34 C
Phnom Penh

អ្នកឃ្លាំមើល​សង្គម​ថា​ការ​ស្នើ​ឲ្យ​ដក​ចេញ​អនុក្រឹត្យ​កាតព្វកិច្ច​វ៉ាក់សាំង​ដើម្បី​ធានា​សិទ្ធិ​ពលរដ្ឋ​ជា​រឿង​ត្រឹមត្រូវ

បទវិភាគ

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​សម្ដែង​ការ​គាំទ្រ​ទាំងស្រុង​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ស្នើ​ឲ្យ​ដកចេញ​នូវ​អនុក្រឹត្យ​កាតព្វកិច្ច​វ៉ាក់សាំង និង​វិធានការ​ផ្សេងៗ​ដើម្បី​ធានា​ភាព​ស្របគ្នា​ជាមួយ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​នោះ។

ការ​គាំទ្រ​នេះ កើតឡើង​បន្ទាប់ពី​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ផ្ញើ​លិខិត​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​ស្នើ​ឲ្យ​លុប​ចេញ​នូវ​អំពី​អនុក្រឹត្យ​ស្ដីពី​កាតព្វកិច្ច​ក្នុង​ការ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 កាលពី​ពេល​ថ្មីៗ​នេះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ថា ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​សិទ្ធិមនុស្ស និង​ការធានា​នូវ​សុខភាព​សាធារណៈ​ជូន​ប្រជាជន​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​កម្ពុជា​គួរតែ​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ ជាង​ការ​អនុវត្ត​ដោយ​ការ​ចាប់​បង្ខំ។

លោក​អះអាង​ថា អនុក្រឹត្យ​ស្ដីពី​កាតព្វកិច្ច​វ៉ាក់សាំង​ដែល​ចេញ​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ពេល​កន្លង​ទៅ គឺ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស​ក៏​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ផង​ដែរ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ដក​អនុក្រឹត្យ​នោះ​ចេញ ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​យក​សេវា​សាធារណៈ​រដ្ឋ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ។

លោក មឿន តុលា បញ្ជាក់​ថា បញ្ហា​សុខភាព គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​សម្រេច​ចិត្ត​ទទួល​យក ថា​តើ​ពលរដ្ឋ​សម្រេច​ទទួល​យក​បែប​ណា ប៉ុន្តែ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ពន្យល់ និង​ផ្សព្វផ្សាយ​ពី​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​របស់​ខ្លួន ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ រដ្ឋ​ត្រូវ​ធានា​នូវ​សេវា​សាធារណៈ​នេះ ដែល​អាច​ផ្តល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់​ពេល ជាជាង​ការ​ធ្វើ​ច្បាប់​ដើម្បី​ចាប់​បង្ខំ​ឲ្យ​ទទួល​យក ព្រោះ​ការ​អនុវត្ត​បែប​នេះ​មិន​ត្រឹមត្រូវ​ចំពោះ​ប្រទេស​ដែល​អនុវត្ត​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វិទិត ម៉ុនតាបន (Vitit MUNTARBHORN) បាន​លើកឡើង​នូវ​លិខិត​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ពីរ​រូប​ដែល​បាន​ផ្ញើ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដក​ចេញ​នូវ​អនុក្រឹត្យ​ស្ដីពី​កាតព្វកិច្ច​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 កាលពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល​អះអាង​ថា ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​សង្កត់​ធ្ងន់​ថា អនុក្រឹត្យ​ស្ដីពី​កាតព្វកិច្ច​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 នេះ មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​បទប្បញ្ញត្តិ​នៃ​លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​បាន​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​ទាំងនេះ​ផង​ដែរ​នោះ។

អ្នករាយការណ៍​ពិសេស​រូប​នេះ​បញ្ជាក់​ថា អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំងនោះ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពិចារណា​លើ​ការ​ដកហូត​អនុក្រឹត្យ ឬ​ចាត់​វិធានការ​ផ្សេងៗ​ដើម្បី​ធានា​ភាព​ស្របគ្នា​ជាមួយ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ជាធរមាន។

លោក ហ៊ុន សែន សម្រេច​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្ដីពី​កាតព្វកិច្ច​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២១ ដែល​មាន ៥​ជំពូក ៨​មាត្រា ក្នុង​នោះ​មាត្រា​៥ នៃ​អនុក្រឹត្យ​នេះ បាន​ចែង​ថា អ្នក​ដែល​គេចវេស​មិនព្រម​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ជាធរមាន។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​គំរាម​ដក​តំណែង​ចំពោះ​មន្ត្រី​រាជការ​ណា​ដែល​មាន​បំណង​គេចវេស​ពី​ការ​ចាក់​វ៉ាក់សាំង​តាម​ការណែនាំ​របស់​រដ្ឋាភិបាល។

បញ្ហា​នេះ ត្រូវ​គេ​មើលឃើញ​ថា មន្ត្រី​រាជការ​ជាន់ខ្ពស់​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំងអស់ ចេញ​បញ្ជា​ទៅ​កាន់​មន្ត្រី​រាជការ​ពេញ​សិទ្ធិ និង​មន្ត្រី​កិច្ចសន្យា​គ្រប់​គ្នា​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង ឲ្យ​ប្រមូល និង​ផ្តល់​ឈ្មោះ​ឲ្យ​ទៅ​ក្រសួង​មុខងារ​សាធារណៈ​ជាបន្ទាន់ ក្រោម​ហេតុផល​ធ្វើ​តាម​ការណែនាំ​របស់​នាយករដ្ឋមន្ត្រី។

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា បន្ទាប់ពី​មាន​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន រួច​មក គឺ​មន្ត្រី​រាជការ​តាម​ស្ថាប័ន និង​ក្រសួង​នានា បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​យ៉ាង​ប្រញាប់ប្រញាល់។ លើស​ពី​នេះ ក៏​មាន​ការ​តាមដាន​យ៉ាង​ស្អិត​ពី​មន្ត្រី​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន ពី​ក្រសួង​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ផង​ដែរ។

ជាង​នេះ​ទៀត នៅ​តាម​ទីតាំង​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 គឺ​មាន​មន្ត្រី​តាម​ក្រសួង​នីមួយៗ​រង់ចាំ​កត់ឈ្មោះ​ស្រង់​ទិន្នន័យ​តាម​អង្គភាព​ក្នុង​មូលដ្ឋាន​រៀង​ខ្លួន ដើម្បី​បញ្ជូន​របាយការណ៍​ទាំងនោះ​ទៅ​ថ្នាក់លើ​តាម​បទបញ្ជា​ទៀត​ផង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស