27 C
Phnom Penh

កម្ពុជា​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ព្រំដែន​កម្ពុជា-វៀតណាម​រយៈពេល​១​ខែ ដើម្បី​បង្ការ​ការ​ឆ្លង Covid-19

បទវិភាគ

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-វៀតណាម​របស់​កម្មករ​ជំនាញ អ្នក​បច្ចេកទេស បុគ្គលិក​ក្រុមហ៊ុន​នានា​របស់​វៀតណាម រយៈពេល ១​ខែ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ តទៅ។

លោក ហ៊ុន សែន ក៏​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ក្រើន​រំឭក​ដល់​សមត្ថកិច្ច​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ត្រូវ​ទប់ស្កាត់​ជនជាតិ​វៀតណាម មិន​ឲ្យ​ឆ្លង​ចេញ​ចូល​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​តទៅទៀត​ទេ ប្រយោជន៍​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា ផ្ញើ​ជូន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ បញ្ជាក់​ថា ការ​សម្រេច​ផ្អាក​ឆ្លងដែន​រវាង​ប្រទេស​ទាំង​ពីរ​ខាងលើ​នេះ ក៏​មាន​ករណី​លើកលែង​មួយ​ចំនួន​ដែរ រួម​មាន៖

  • សម្រាប់​អ្នកជំងឺ​ដែល​ត្រូវ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម
  • អ្នក​ការទូត មន្ត្រី​រាជការ​ដែល​មាន​បេសកកម្ម​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ
  • រួម​ទាំង​និស្សិត សិក្ខាកាម ដែល​បាន​បញ្ចប់​វគ្គសិក្សា ឬ​ករណី​មាន​ការ​អនុញ្ញាត​ពិសេស​ពី​រាជ​រដ្ឋាភិបាល។

ដោយឡែក​ចំពោះ​បុគ្គលិក និង​កម្មករ​ជំនាញ​របស់​ក្រុមហ៊ុន​វៀតណាម ដែល​បាន​ចូល​មក​កម្ពុជា​រួច​ហើយ ទាំង​អ្នក​បាន​ធ្វើ​ចត្តាឡីស័ក​រួច និង​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ទេ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្អាក​ការ​ចេញ​ចូល​បណ្ដោះអាសន្ន​នេះ។

ក្រសួង​ការបរទេស​កម្ពុជា ក៏​ជម្រាប​ជូន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​ជួយ​សម្របសម្រួល​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ទៅលើ​ការ​ដឹកជញ្ជូន​នាំចេញ និង​នាំចូល​ទំនិញ​នានា ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានការ​សុខាភិបាល​រវាង​ប្រទេស​ទាំង​ពីរ។

អាជ្ញាធរ​សុខាភិបាល​វៀតណាម បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ប្រទេស​វៀតណាម មាន​ករណី​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ Covid-19 សរុប​នៅ​ទូទាំង​ប្រទេស​បាន​កើន​ជាង ៣៤៥០០​នាក់ ក្នុង​នោះ​ស្លាប់ ១៣០​នាក់ និង​ជាសះស្បើយ ៩៥៥៣​នាក់។

លោក ហ៊ុន សែន បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​អនឡាញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ ចំពោះ​ការ​ឆ្លង​ជំងឺ Covid-19 នៅ​តាម​ព្រំដែន​ប្រទេស​វៀតណាម ដោយសារតែ​ជនជាតិ​វៀតណាម​មួយ​ចំនួន​បាន​បន្ត​ឆ្លង​ដែន​ចេញ​ចូល​ប្រទេស​កម្ពុជា។

ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​បាន​ណែនាំ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ដោយ​ត្រូវ​បញ្ឈប់​មិន​ឲ្យ​មាន​សកម្មភាព​ឆ្លង​ដែន​ចេញ​ចូល​របស់​ជនជាតិ​វៀតណាម​ជាដាច់ខាត ត្បិត​វត្តមាន​របស់​ជនជាតិ​វៀតណាម ចូល​មក​កម្ពុជា គឺជា​គ្រោះថ្នាក់​នាំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ Covid-19 ធ្ងន់ធ្ងរ​នៅ​តាម​បណ្តា​ខេត្ត​នានា​របស់​កម្ពុជា ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស