29 C
Phnom Penh

ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ជប៉ុន នឹង​ពុំ​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ផ្ទាល់​នោះ​ទេ

បទវិភាគ

គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក ក្រុង​តូក្យូ បាន​សម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ កក្កដា ថា ព្រឹត្តិការណ៍​អូឡាំពិក​ត្រូវតែ​ធ្វើឡើង​ទោះ​ជា​គ្មាន​អ្នក​ទស្សនា​ក៏ដោយ ខណៈ​ទីក្រុង​នេះ​ឈាន​ដល់​ស្ថានភាព​គ្រាអាសន្ន​លើក​ទី​៤ នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

បន្ទាប់ពី​បាន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​នោះ គឺ​គណៈកម្មាធិការ​រៀបចំ​បាន​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​នៅ​ក្រុង​កាណាហ្គាវ៉ា Saitama និង​ក្រុង Chiba ដោយ​បាន​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​ដោយ​មិន​ចាំបាច់​ឱ្យ​មាន​ការ​ចូល​ទស្សនា​ឡើយ។

ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ ត្រូវ​បាន​ពន្យារពេល​មួយ​ឆ្នាំ​ដោយសារ​ការ​រាតត្បាត​កូវីដ-១៩ តែ​ឥឡូវ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ចូល​ទស្សនា​ក្នុង​ពិធី​បើក​ក៏ដោយ ហើយ​សូម្បី​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ក៏ដោយ ក៏​ពួកគេ​អាច​មើល​ព្រឹត្តិការណ៍​លើ​កញ្ចក់​ទូរទស្សន៍​តាម​ផ្ទះ ឬ​ក៏​ត្រូវ​កំណត់​ចំនួន​ឱ្យ​ចូល​ទស្សនា​ដែរ។

ចំពោះ​ពហុកីឡាដ្ឋាន​នៅ​ក្នុង​ក្រុង Fukushima, Miyagi និង Shizuoka នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នក​ទស្សនា​រហូត​បាន​ត្រឹមតែ ១​ម៉ឺន​នាក់​ប៉ុណ្ណោះ។

ដោយឡែក​ពហុកីឡាដ្ឋាន​នៅ​ក្រុង Ibaraki នឹង​អនុញ្ញាត​ឱ្យ​តែ​កុមារ​ចូលរួម​តែប៉ុណ្ណោះ។ អាជ្ញាធរ Sapporo ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ម៉ារ៉ាតុង នៅ​មិនទាន់​សម្រេច​ចិត្ត​អំពី​ការ​បើក​ឱ្យ​មាន​អ្នក​ទស្សនា​នៅឡើយ​ទេ។

ប្រធាន​រៀបចំ​ព្រឹត្តិការណ៍​ក្រុង​តូក្យូ ឆ្នាំ​២០២០ លោក Seiko Hashimoto បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក​ពិតជា​សោកស្តាយ​ចំពោះ​ប្រជាជន​ទាំងអស់​ដែល​ខកចិត្ត​ដោយ​មិន​ត្រូវ​បាន​ឱ្យ​ចូល​ទស្សនា។ លោក​សង្ឃឹម​ថា ពលរដ្ឋ​នឹង​យល់​ពី​ជម្រើស​ដ៏​លំបាក​ដែល​ក្រុង​តូក្យូ​កំពុង​ជួប​ផលវិបាក។

សារព័ត៌មាន Nikkei Asia បាន​រាយការណ៍​ថា អ្នក​រៀបចំ​ការ​ប្រកួត​បាន​សម្រេច​ចិត្ត​ដូចនេះ គឺ​រហូត​ពេល​យប់​បន្ទាប់ពី​បាន​ប្រជុំ​រយៈពេល ៥​ដង​ជាមួយ​រដ្ឋាភិបាល និង​អាជ្ញាធរ​ក្រុង​តូក្យូ ហើយ​ការ​សម្រេច​ដូចនេះ ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga បាន​ប្រកាស​អំពី​វិធានការ​បន្ទាន់​សម្រាប់​ទីក្រុង​តូក្យូ ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ គឺ​មាន​រយៈពេល​រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​សីហា គឺ​មាន​ន័យ​ថា វិធានការ​នេះ​បិទ​បញ្ចប់​មុន ២​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ សីហា។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ លោក Thomas Bach និយាយ​ថា អ្នក​រៀបចំ​កម្មវិធី​មាន​សិទ្ធិ​ចំពោះ​លទ្ធភាព​នៃ​ការ​មិន​ឲ្យ​មាន​ការ​ទស្សនា​ដោយ​ផ្ទាល់ គឺ​ដោយសារតែ​បារម្ភ​អំពី​ស្ថានភាព​ឆ្លង​កូវីដ​ជាមួយ​នឹង​ការ​ប្រព្រឹត្ត​ទៅ​របស់​កីឡាករ​ប្រកួត​ដោយ​សុវត្ថិភាព។

ចំពោះ​សហរដ្ឋ​អាមេរិក​វិញ ស្ត្រី​ទី​១​របស់​ប្រធានាធិបតី បៃដិន គឺ​លោកស្រី Jill Biden ក៏​នឹង​ចូល​ទស្សនា​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​ដែរ។ សេតវិមាន​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ត្រូវ​មាន​វិធានការ​សមស្រប​ចំពោះ​សុវត្ថិភាព​សុខភាព​របស់​កីឡាករ និង​ភ្ញៀវ​កិត្តិយស។

កាលពី​ឆ្នាំ​២០២០ អ្នក​រៀបចំ​ព្រឹត្តិការណ៍​បាន​សម្រេច​ចិត្ត​ដាក់​អ្នក​ទស្សនា​ចំនួន ១​ម៉ឺន​នាក់​នៅ​តាម​កន្លែង​ធំៗ និង​ហាមឃាត់​ការ​លក់​គ្រឿងស្រវឹង​ចំ​ពេល​ព្រឹត្តិការណ៍​កំពុង​ប្រព្រឹត្ត​ទៅ។

ដើម្បី​បង្កើត​នូវ​ព្រឹត្តិការណ៍​នេះ គណៈកម្មាធិការ​រៀបចំ និង​អ្នក​ឧបត្ថម្ភ​នៃ​ក្រុម​សាជីវកម្ម​ជប៉ុន​ចំនួន ៦៨​ក្រុមហ៊ុន​ដែល​បាន​បញ្ចេញ​សាច់ប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ប្រកួត​នេះ បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​អ្នក​ទស្សនា​ក្នុង​ប្រទេស នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា តែ​ពេលនេះ ពួកគេ​អាច​នឹង​ខក​បំណង។

នៅ​ពេល​ចោទ​សួរ​ដោយ​អ្នក​សារព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ធំ​បែប​នេះ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga បាន​និយាយ​ថា ព្រឹត្តិការណ៍​អូឡាំពិក​សម្រាប់​ឆ្នាំ​នេះ ធ្វើឡើង​ដើម្បី​បំពេញ​ឲ្យ​បាន​លក្ខខណ្ឌ​នៃ​រដូវកាល​របស់​ព្រឹត្តិការណ៍​នេះ ដែល​ចាំបាច់​ត្រូវ​រឹត​បន្តឹង​អ្នក​ចូល​ទស្សនា។

តែ​យ៉ាងណា ការ​ផ្ដល់​ឱកាស​ឱ្យ​មាន​ព្រឹត្តិការណ៍​អូឡាំពិក​ធ្វើឡើង​តាម​ការ​ឱ្យ​យោបល់​ពី​ក្រុមប្រឹក្សា និង​អ្នកជំនាញ​ផ្នែក​សុខភាព​ប្រឆាំង​នឹង​ជំងឺ​កូវីដ ដែល​ថា​ព្រឹត្តិការណ៍​អាច​ប្រព្រឹត្ត​ទៅ​បាន​ក្នុង​កម្រិត​រឹតត្បិត​ការ​ចូល​ទស្សនា ឬ​មិន​ចាំបាច់​ឱ្យ​មាន​អ្នក​ទស្សនា​ចូល​មើល​ផ្ទាល់​នោះ​ទេ។

សម្រាប់​ទីក្រុង​តូក្យូ ដែល​មាន​ប្រជាជន ១៤​លាន​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិតនៅ​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្ន ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ​នេះ ៤​លើក​មក​ហើយ ខណៈ​ការ​លើក​ពេល​ព្រឹត្តិការណ៍​អូឡាំពិក​អន្តរជាតិ​ក៏​បាន​លើក​ពេល​មួយ​ឆ្នាំ​មក​ហើយ​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស