29 C
Phnom Penh

រដ្ឋាភិបាល​ចាត់ទុក​ថ្ងៃ​ទី​៧ កក្កដា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​កម្ពុជា​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ​លើ​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រដ្ឋាភិបាល​អះអាង​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០០៨ ត្រូវ​បាន​ចាត់ទុក​ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បន្ទាប់ពី​កម្ពុជា​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ​លើ​ប្រទេស​ថៃ នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ កាលពី​ឆ្នាំ​១៩៦២។

លោក ហ៊ុន សែន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ថ្ងៃ​នេះ​គឺជា​ខួប​លើក​ទី​១៣ នៃ​ការ​ចុះបញ្ជី “ប្រាសាទ​ព្រះវិហារ” ជា​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

លោក ហ៊ុន សែន អះអាង​ថា ប្រាសាទ​ព្រះវិហារ​ជា​ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា ដែល​ស្ថិតនៅ​លើ​ភ្នំដងរែក ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) នៅ​ទីក្រុង​កេបិច (Quebec) ប្រទេស​កាណាដា កាលពី​ឆ្នាំ​២០០៨ កន្លង​ទៅ។

អង្គការ​យូណេស្កូ (UNESCO) បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ កាត់​ក្តី​ឲ្យ​កម្ពុជា​ឈ្នះ​ប្រទេស​ថៃ អស់​រយៈពេល ៤៦​ឆ្នាំ​កន្លង​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឈ្មោះ Royal du Cambodge ក្នុង​ឱកាស​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៩​ឆ្នាំ នៃ​ថ្ងៃ​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ឡើងវិញ និង​ខួប​ទី​៥៨​ឆ្នាំ​នៃ​ការប្រកាស​សាលក្រម​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ថា កម្ពុជា​បាន​ឈ្នះ​ក្តី​ទៅលើ​ការឈ្លានពាន និង​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​យោធា​ថៃ លើ​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​ជោគជ័យ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី ហាក់ដូចជា​កំពុង​ដាស់តឿន​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក​ឲ្យ​មាន​ស្មារតី​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ប្រទេស​ជាតិ​ធំៗ ដូចជា​បញ្ហា​បរទេស​ឈ្លានពាន​លើ​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់ ជាដើម ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​កម្ពុជា។

ពួកគេ​អះអាង​ថា ការ​លើកឡើង​របស់​ព្រះមហាក្សត្រ​ខ្មែរ​អំពី​ការ​រំឭក​ខួប​លើក​ទី​៥៩​ឆ្នាំ​នៃ​ការ​ឈ្នះ​ក្តី​លើ​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ ទំនង​ជា​ព្រះអង្គ​កំពុង​បង្ហាញ​ផ្លូវ​ឲ្យ​លោក ហ៊ុន សែន ថា​ត្រូវតែ​ប្តឹង​ប្រទេស​វៀតណាម ចំពោះ​ការឈ្លានពាន​របស់​ពួកគេ​លើ​កម្ពុជា ទៅ​តុលាការ​អន្តរជាតិ​ដូច​ករណី​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ កាលពី​ឆ្នាំ​១៩៦២ ដូច្នោះ​ដែរ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា ធ្លាប់​បាន​លើកឡើង​កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា មាន​តែ​នាំគ្នា​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ខ្លាំង​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​កម្ពុជា​គេច​ផុត​ពី​ការប្រមាថ​ពី​ជាតិសាសន៍​ដទៃ។ ជាង​នេះ​ទៀត ក៏​អាច​ទទួល​បាន​នូវ​វឌ្ឍនភាព និង​វិបុលភាព​ជាតិ ទាំង​បច្ចុប្បន្ន និង​អនាគត​ផង​ដែរ។

បណ្ឌិត គិន ភា បញ្ជាក់​ថា ដោយសារតែ​កម្ពុជា​ចេះតែ​កើត​មាន​វិបត្តិ​ផ្ទៃក្នុង​ដែល​បណ្តាល​ឲ្យ​បែកបាក់​សាមគ្គី​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កម្ពុជា​ដែល​ជា​ចក្រភព​ដ៏​ខ្លាំង​ពូកែ​មួយ ធ្លាក់​ខ្លួន​ជា​រដ្ឋ​ស្ថិត​ក្រោម​អាណានិគម​ផ្លាស់​វេន​នៃ​រដ្ឋ​ក្បែរ​ខាង ដែល​បណ្តាល​ឲ្យ​ទឹកដី​ជាច្រើន​ត្រូវ​គេ​រំលោភ​យក​ជាបន្តបន្ទាប់ ក្នុង​នោះ កម្ពុជា​បាន​បាត់បង់​ទឹកដី​រាប់​សិប​ខេត្ត​ទៅ​ប្រទេស​ថៃ និង​ដែនដី​កម្ពុជាក្រោម រួម​ទាំង​ក្រុង​ព្រៃនគរ​ផង បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម រហូត​ដល់​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា ដើម្បី​រក្សា​អធិបតេយ្យភាព ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹកដី កម្ពុជា​គ្មាន​ជម្រើស​ណា​ដែល​ល្អ​ជាង​ការ​អនុវត្ត​យន្តការ​អន្តរជាតិ​ស្របតាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ឲ្យ​ជួយ​រក​យុត្តិធម៌​ពី​ការ​រំលោភ​បំពាន​ពី​សំណាក់​បរទេស​ឈ្លានពាន​ជិតខាង ដូច​ករណី​កម្ពុជា បាន​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស