32.9 C
Phnom Penh

ក្រសួង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ នឹង​បន្ត​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ​ផ្សេង​ទៀត។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ ១​លាន ៧​សែន​នាក់​បាន​ទទួល​វ៉ាក់សាំង ហើយ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់ ឬ​ប៉ះពាល់​អាយុជីវិត​ដោយសារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 នោះ​ឡើយ។

អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង Covid-19 បាន​ថ្លែង​ឲ្យ​ដឹង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​បាន​ចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ ហើយ​មក​ទល់​ថ្ងៃ​ទី​៧ ខែ​កក្កដា អ្នក​ដែល​បាន​ស្ម័គ្រចិត្ត​មក​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​សរុប​ចំនួន​ជាង ២​លាន​នាក់ (២.១៥២.៥៩៥) ក្នុង​នោះ​មាន​ប្រមាណ ២​ម៉ឺន​នាក់​មិន​បាន​ចាក់​វ៉ាក់សាំង ដោយសារ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន។

អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង គឺ​ពលរដ្ឋ​បាន​មក​ចាក់​វ៉ាក់សាំង​លើស​ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ករណី​នេះ​បញ្ជាក់​ថា មាន​ពលរដ្ឋ​ធ្វើ​ដំណើរ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​មក​ចាក់​វ៉ាក់សាំង​នៅ​ភ្នំពេញ។

ទោះ​យ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ថា នៅ​ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ​នេះ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ចំនួន ២០​លាន​ដូស​ដូច​ដែល​រដ្ឋាភិបាល​បាន​កំណត់​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​នា​ពេល​កន្លង​មក។

ទាក់ទង​នឹង​ករណី​រីក​រាលដាល​នៃ​ជំងឺ Covid-19 គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា អ្នក​ស្លាប់​ដោយ​ជំងឺ Covid-19 កាលពី​ថ្ងៃ​ម្សិលមិញ មាន​ចំនួន ២៧​នាក់ និង​ករណី​ឆ្លង​ថ្មី​មាន​ចំនួន ៩៥៤​នាក់ ស្រប​ពេល​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន​ជាង ១​ពាន់​នាក់ (១០៤៦)។

បើ​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 សរុប​ចំនួន​ជិត ៦​ម៉ឺន​នាក់ (៥៨.០៥៧) ក្នុង​នោះ​អ្នក​ជំងឺ​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​ជាង ៥​ម៉ឺន​នាក់ (៥០.០២០) និង​អ្នក​ស្លាប់​សរុប ៨២៥​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស