34 C
Phnom Penh

វៀតណាម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​អាមេរិក​នៅ​ក្រុង​ហូជីមិញ ហើយ​មេដឹកនាំ​ប្រទេស​នេះ​អរគុណ​អាមេរិក

បទវិភាគ

វ៉ាក់សាំង​របស់​អាមេរិក​ចំនួន ២​លាន​ដូស​ដែល​បាន​ទៅដល់​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១០ កក្កដា ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ទៅលើ​ប្រជាជន​វៀតណាម នៅ​តាម​បណ្ដា​ទីប្រជុំជន​ធំៗ ជាពិសេស​នៅ​ទីក្រុង​ហូជីមិញ ដែល​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ។

នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh និយាយ​ថា គ្រប់​ទីប្រជុំជន​គឺជា​អាទិភាព​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង ហើយ​យុទ្ធនាការ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១០ កក្កដា នេះ គឺ​ត្រូវតែ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព។

ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ទៅ គឺជា​អាទិភាព​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង តែ​លោក​បញ្ជាក់​ថា ទីក្រុង​ហូជីមិញ គឺជា​ភូមិសាស្ត្រ​អាទិភាព​ជាងគេ ព្រោះ​ស្ថានភាព​កូវីដ​កំពុង​ធ្ងន់ធ្ងរ។ តែ​បែប​ណា រដ្ឋាភិបាល​របស់​លោក Pham Minh Chinh ដែល​បាន​សុំ​រដ្ឋការ​លោក ចូ បៃដិន ឆាប់​បញ្ជូន​វ៉ាក់សាំង​ឱ្យ​លឿន​បំផុត​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​វៀតណាម គឺ​ទីក្រុង​វ៉ាស៊ីនតោន ចាត់ទុក​ជា​អាទិភាព។

ក្នុង​ន័យ​នេះ លោក​ក៏​បាន​អរគុណ​រដ្ឋាភិបាល​លោក បៃដិន ដែល​បាន​ផ្ដល់​វ៉ាក់សាំង​ឱ្យ​វៀតណាម​ទាន់​ពេលវេលា។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters វ៉ាក់សាំង​របស់​អាមេរិក​ចំនួន ២​លាន​ដូស​នេះ បាន​មក​ដល់​វៀតណាម​តាមរយៈ​កម្មវិធី​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក Covax។ ប៉ុន្តែ​នេះ​ជា​ផ្នែក​មួយ​នៃ​ជំនួយ ៨០​លាន​ដូស​ដំបូង​របស់​រដ្ឋការ​លោក បៃដិន ដែល​ត្រូវ​ផ្ដល់​ឱ្យ​ប្រទេស​ក្រីក្រ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​វៀតណាម គឺ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩​ខ្លាំង​នៅ​ក្នុង​ប្រទេស​នេះ ចាប់តាំង​ពី​ខែ​មេសា ឆ្នាំ​២០២១ ដែល​ជា​រលក​ថ្មី​ចុងក្រោយ។ ប្រជាជន​វៀតណាម មាន​ជាង ៩៨​លាន​នាក់ ក្នុង​នោះ​ឆ្លង​ជំងឺ​កូវីដ ២៩៨៩២​នាក់ ស្លាប់ ១២៣​នាក់ និង​ជាសះស្បើយ ៩២៧៥​នាក់។ តែ​ចំនួន​នេះ​តិច​ជាង​ការ​ឆ្លង​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាជន​ជាង ១៦​លាន ៥​សែន​នាក់ ក្នុង​នោះ​ឆ្លង​ជំងឺ​កូវីដ ៦១៨៧០​នាក់ និង ៥៣៤៧៧​នាក់​ជាសះស្បើយ ហើយ​ស្លាប់​ចំនួន ៩២៥​នាក់។

កម្ពុជា បាន​ទទួល​វ៉ាក់សាំង​ច្រើន​បំផុត​ពី​ប្រទេស​ចិន ដែល​ជា​មហាមិត្ត​ដែកថែប​ចំនួន ១០​លាន​ដូស​ជា​អាទិភាព ហើយ​ពលរដ្ឋ​ដែល​ត្រូវ​ទទួល​វ៉ាក់សាំង គឺ​ភាគច្រើន​ជិត ៥០% បាន​ចាក់​វ៉ាក់សាំង​ទាំង​លើក​ទី​១ និង​លើក​ទី​២ នៃ​វ៉ាក់សាំង​ចិន ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់។

ចំណែក​នៅ​ប្រទេស​វៀតណាម​វិញ ទទួល​បាន​ជំនួយ​វ៉ាក់សាំង ៨​លាន​ដូស​ស្ថិត​នៅ​ក្រោម​កម្មវិធី​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក Covax។

នៅ​វៀតណាម ដោយសារ​ការ​ឆ្លង​កូវីដ​បាន​កើន​ឡើង​ខ្លាំង​វិញ ហើយ​រដ្ឋាភិបាល​បាន​សម្រេច​ចេញ​បទបញ្ជា​ឲ្យ​បិទ​ខ្ទប់​ទីក្រុង​ហូជីមិញ ដែល​មាន​ប្រជាជន​ប្រមាណ ៩​លាន​នាក់។

ចាប់ពី​ថ្ងៃ​សុក្រ ទី​៩ កក្កដា មក ប្រជាជន​ចំនួន​ប្រមាណ ៩​លាន​នាក់​ដែល​រស់នៅ​ក្នុង​ទីក្រុង​ហូជីមិញ នឹង​ត្រូវ​អាជ្ញាធរ​តម្រូវ​ឲ្យ​ស្នាក់​នៅតែ​ក្នុង​ផ្ទះ​រយៈពេល​ពីរ​សប្តាហ៍។ វិធានការ​នេះ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម បាន​កត់ត្រា​តួលេខ​ឆ្លង​កូវីដ​ចំនួន ៨​ពាន់​ករណី​នៅ​ទីក្រុង​ហូជីមិញ នៃ​រលក​ឆ្លង​កូវីដ​ដំណាក់កាល​ឆ្លង​ថ្មី​នេះ។

ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់ អ្នក​ក្រុង​ហូជីមិញ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ផ្ទះ​តែ​ក្នុង​ករណី​ចាំបាច់​ដូចជា ទិញ​អាហារ ឬ​ថ្នាំសង្កូវ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ពុធ ទី​៧ កក្កដា ជា​ថ្ងៃ​ដែល​អភិបាល​ក្រុង​ហូជីមិញ ប្រកាស​បិទ​ខ្ទប់​ក្រុង គេ​សង្កេត​ឃើញ​ប្រជាជន​វៀតណាម ភ័យ​ស្លន់ស្លោ​សម្រុក​ចេញ​ទៅ​ទិញ​ទំនិញ​ស្បៀងអាហារ​បម្រុង​ទុក ខណៈ​ផ្សារ​លក់​ដុំ​ធំៗ​ចំនួន​៣ ត្រូវ​បាន​បិទ​ទ្វារ។

វៀតណាម ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ប្រទេស​គំរូ​មួយ​ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​កូវីដ តាមរយៈ​ការពិនិត្យ តាមដាន និង​ការ​ចាត់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​យ៉ាង​ម៉ត់ចត់។

រដ្ឋាភិបាល​វៀតណាម កំពុង​ព្យាយាម​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ដោយ​ខ្លួនឯង​ផ្ទាល់ ហើយ​ក៏​បាន​បញ្ជា​ទិញ​ផង​ដែរ​វ៉ាក់សាំង​រាប់​លាន​ដូស​ពី​បរទេស តែ​លើកលែង​វ៉ាក់សាំង​ផលិត​ពី​ប្រទេស​ចិន ដែល​ប្រទេស​នេះ​មិនព្រម​ទិញ​ជាដាច់ខាត។

សម្រាប់​វៀតណាម ដែល​ទទួល​បាន​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក គឺជា​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្លាំង និង​មាន​សុវត្ថិភាព គឺជា​ប្រទេស​អាទិភាព​មួយ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​នឹង​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ផង​ដែរ ដែល​បាន​ទទួល​វ៉ាក់សាំង​ពី​អាមេរិក​កាលពី​ក្នុង​សប្ដាហ៍​នេះ។

ប្រទេស​ឥណ្ឌូនេស៊ី ទទួល​បាន​វ៉ាក់សាំង Moderna ចំនួន ៤​លាន​ដូស ហើយ​ម៉ាឡេស៊ី ទទួល​បាន​វ៉ាក់សាំង​នេះ ១​លាន​ដូស។

សម្រាប់​ប្រទេស​នៃ​សមាគម​អាស៊ាន​ផ្សេងៗ​ទៀត ក៏​កំពុង​រង់ចាំ​ទទួល​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ ទោះ​ជា​ប្រទេស​ទាំងនោះ​ទទួល​បាន​វ៉ាក់សាំង​ពី​ប្រទេស​ចិន ក៏ដោយ។ ដោយឡែក​ប្រទេស​កម្ពុជា គឺ​រដ្ឋាភិបាល​ប្រទេស​នេះ​នៅ​មិនទាន់​ឮ​ថា​សុំ​វ៉ាក់សាំង​ពី​អាមេរិក​នោះ​ទេ ខណៈ​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ចិន ចាក់​ទៅលើ​ប្រជាជន​នៅ​ទូទាំង​ប្រទេស។

ប៉ុន្តែ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ប្រទេស​កម្ពុជា ក៏​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ។ រដ្ឋការ​លោក បៃដិន ប្រកាស​ថា ជំនួយ​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក ទៅលើ​ប្រទេស​ណា​ទាំងអស់ គឺ​មិនមែន​ជា​អន្ទាក់​ក្នុង​ផលប្រយោជន៍​នយោបាយ​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស