27 C
Phnom Penh

សិល្បករ​ខ្មែរ៖ ប្រទេស​ជិតខាង​ដែល​កម្ពុជា​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​កម្ពុជា​ដែរ

បទវិភាគ

សិល្បករ​ជើងចាស់​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា លើកឡើង​ថា ប្រទេស​ជិតខាង​ដែល​កម្ពុជា​ដឹងគុណ និង​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ​នោះ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​យក​ទឹកដី ធនធាន​ធម្មជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាច្រើន​រហូត​ដល់​សព្វថ្ងៃ​នេះ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​ឆ្អែតឆ្អន់​នូវ​មហិច្ឆតា​របស់​ពួកគេ​នៅឡើយ​ទេ។

លោក សុះ ម៉ាច ដែល​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា មក​ទល់​នឹង​ពេល​នេះ បរទេស​ជិតខាង​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ដី ចង់​បាន​សម្បត្តិ​វប្បធម៌ និង​ផលប្រយោជន៍​របស់​ខ្មែរ និង​មិន​ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ដើម្បី​សុភមង្គល​របស់​ជាតិ​ឡើយ។

សិល្បករ​ជើងចាស់​រូប​នេះ​អះអាង​ថា បរទេស​ខាងកើត​សម្រួច​ចង្កូម​ចាំ​លេប​ត្របាក់​ដី បរទេស​ខាងលិច​អប្រិយ លេប​ទាំង​ដី និង​វប្បធម៌ ចំណែក​មហាយក្ស​ដ៏​ធំ​សម្បើម​មួយ​ទៀត​ព្យាយាម​អូស​ខ្មែរ​ឲ្យ​ជំពាក់​បំណុល​វ័ណ្ឌក ខណៈ​ខ្មែរ​ខ្លះ​កំពុងតែ​ឈ្លក់​វង្វេង និង​វិលវល់​អំពី​ការ​ជេរប្រមាថ​គ្នា លាប​ពណ៌ ក្បត់​ឧត្តមគតិ សម្ងំ​សុខ ព្រោះ​តែ​បុណ្យស័ក្តិ លាភសក្ការៈ លែង​ខ្វល់​ពី​ការ​ឯកភាពជាតិ និង​កិត្តិយស​ជាតិ​អ្វី​ទាំងអស់។

ការ​លើកឡើង​របស់​សិល្បករ​រូប​នេះ គឺ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិតខាង​គ្រប់​រូបភាព​ទាំង​ការ​លួច​ចម្លង​វប្បធម៌ អរិយធម៌ បង្ហូរ​ជនជាតិ​របស់​ខ្លួន​ចូល​កម្ពុជា និង​ការ​រំលោភ​បំពាន​ទឹកដី​ឥត​ឈប់ឈរ​តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ។

លោក សុះ ម៉ាច បញ្ជាក់​ថា លោក​សម្ដែង​នូវ​សេចក្តី​គោរព​ដឹងគុណ​បំផុត​ចំពោះ​គំរូ​វីរបុព្វបុរស​ដូនតា​កុលបុត្រ​កុលធីតា​ខ្មែរ​គ្រប់​ជំនាន់​ដែល​បាន​បូជា​លះបង់​ជីវិត​ដើម្បី​ការពារ​បូរណភាព​ទឹកដី សម្បត្តិ​វប្បធម៌​រហូតដល់​សព្វថ្ងៃ​នេះ ព្រោះ​ថា​ក្នុង​នាម​ជា​ខ្មែរ ត្រូវតែ​ចងចាំ​រឿង​ជាតិ ទឹកដី និង​សម្បត្តិ​វប្បធម៌​ដែល​កូនខ្មែរ​គ្រប់​គ្នា​ត្រូវតែ​ឈឺឆ្អាល និង​រក្សា​ការពារ​ឲ្យ​បាន​គង់វង្ស​បន្ត​ទៀត។

លោក​សង្កត់​ធ្ងន់​ថា ខ្មែរ​គួរតែ​រួបរួម​គ្នា​តម្កល់​រឿង​ជាតិ​ជា​ធំ ទើប​ចៀស​ផុត​ពី​ការប្រមាថ​មើលងាយ​ពី​ប្រទេស​ជិតខាង​ទាំងនោះ ហើយ​នឹង​ឆ្ពោះ​ទៅ​រក​សន្តិភាព និង​ភាព​ជឿនលឿន រុងរឿង​ពិតប្រាកដ​ដូច​បណ្តា​ប្រទេស​ដទៃ​លើ​សកលលោក។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ថា ការ​លើកឡើង​របស់​លោក សុះ ម៉ាច គឺជា​ការ​បង្ហាញ​នូវ​ទឹកចិត្ត​ដ៏​ធំធេង​ចំពោះ​ជាតិ​មាតុភូមិ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ឈឺឆ្អាល​បញ្ហា​ប្រទេស​ជាតិ បញ្ហា​ទឹកដី បញ្ហា​វប្បធម៌ គឺជា​តួនាទី​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប មិន​មែន​សម្រាប់​តែ​ក្រុម​ណាមួយ​នោះ​ទេ។

លោក​អះអាង​ថា បញ្ហា​ដែល​ខ្មែរ​កំពុង​ព្រួយ​ភ័យ​នៅ​ពេល​នេះ គឺ​ការ​រំលោភបំពាន​ពី​សំណាក់​បរទេស​ជិតខាង ជាពិសេស​ប្រទេស​វៀតណាម ដែល​កំពុងតែ​ឈ្លានពាន​ឥត​ឈប់ឈរ​ដើម្បី​កាន់កាប់​ទឹកដី​ខ្មែរ​ទៅ​ថ្ងៃ​មុខ ខណៈ​ពួកគេ​ព្យាយាម​បន្លំ​ប្រវត្តិសាស្ត្រ​យក​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់ ដូចជា​ការ​រំលោភ​យក​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ​ជាដើម។

លោក​បញ្ជាក់​ថា បញ្ហា​ដែល​គេ​មើល​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​សម្ដែង​ការ​ខ្វល់ខ្វាយ និង​ចេញ​មុខ​ប្រតិកម្ម​ពី​ការ​ចម្លង​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ គ្រាន់តែ​ជា​ការ​កេង​ចំណេញ​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ត្បិត​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ផ្សេង​ទៀត​របស់​ខ្មែរ ត្រូវ​បាន​ដាក់​ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ដែល​ទទួលស្គាល់ និង​ការពារ​ដោយ​អង្គការ​យូណេស្កូ រួច​ទៅ​ហើយ ដូច្នេះ​មិន​អាច​បរទេស​ណា​ឈ្លានពាន ឬ​បន្លំ​យក​បាន​នោះ​ទេ។

លោក ទូច វិបុល លើកឡើង​ទៀត​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​ខ្មែរ​ស្នេហា​ទឹកដី ស្នេហា​ជាតិ ពិត​ជា​សោកស្តាយ និង​ឈឺចាប់​បំផុត​នៅ​ពេល​ទឹកដី​ខ្លួន​ត្រូវ​វៀតណាម រំលោភ​ជាបន្តបន្ទាប់ ប៉ុន្តែ​ស្ថិត​ក្រោម​គំនាប​របស់​លោក ហ៊ុន សែន ពួកគេ​មិន​អាច​និយាយ​អ្វី​បាន​ទេ ក្រៅតែ​ពី​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោក​ថា​បើ​មន្ត្រី​ដែល​មាន​ឧត្តមគតិ​ជាតិ​ទាំងនោះ​នៅតែ​បន្ត​ធ្វើ​បែប​នេះ នោះ​កូន​ចៅ​របស់​ពួកគេ​នឹង​រស់​ជា​ជន​អន្តោប្រវេសន៍​លើ​ទឹកដី​ខ្លួន​នៅ​ថ្ងៃ​អនាគត​ជាមិនខាន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស