33 C
Phnom Penh

សព​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥០​សាកសព​ទៀត​នៅ​រាជធានី​ភ្នំពេញ​មិនទាន់​ត្រូវ​បាន​បូជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​រាជធានី​ភ្នំពេញ អះអាង​ថា សាកសព​អ្នកជំងឺ​កូវីដ-១៩ ដែល​មិនទាន់​យក​ទៅ​បូជា​មាន​ចំនួន ៥០​នាក់​ទៀត ដោយ​បច្ចុប្បន្ន​សព​ទាំងនោះ​នៅ​ក្នុង​ទូក្លាសេ​សព ខណៈ​អាជ្ញាធរ​គ្រោង​នឹង​ឱ្យ​គ្រួសារ​យក​សព​អ្នក​ស្លាប់​ដោយ​កូវីដ​ទៅ​បូជា​ដោយ​ខ្លួនឯង។

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ លើកឡើង​ថា បច្ចុប្បន្ន សាកសព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ នៅ​សល់​ប្រមាណ​ជា ៥០​សាកសព​ទៀត​កំពុង​ទុក​នៅ​ក្នុង​ទូក្លាសេ​សព ខណៈ​កន្លែង​បូជា​សព​អ្នកជំងឺ​កូវីដ​នៅ​ខេត្ត​កំពង់ស្ពឺ មិនទាន់​មាន​មធ្យោបាយ​ក្នុង​ការ​ដឹកជញ្ជូន​សព​យក​ទៅ​បូជា​នៅឡើយ។

លោក​បន្ត​ថា អាជ្ញាធរ​បាន​យក​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ ទៅ​បូជា​នៅ​វត្ត​ចំនួន​៣ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​វត្ត​ទឹកថ្លា វត្ត​ឫស្សីសាញ់ និង​វត្ត​មួយ​ទៀត​នៅ​ខណ្ឌ​ព្រែកព្នៅ។

លើស​ពី​នេះ​ទៅ​ទៀត អាជ្ញាធរ​គ្រោង​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​អ្នក​ស្លាប់​ដោយ​កូវីដ-១៩ អាច​យក​សព​ទៅ​បូជា ឬ​បញ្ចុះ​ដោយ​ខ្លួនឯង ប៉ុន្តែ​គ្រួសារ​សព​ត្រូវ​អនុវត្ត និង​គោរព​តាម​ការណែនាំ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​សុខាភិបាល ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ទៅកាន់​អ្នក​ដទៃ​ក្នុង​ពេល​បូជា។

លោក កើត ឆែ បន្ត​ថា ការ​ឱ្យ​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​យក​សព​ទៅ​បូជា​ដោយ​ខ្លួនឯង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ឯកភាព​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​ហើយ​ដែរ។

កាលពី​ខែ​មីនា ឆ្នាំ​២០២១ រដ្ឋាភិបាល​ផ្ដល់​ដី​នៅ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ឱ្យ​រៀបចំ​សម្រាប់​ដុត​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​គិត​ដល់​ពេលនេះ ទីកន្លែង​បូជា​សព​នោះ​ពុំ​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ រួម​ទាំង​អគារ​សម្រាប់​ដាក់​សព​ទៀត​ផង។

កាលពី​ថ្ងៃ​ទី​១ ដើម​ខែ​កក្កដា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​ធ្វើ​ជា​ក្តារមឈូស​ដើម្បី​ដាក់​សាកសព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា ខណៈ​ចំនួន​អ្នក​ស្លាប់​មិន​ថយ​ចុះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស