27 C
Phnom Penh

ភ្នំ​ជាង​២០​ក្នុង​ស្រុក​បាណន់​ត្រូវ​ក្រុមហ៊ុន​ចិន វៀតណាម និង​ក្រុម​អ្នក​មាន​អំណាច​ជីក​កាយ​ធ្វើ​អាជីវកម្ម

បទវិភាគ

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា​គ្មាន​សមត្ថភាព​ការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​សម្ដែង​ការ​សោកស្តាយ​ចំពោះ​វិនាសកម្ម​ធនធាន​ធម្មជាតិ​ភ្នំ​ជាង ២០ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម និង​ក្រុម​អ្នក​មាន​អំណាច​មួយ​ចំនួន ធ្វើ​អាជីវកម្ម​ជីក​គាស់​កាយ​យក​ថ្ម​មាន​តម្លៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ភ្នំ​ដែល​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម និង​អ្នក​មាន​អំណាច​ជីក​គាស់​កាយ​ដើម្បី​យក​ថ្ម​មាន​តម្លៃ រួម​មាន៖

  • ភ្នំ​តាគ្រាម
  • ភ្នំ​ថ្មក្រហម
  • ភ្នំ​អន្សែ
  • ភ្នំ​ប៉ើយស្វាយ
  • ភ្នំ​ពពូល
  • ភ្នំ​តាត្រងោល និង
  • ភ្នំ​គល់ ជាដើម

ភ្នំ​ទាំងនេះ​គឺជា​អត្តសញ្ញាណ​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ​កំពុង​ឈាន​ទៅ​រក​បាត់បង់​ទាំងស្រុង ឬ​រាប​ដល់​ដី ប្រសិនបើ​អាជ្ញាធរ​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ។

ពលរដ្ឋ​នៅ​ទីនោះ​និយាយ​ថា ភ្នំ​ធម្មជាតិ​ទាំងនោះ​ខ្លះ​ខូច​រូបរាង ខ្លះ​ទៀត​បាត់បង់​ទាំងស្រុង ដែល​បង្ក​ប៉ះពាល់​ទាំង​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ក្បែរ​នោះ។

ភ្នំ​ក្រហម ស្ថិត​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

ពលរដ្ឋ​ខេត្ត​បាត់ដំបង បាន​លើកឡើង​ថា ការ​រំលាយ​ភ្នំ​ធ្វើ​អាជីវកម្ម​ពី​សំណាក់​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន​ឯកជន​ទាំងនេះ គឺ​ពុំ​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​មូលដ្ឋាន​ទាល់តែសោះ តែ​ផ្ទុយទៅវិញ ពលរដ្ឋ​បែរជា​រងគ្រោះ​សព្វ​គ្រប់​បែបយ៉ាង​រួម​មាន ប៉ះពាល់​ជីវភាព បាត់បង់​កន្លែង​រក​អនុផល​ព្រៃឈើ ហុយ​ថ្ម​កំបោរ​ប៉ះពាល់​ស្រូវ​កសិកម្ម និង​ធូលី​ដី​ហុយ​ខ្លាំង​នៅ​ខែ​ប្រាំង ដែល​ធ្វើ​ឲ្យ​កុមារ​ជាច្រើន​នាក់​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ។

អ្នក​ភូមិ​ធ្លាប់​ស្នើ​ឱ្យ​រដ្ឋាភិបាល​អភិរក្ស​ភ្នំ​ទាំងនេះ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ព្រោះ​មាន​ល្អាង​ភ្នំ​ដ៏​ស្រស់​ល្អាត ពុំ​គួរ​រំលាយ​ធ្វើ​អាជីវកម្ម​នោះ​ទេ។ ទន្ទឹម​នឹង​នេះ ពលរដ្ឋ​ភាគច្រើន​មិន​ពេញចិត្ត​ចំពោះ​ការ​រំលាយ​ភ្នំ​នេះ​ទេ ក៏ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​រិះគន់ ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ។

ភ្នំ​តាគ្រាម ស្ថិត​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

តំណាង​ពលរដ្ឋ​បន្ថែម​ថា អាជ្ញាធរ​ព្យាយាម​លាក់បាំង​ព័ត៌មាន​អំពី​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំងនេះ ដោយសារ​អាជ្ញាធរ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ភ្នំ​ជាង ២០ ដែល​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម និង​អ្នក​មាន​អំណាច​ជីក​គាស់​កាយ​យក​ថ្ម​មាន​តម្លៃ រួម​មាន ថ្មម៉ាប ថ្មកែវ និង​ថ្មសំណង់ ជាដើម។

ពួកគេ​អះអាង​ថា ក្រុមហ៊ុន​ទាំងនេះ​គ្មាន​ច្បាប់​អនុញ្ញាត និង​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នោះ​ទេ ហើយ​ក្រុមហ៊ុន​ចាប់ផ្តើម​ជីក​កាយ​ភ្នំ​តាំងពី​ឆ្នាំ​១៩៩៧ រហូត​មក​ទល់​បច្ចុប្បន្ន មិន​ទាន់​ឃើញ​អាជ្ញាធរ​បង្ហាញ​អាជ្ញាប័ណ្ណ និង​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​ដឹង​អំពី​អាជីវកម្ម​ទាំងនេះ​នៅឡើយ​ទេ។
ពលរដ្ឋ​លើកឡើង​ទៀត​ថា សកម្មភាព​កាយ​ភ្នំ គឺ​ធ្វើ​ឱ្យ​បាត់បង់​ព្រៃព្រឹក្សា ជម្រក​សត្វព្រៃ និង​ធនធាន​ធម្មជាតិ​ដែល​ដុះ​ព័ទ្ធ​ជុំវិញ​ភ្នំ ជាពិសេស​ធ្វើ​ឱ្យ​ប្រែប្រួល​ស្ថានភាព​ដងភ្នំ​ដែល​ធ្លាប់​ផ្តល់​ម្លប់​បៃតង​ស្រស់​ស្អាត ហើយ​បាន​ក្លាយ​ជា​កន្លែង​ការដ្ឋាន​សាងសង់​បែប​អនាធិបតេយ្យ​ទៅវិញ។

អ្នក​ស្រុក​បាណន់ ខ្លះ​សម្ដែង​ការ​សោកស្តាយ​ភ្នំ​ជា​ពន់ពេក ព្រោះ​ភ្នំ​មួយ​ចំនួន​ស្ទើរតែ​រាប​ដល់​ដី និង​មាន​ភ្នំ​ខ្លះ​ខូច​រូបរាង​ជា​បណ្តើរៗ​ហើយ។ ពលរដ្ឋ​ថា បច្ចុប្បន្ន​នេះ​គឺ​មាន​គ្រឿងចក្រ​រាប់​រយ​គ្រឿង​ត្រូវ​បាន​ពង្រាយ​តាម​ការដ្ឋាន​កាយ​ភ្នំ ក្នុង​ឃុំ​តាគ្រាម ស្រុក​បាណន់។

អ្នក​ស្រុក​បាណន់ បន្ថែម​ថា អាជីវកម្ម​រំលាយ​ភ្នំ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ទាំងនេះ បើ​ទោះបីជា​ធ្វើ​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​ពុំ​ឃើញ​អាជ្ញាធរ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បង្ហាញ​ពី​គម្រោង​វិនិយោគ និង​គោលការណ៍​អនុបយោគ​នៅឡើយ​ទេ។

ភ្នំ​អន្សែ ស្ថិត​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

ពលរដ្ឋ​មួយ​ចំនួន​តូច​រស់នៅ​ឃុំ​ចំនួន ៤ ក្នុង​ឃុំ​តាគ្រាម ក៏​ធ្លាប់​លើក​គ្នា​តវ៉ា​ម្ដង​មក​ហើយ ដោយសារ​ហុយ​ដី​ខ្លាំង​ពេក និង​ប៉ះពាល់​ស្រែ​ចម្ការ ច្បារ​ដំណាំ ដោយសារ​ក្រុមហ៊ុន​បង្ហូរ​ថ្មកំបោរ​ចូល​ដីស្រែ​របស់​អ្នក​ភូមិ។

អ្នក​សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ បាន​ទេ ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃនេះ។

ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ មាត្រា​១៦ ចែង​ថា ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់ដូរ​បាន​ទេ ហើយ​ទ្រព្យ​កម្មសិទ្ធិ​ទាំងនោះ​ក៏​មិន​អាច​កំណត់​អាជ្ញាយុកាល​បាន​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស