរិក្ខារ​សុខាភិបាល​មាន​តែ​ក្រសួង​សុខាភិបាល​ប៉ុណ្ណោះ​ដែល​មាន​ជំនាញ និង​សិទ្ធិ​ទទួលស្គាល់​បរិក្ខារ​សម្រាប់​យក​ទៅ​ប្រើប្រាស់​លើ​ជំនាញ​របស់​ខ្លួន។

កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាស​លក់​ឧបករណ៍​តេស្ដ​រហ័ស​អង់ទីហ្សែន Covid-19 ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស រោងចក្រ ដែល​មាន​បំណង​ចង់​យក​សំណាក​លើ​បុគ្គលិក និយោជិត កម្មករ​របស់​ខ្លួន​ដោយ​ខ្លួនឯង​ក្នុង​ការ​រក​វីរុស Covid-19 ឲ្យ​បាន​ទាន់​ពេលវេលា។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បណ្តុះបណ្តាល​លើ​ការ​យក​សំណាក​នេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព មុន​នឹង​ប្រគល់​ឧបករណ៍​តេស្ដ​រហ័ស​នេះ​ជូន​ដល់​គ្រឹះស្ថាន សហគ្រាស ឬ​ក្រុមហ៊ុន យក​ទៅ​ប្រើប្រាស់​ដោយ​ខ្លួនឯង។ ក្រសួង​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ឧបករណ៍​នេះ ក្រសួង​នឹង​លក់​ជូន​ត្រឹមតែ​តម្លៃ ៣,៧​ដុល្លារ​ប៉ុណ្ណោះ​ក្នុង ១​ឈុត ដែល​ជា​តម្លៃ​ដើម​នាំចូល​ពី​ប្រទេស​កូរ៉េ​ខាងត្បូង។

ការប្រកាស​លក់​ឧបករណ៍​តេស្ដ​រហ័ស​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ចេញ​បទបញ្ជា​កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ ឲ្យ​ក្រសួង​ពាក់ព័ន្ធ​លក់​ឧបករណ៍​តេស្ដ​រហ័ស​ទៅ​ឲ្យ​បណ្តា​ក្រុមហ៊ុន សហគ្រាស​នានា ដើម្បី​ពួកគេ​អាច​ធ្វើ​តេស្ដ​រក​វីរុស Covid-19 ដោយ​ខ្លួនឯង ដែល​ជា​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​នៃ​ការ​ឆ្លង​វីរុស​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត។

របាយការណ៍​ក្រសួង​សុខាភិបាល បាន​បង្ហាញ​ថា កម្ពុជា​មាន​ឧបករណ៍​តេស្ដ​រហ័ស​រក​វីរុស Covid-19 ចំនួន​ជាង ១​លាន ១​សែន​ឈុត​នៅ​ក្នុង​ឃ្លាំង​ស្រាប់​សព្វថ្ងៃ​នេះ ហើយ​កម្ពុជា​ក៏​នឹង​ទទួល​បាន ១​លាន​ឈុត​បន្ថែម​ទៀត​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ផង​ដែរ។

ជុំវិញ​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ខ្លួន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៩៦៦​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៦៥០​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​បាន​កើន​ឡើង​ដល់​ទៅ ៣២​នាក់​ឯណោះ។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៥​ម៉ឺន ២​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ៦៦០​នាក់​ហើយ​នៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស