32 C
Phnom Penh

បទល្មើស​ព្រៃឈើ​កើត​មាន​ពេញ​បន្ទុក​នៅ​ខេត្ត​ព្រះវិហារ និង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​ព្រះវិហារ អះអាង​ថា បច្ចុប្បន្ន​នេះ​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ឈើ​ប្រភេទ​លេខ​១ រួម​មាន​ឈើ​សុក្រំ និង​ឈ្លីក ជាដើម ចេញពី​ចំណុច​ភូមិ​សុច និង​ភូមិ​តាសែង ក្នុង​ឃុំ​រណសិរ្ស ស្រុក​សង្គមថ្មី នៃ​ខេត្ត​ព្រះវិហារ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​មាន​ការ​បង្ក្រាប​នោះ​ទេ។

ពលរដ្ឋ​អះអាង​ថា បទល្មើស​ព្រៃឈើ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​គោលដៅ​ឆ្លងកាត់​នីមួយៗ រួម​មាន កម្លាំង​កងរាជ​អាវុធហត្ថ នគរបាល និង​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ត្រង់​ចំណុច​ខ្នាថ្មី ជាប់​ព្រំប្រទល់​ស្រុក​សង្គមថ្មី និង​ស្រុក​ប្រាសាទបល្ល័ង្គ ជាដើម មិន​មាន​វិធានការ​បង្ក្រាប​ទេ ដោយ​ទុក​បណ្តោយ​ឲ្យ​រថយន្ត​ដឹក​ឈើ​ទាំងនោះ​ធ្វើ​សកម្មភាព​ដោយ​រលូន។

ពលរដ្ឋ​ស្រុក​សង្គមថ្មី បាន​ចោទ​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ខ្លះ​ដែល​ឈរ​ជើង​ប្រចាំការ​នៅ​ព្រំប្រទល់​ស្រុក​សង្គមថ្មី និង​ស្រុក​ប្រាសាទបល្ល័ង្គ ថា​ជា​អ្នក​បើកដៃ​ឲ្យ​រថយន្ត​ដឹក​ឈើ​ប្រណិតៗ​ទាំងនោះ​ឆ្លងកាត់​ជា​ថ្នូរ​នឹង​សំណូក​ពុករលួយ​ពី​ឈ្មួញ​ឈើ​ទាំងនោះ។ ប៉ុន្តែ​ចំពោះ​ពលរដ្ឋ​ទិញ​ឈើ​បន្តិចបន្តួច​យក​ទៅ​ជួសជុល​ផ្ទះ ឬ​សង់​ផ្ទះ​រស់នៅ​ជា​លក្ខណៈ​គ្រួសារ​វិញ គឺ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​គោលដៅ​នីមួយៗ​ចាប់​ផាក​ពិន័យ​ដោយ​មិន​លើកលែង​ទេ។

ប្រជាពលរដ្ឋ​អះអាង​ថា​ក្បួន​រថយន្ត​សេរី​ទំនើបៗ​ដែល​ដឹក​ឈើ​ប្រណិតៗ​ចេញពី​ភូមិសាស្ត្រ​ស្រុក​សង្គមថ្មី នៃ​ខេត្ត​ព្រះវិហារ នាំ​ចេញ​ទៅតាម​បណ្តា​រាជធានី​ខេត្ត​មួយ​ចំនួន គឺ​មេ​ឈ្មួញ​ឈើ​ល្មើស​ឈ្មោះ ភ័ក្រ បាន​ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​តាម​រថយន្ត​សេរី​ទំនើបៗ រួម​មាន​រថយន្ត​ម៉ាក​ធុនត្រា (Tundra) ស៊ីណា (Seinna) ម៉ាស្តា (Mazda) និង​ហ្វ័ត (Ford) ពណ៌​ត្រេអ៊ី ជាដើម ដោយ​ភាគច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ខណៈ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ ជាប់​មមាញឹក​ជាប់ដៃ​លើ​ការងារ​ចុះ​ទប់ស្កាត់​ជំងឺ Covid-19។

ពលរដ្ឋ​ចោទ​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណិតៗ​រាល់​ថ្ងៃ​នេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក យា សាវង្ស ប្រធាន​ទីស្នាក់ការ​បរិស្ថាន​ខ្នាថ្មី តាសែង ដែល​មាន​ព្រំប្រទល់​ជាប់​ស្រុក​សង្គមថ្មី និង​ស្រុក​ប្រាសាទបល្ល័ង្គ។ ជាង​នេះ​ទៀត បទល្មើស​ព្រៃឈើ​នេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក មឿង សំផុន នាយក​ភ្នំត្បែង និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​សង្គមថ្មី កម្លាំង​អាវុធហត្ថ និង​មន្ត្រី​នគរបាល​ដែល​ប្រចាំការ​នៅ​តាម​គោលដៅ​នីមួយៗ​ផង​ដែរ។

ប្រភព​បញ្ជាក់​ថា បទល្មើស​ព្រៃឈើ​នេះ ត្រូវ​ឈ្មួញ​ឈើ​ឈ្មោះ ភ័ក្រ បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ឡើង​ទៅ​កាប់​នៅ​លើ​កំពូល​ភ្នំត្បែង ហើយ​ឈ្មួញ​រូប​នេះ​ជា​អ្នក​រង់ចាំ​ប្រមូល​ទិញ​ឈើ​ប្រណិតៗ​ទាំងនោះ​យក​ទាំងអស់ រួច​ដឹក​ចេញ​ទៅ​លក់​នៅ​ក្រៅ​ខេត្ត​ព្រះវិហារ។

សមត្ថកិច្ច​មួយ​ចំនួន​ដែល​ទំនង​ជា​មិន​ទទួល​បាន​លាភសក្ការៈ​ពី​ឈ្មួញ​ឈើ បាន​ឲ្យ​ដឹង​ដែរ​ថា រាល់​ថ្ងៃ​នេះ​ឈ្មួញ​ឈើ​ឈ្មោះ ភ័ក្រ មាន​រថយន្ត​សម្រាប់​ដឹក​ឈើ​ចេញពី​មូលដ្ឋាន​ខេត្ត​ព្រះវិហារ មិន​តិច​ជាង ១០​គ្រឿង​ទេ ដោយ​សម្រុក​ដឹក​ឈើ​ទាំង​យប់​ថ្ងៃ​ចេញពី​ស្រុក​សង្គមថ្មី នៃ​ខេត្ត​ព្រះវិហារ ព្រោះ​ឈ្មួញ​ឈើ​បាន​បង់​លុយ​ជូន​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ដែល​ប្រចាំការ​នៅ​តាម​គោលដៅ​ឆ្លងកាត់​នីមួយៗ​រួចជាស្រេច។

អភិបាល​ស្រុក​សង្គមថ្មី លោក ជុំ ពុយ បាន​ឲ្យ​កាសែត​ក្នុង​ស្រុក​ដឹង​ថា មិន​បាន​ដឹង​ជុំវិញ​បទល្មើស​នាំ​ឈើ​ប្រណិត​ចេញពី​មូលដ្ឋាន​នេះ​ទេ ហើយ​រូប​លោក​ក៏​បាន​ថ្លែង​អំណរគុណ​អ្នក​សារព័ត៌មាន ដែល​បាន​ផ្តល់​ដំណឹង​នៃ​បទល្មើស​ព្រៃឈើ​ខាងលើ​នេះ ដើម្បី​ឈាន​ទៅ​មាន​វិធានការ​ផ្លូវច្បាប់​បន្ត។

ចំណែក​លោក សុង ច័ន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ក៏​បាន​ឆ្លើយ​ឲ្យ​រួច​ពី​មាត់​ទៅ​អ្នក​សារព័ត៌មាន​ថា មិន​បាន​ដឹង​អំពី​បទល្មើស​កាប់​ឈើ​នៅ​លើ​កំពូល​ភ្នំត្បែង ដែល​កំពុង​ធ្វើ​សកម្មភាព​រាល់​ថ្ងៃ​នេះ​ទេ ព្រោះ​មន្ត្រី​ក្រោម​ឱវាទ​មិន​បាន​រាយការណ៍​មក​រូប​លោក​ឡើយ ហើយ​ករណី​នេះ រូប​លោក​នឹង​សួរនាំ​មន្ត្រី​ប្រចាំការ​នៅ​គោលដៅ​ដែល​កើត​មាន​បទល្មើស​ទាំងនោះ​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន។

យ៉ាងនេះ​ក្តី ពលរដ្ឋ​រស់នៅ​ស្រុក​សង្គមថ្មី បាន​ស្នើ​ដល់​លោក​អភិបាល​ខេត្ត​ព្រះវិហារ ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ធ្វើ​សកម្មភាព​នៅ​លើ​ភ្នំត្បែង​ឲ្យ​បាន​ឆាប់ និង​ត្រូវ​នាំ​ខ្លួន​ឈ្មួញ​ឈើ​ឈ្មោះ ភ័ក្រ និង​មន្ត្រី​ស្ថាប័ន​ខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​មូលដ្ឋាន​នេះ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជាធរមាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស