31 C
Phnom Penh

ជប៉ុន​ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ប្រមាណ ១​លាន​ដូស​ដល់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ជប៉ុន ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ដល់​កម្ពុជា​ប្រមាណ ១​លាន​ដូស ស្ថិត​ក្នុង​ចំណង​មិត្តភាព​កម្ពុជា-ជប៉ុន ដោយ​ផ្អែកលើ​ស្ថានភាព Covid-19 នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ធូរស្រាល។

ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បាន​ចេញ​លិខិត​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ទៅដល់​កម្ពុជា​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ ហើយ​ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង​ផង​ដែរ។

លោក​អះអាង​ថា ក្នុង​ពេល​ដែល​ប្រឈមមុខ​នឹង​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 បំប្លែង​ថ្មី​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នេះ ការ​ចាក់​វ៉ាក់សាំង និង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល គឺជា​កត្តា​សំខាន់​បំផុត​សម្រាប់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ​ជប៉ុន​នឹង​បន្ត​កិច្ច​សហការ និង​ធ្វើ​ការ​រួមគ្នា​ជាមួយ​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ដែល​ជា​បញ្ហា​របស់​ពិភពលោក។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បញ្ជាក់​ថា មកទល់​ពេល​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ស្មើ​នឹង​ទឹកប្រាក់​សរុប​ជាង ៥០​លាន​ដុល្លារ​អាមេរិក​ហើយ​ដល់​កម្ពុជា រួម​មាន​ការ​ផ្ដល់​បរិក្ខារ​ពេទ្យ ការ​កែលំអ​មន្ទីរពេទ្យ ការ​គាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​សម្រាប់​វិធានការ​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​តាម​ព្រំដែន ក៏ដូចជា​ការ​ផ្ដល់​បរិក្ខារ​សម្រាប់​ដឹកជញ្ជូន និង​រក្សា​ទុក​វ៉ាក់សាំង​ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម។

ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro)

ក្រៅពី​នេះ រដ្ឋាភិបាល​ជប៉ុន ក៏​បាន​ផ្តល់​ជា​កម្ចី​ប្រមាណ ២២៧​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ Covid-19 និង​សម្រាប់​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​កម្ពុជា​ថែមទៀត។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា លោក​សម្ដែង​នូវ​ការ​អបអរ​សាទរ​ដែល​កម្ពុជា ទទួល​បាន​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ពី​ប្រទេស​ជប៉ុន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នៅ​ពេល​នេះ។

លោក​អះអាង​ថា ស្រប​ពេល​ដែល​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង AstraZeneca មាន​ចំនួន​ច្រើន​បែប​នេះ កម្ពុជា​គួរតែ​សិក្សា​ពី​បទពិសោធន៍​ប្រទេស​ផ្សេងៗ​ពី​លទ្ធភាព​នៃ​វ៉ាក់សាំង ២​ប្រភេទ​បញ្ចូល​គ្នា ថា​តើ​ពួកគេ​បាន​បង្ហាញ​លទ្ធផល​បែប​ណា។

បន្ថែម​ពី​នេះ កម្ពុជា​គួរតែ​ធ្វើ​ការសាកល្បង​ក្នុង​កម្រិត​ណាមួយ​អំពី​ការ​បញ្ចូល​វ៉ាក់សាំង ២​ប្រភេទ​ផ្សេង​គ្នា​ឲ្យ​ទៅ​ជា​វ៉ាក់សាំង​ប្រភេទ​តែ​មួយ ដើម្បី​ធ្វើ​ការ​ពិសោធ​ថា តើ​វា​នឹង​ផ្តល់​ភាព​វិជ្ជមាន ឬ​អវិជ្ជមាន​ប្រសិទ្ធភាព និង​គ្មាន​ប្រសិទ្ធភាព​ក្នុង​កម្រិត​ណា​ផង​ដែរ។

លោក​បញ្ជាក់​ថា ក្រៅពី​ការ​ដាក់​វ៉ាក់សាំង​ប្រភេទ​ខុសគ្នា​ឲ្យ​ទៅ​ជា​វ៉ាក់សាំង​ប្រភេទ​តែ​មួយ រដ្ឋាភិបាល​កម្ពុជា​គួរតែ​សិក្សា​ឲ្យ​ដឹង​ផង​ដែរ​ថា វ៉ាក់សាំង​ដែល​ខ្លួន​បាន​ប្រើ​កន្លងមក​រវាង Sinovac, Sinopharm និង AstraZeneca នេះ មាន​ប្រសិទ្ធភាព​លើស​គ្នា​កម្រិត​ណា ព្រោះ​ថា​ក្រសួង​សុខាភិបាល មិន​ដែល​បាន​ប្រកាស​ពី​ប្រសិទ្ធភាព​បែប​នេះ​នៅឡើយ​ទេ បើ​ទោះបីជា​ខ្លួន​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​នោះ។

កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល បាន​អះអាង​ថា ខ្លួន​បាន​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ៤​លាន ៩​សែន​នាក់​ហើយ ដែល​ស្មើ​នឹង ៤៩,៩៧% ដោយ​គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា ខ្លួន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៨៣០​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ១០១២​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ២៨​នាក់​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៦​ម៉ឺន ២​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៥​ម៉ឺន ៤​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ៩៥៣​នាក់​ហើយ​នៅ​ពេល​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស