39.4 C
Phnom Penh

មនុស្ស​ជាង​៨០​នាក់​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​ក្នុង​រយៈពេល​៣​ថ្ងៃ ខណៈ​អ្នក​ឆ្លង​ក៏​មិន​ថយ​ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យ៉ាងហោចណាស់​មាន​អ្នក​ជំងឺ​ចំនួន​ជាង ៨០​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ ដែល​ចំនួន​នេះ​ខ្ពស់​មិន​ធ្លាប់​មាន​ចាប់តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ​ក៏​មិន​មាន​ការ​ថយ​ចុះ​ដែរ។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​ជាបន្តបន្ទាប់ ពោល​គឺ​ចាប់​ពី ២០​នាក់​រហូត​ដល់​ជាង ៣០​នាក់។

ជាក់ស្ដែង សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៣២​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​កាល​ពី​ម្សិលមិញ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​រយៈពេល ៣​ថ្ងៃ​នេះ​កើន​ដល់ ៨៥​នាក់។

ក្រៅពី​អ្នក​ស្លាប់​កើន​នោះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ក៏​មិន​ថយ​ចុះ​ដែរ ដោយ​កាលពី​ម្សិលមិញ​ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៩៦៦​នាក់ ខណៈ​អ្នក​ជាសះស្បើយ​ថ្មី ៦៥០​នាក់។

ក្នុង​កិច្ចប្រជុំ​ពិសេស​មួយ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ដើម្បី​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ លោក ហ៊ុន សែន បញ្ជា​ទៅ​អភិបាល​រាជធានី-ខេត្ត និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ចេញ​ថវិកា​ទិញ​ក្តារមឈូស​យក​ទុក​សម្រាប់​ដាក់​សាកសព​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩។

ជាង​នេះ​ទៅទៀត លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ទៅ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ឱ្យ​ប្រមូល​ឈើ​ដែល​បង្ក្រាប​បាន​ពី​បទល្មើស​មក​ធ្វើ​ជា​ក្តារមឈូស​សម្រាប់​ដាក់​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​ថា កម្ពុជា​បច្ចុប្បន្ន​បាន​ដើរ​ដល់​បន្ទាត់​ក្រហម​ហើយ ក្រោយពី​កន្លែង​សង្គ្រោះ​បន្ទាន់​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ធ្ងន់​បាន​ពេញ​សឹង​គ្រប់​កន្លែង​ទាំងអស់ ខណៈ​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​ផង​ដែរ។

បើ​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប ៥២៣៥០​នាក់ ក្នុង​នោះ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស ២៨៧២​នាក់ ខណៈ​ជាសះស្បើយ​មាន​ចំនួន ៤៥៥០៨​នាក់ និង​មាន​អ្នក​ស្លាប់​សរុប ៦៦០​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស