38.1 C
Phnom Penh

ចិន​ស្នើសុំ​បង្កើត​ចំណង​មិត្តភាព​ជាមួយ​ខេត្ត​ចំនួន​បី​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ចិន បាន​ស្នើ​កម្ពុជា​ដើម្បី​សុំ​បង្កើត​ខេត្ត​ចំនួន​៣ ដែល​ជាប់​នឹង​ខេត្ត​ហ៊ូប៉េ​ប្រទេស​ចិន ដើម្បី​បង្កើន​ចំណង​មេត្រីភាព​រវាង​ប្រទេស​ទាំង​ពីរ។

ក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​ចុះ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ដែល​បាន​បែកធ្លាយ ឱ្យ​ដឹង​ថា មន្ទីរ​ការបរទេស​ខេត្ត​ហ៊ូប៉េ ប្រទេស​ចិន ស្នើ​បង្កើត​ចំណង​មេត្រីភាព​រវាង​ខេត្ត​ហ៊ូប៉េ ប្រទេស​ចិន ជាមួយ​នឹង​ខេត្ត​សៀមរាប កំពត និង​ក្រុង​ព្រះសីហនុ ក្នុង​គោលបំណង​បង្កើត​ភាព​ស្និទ្ធស្នាល និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ចការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​របស់​ខេត្ត​ខាងលើ។

បើ​តាម​លិខិត​បញ្ជាក់​ថា ខេត្ត​ហ៊ូប៉េ របស់​ចិន ជា​មជ្ឈមណ្ឌល​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ដឹកជញ្ជូន និង​ជា​ខេត្ត​ដែល​ស្ថិត​នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ខ្សែក្រវាត់ និង​ផ្លូវ​ដែក។ លើស​ពីនេះ​ទៅ​ទៀត ក្រុមហ៊ុន​ធំៗ​នៅ​ខេត្ត​នេះ​បាន​មក​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​ថាមពល​ជាដើម។

យ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ការបរទេស និង​ក្រសួង​មហាផ្ទៃ បាន​ទេ។

ប្រធាន​ប្រតិបត្តិ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល លើកឡើង​ថា ការ​ស្នើសុំ​បង្កើត​ខេត្ត​របស់​ចិន ឆ្លុះ​បញ្ចាំ​ឱ្យ​ឃើញ​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​ចិន​ស៊ីជម្រៅ​ខ្លាំង ហើយ​ការ​ពង្រឹង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​នេះ លោក​ថា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​របស់​កម្ពុជា ក្នុង​ការ​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោកសេរី។ មួយ​វិញ​ទៀត លោក​ថា កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ បើសិនជា​កម្ពុជា​ពឹងផ្អែក​តែ​ទៅលើ​ចិន​នោះ។

ជាង​នេះ​ទៅទៀត លោក​ថា​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​នេះ ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​ផល​ប៉ះពាល់​ទំនាក់ទំនង​អាស៊ាន​ដែរ ជាពិសេស​ប្រទេស​លោកសេរី រួម​ទាំង​សហរដ្ឋ​អាមេរិក ជាដើម។

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​ពិតជា​បាន​អនុញ្ញាត​ឱ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម ក្រោយ​វាយ​កម្ទេច​ចោល​អគារ​ចំនួន​ពីរ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ចេញពី​កំពង់ផែ​កងទ័ព​ជើងទឹក​រាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស