29 C
Phnom Penh

ប្រជា​សហគមន៍​ព្រៃព្រះរការ​បំបួស​ដើមឈើ​ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ

បទវិភាគ

ប្រជា​សហគមន៍​ជាង ១០០​នាក់ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​អបអរ​សាទរ​បុណ្យ​រុក្ខទិវា ៩ កក្កដា នៅ​ជុំវិញ​ព្រៃព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​០៩ កក្កដា។ យុទ្ធនាការ​នេះ​ក្នុង​គោលបំណង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​ដាំ​ដើមឈើ​ដើម្បី​ស្ដារ​ព្រៃ​ឡើងវិញ​ជាដើម។

ប្រជា​សហគមន៍​ទាំងនោះ​បាន​យក​ស្បង់​ចីវរ​បំបួស​ដើមឈើ​ធំៗ​ក្បែរ​ព្រៃព្រះរការ និង​លើក​បដា​សរសេរ​ពាក្យ​ស្លោក​ថា «ព្រៃឈើ​ជា​ប្រភព​សេដ្ឋកិច្ច​របស់​សហគមន៍ ព្រៃឈើ​ជា​អាយុជីវិត​របស់​សហគមន៍ និង​ព្រៃព្រះរការ ជា​បេះដូង​របស់​សហគមន៍» ជាដើម។

ប្រជា​សហគមន៍​ការពារ​ព្រៃព្រះរការ រស់នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដែល​ជា​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន បាន​ថ្លែង​ឲ្យ​ដឹង​ថា ពួកគេ​គ្មាន​ជំនឿ​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​បទល្មើស​ព្រៃឈើ​នៅតែ​កើត​មាន​ច្រើន ដោយ​គ្មាន​ការ​ទប់ស្កាត់​ច្បាស់លាស់។ ពលរដ្ឋ​សម្ដែង​ការ​សោកស្តាយ​ដែល​រដ្ឋាភិបាល​នៅ​តែ​គ្មាន​សមត្ថភាព​ការពារ​ព្រៃ​អភិរក្ស​ឱ្យ​បាន​គង់វង្ស ហើយ​មន្ត្រី​មួយ​ចំនួន​នៅតែ​ទទួល​ប្រយោជន៍​ពី​បទល្មើស​ព្រៃឈើ​តាមរយៈ​ការប្រព្រឹត្ត​អំពើ​ពុករលួយ។

ប្រជា​សហគមន៍​រស់នៅ​ខេត្ត​ព្រះវិហារ ក្នុង​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំក្សាន្ត នៃ​ខេត្ត​ព្រះវិហារ រស់នៅ​ជុំវិញ​ព្រៃព្រះរការ ប្ដេជ្ញា​ថា​នឹង​មើល​ថែ និង​ការពារ​ព្រៃ​អភិរក្ស​មួយ​នេះ​ឱ្យ​គង់វង្ស បើ​ទោះបីជា​រដ្ឋាភិបាល​រឹតត្បិត​សេរីភាព​ពួកគាត់​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​ក្តី។

សហគមន៍​អះអាង​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន នៅតែ​កើត​មាន​ច្រើន ធ្វើ​ឱ្យ​ព្រៃ​ការពារ​មួយ​នេះ​មិន​សល់​ដើមឈើ​ធំៗ​ទៀត​ទេ។ មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង ២​ឆ្នាំ​កន្លះ​ហើយ​ដែល​ក្រសួង​បរិស្ថាន​មិន​អនុញ្ញាត​ឱ្យ​ប្រជា​សហគមន៍ និង​ក្រុម​យុវជន​ចុះ​ល្បាត​ព្រៃ។ ប្រជា​សហ​សហគមន៍​ថា​ការ​រឹតត្បិត​នេះ ក៏​ជា​ការ​បើក​ដៃ​ឱ្យ​ជនល្មើស​បំផ្លាញ​ព្រៃឈើ​កាន់តែ​ខ្លាំង​ឡើង។

ព្រៃព្រះរការ មាន​ទំហំ​ជាង ៩​ម៉ឺន​ហិកតារ ស្ថិត​នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស