31 C
Phnom Penh

ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី កាប់​ឈើ​មូល​ធំៗ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាង​រង្គាល​ដោយ​គ្មាន​ការ​រារាំង​ពី​មន្ត្រី​ក្រសួង​បរិស្ថាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT) ថា​ប្រើ​កម្លាំង​កម្មករ​កាប់​ឈើ​មូល​ធំៗ​ក្នុង​ព្រៃឡង់​យ៉ាង​រង្គាល បាន​រាលដាល​ដល់​តំបន់​ស្នូល​ដែល​ក្រសួង​កំណត់​តំបន់​នោះ​ថា​ជា​មរតក​ជាតិ​ដ៏​សំខាន់​ក្នុង​ដែន​អភិរក្ស​នេះ។

ពលរដ្ឋ​ថា​ប្រភេទ​ឈើ​ដែល​ក្រុមហ៊ុន​បាន​កាប់​ទាំងនោះ ភាគច្រើន​ដើម​ស្រឡៅ គគីរ និង​ដើម​ច្បោះ កំពុង​ទទួល​រង​ការ​កាប់​បំផ្លិចបំផ្លាញ​ជា​ប្រព័ន្ធ ដោយ​គ្មាន​ការរារាំង​ពី​មន្ត្រី​ឧទ្យានុរក្ស​របស់​​​ក្រសួង​បរិស្ថាន។

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា ក្រុម​ល្បាត​សហគមន៍​មាន​គ្នា ៩​នាក់​បាន​ប្រថុយ​ចុះ​ល្បាត​ព្រៃឡង់​រយៈពេល ៥​ថ្ងៃ និង ៤​យប់ កាលពី​សប្តាហ៍​មុន ដោយ​រក​ឃើញ​ដើមឈើ​ធំៗ​ត្រូវ​គេ​អារ​រំលំ​នៅសល់​តែ​គល់ ស្ថិតនៅ​ចំណុច​អូរអាចម៍ដែក និង​ចំណុច​ប្រាសាទគោល ក្នុង​តំបន់​ស្នូល​ព្រៃឡង់ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា បេសកកម្ម​នេះ សហគមន៍​រក​ឃើញ​បទល្មើស​ព្រៃឈើ​ជាង ៣៦៣​ករណី ដែល​ជា​បទល្មើស​ទើប​កើតឡើង​ថ្មីៗ។

បទល្មើស​កាប់​ដើមឈើ​នៅ​ព្រៃឡង់

រីឯ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន បាន​ដឹង​រឿងរ៉ាវ​នេះ​ដែរ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​នោះ​ទេ ដោយ​ខ្លាចក្រែង​ឥទ្ធិពល​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី ដែល​មាន​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង។

សកម្មជន​ព្រៃឡង់​រូប​នេះ​បន្ថែម​ថា បទល្មើស​ព្រៃឈើ​ទាំងនេះ​កើតឡើង​ជាច្រើន​ខែ​មក​ហើយ​ដោយ​មាន​មន្ត្រី​អាវុធហត្ថ​ម្នាក់​ជា​មេការ​របស់​ក្រុមហ៊ុន​នេះ ដើម្បី​បម្រើ​ឱ្យ​អាជីវកម្ម​ឈើ​ខ្នាត​ធំ​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត ៨​ពាន់​ហិកតារ (៧៩០០​ហិកតារ) នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ឆ្នាំ​២០១០ ក្រោម​កិច្ចសន្យា​រយៈពេល ៧០​ឆ្នាំ។ ក្នុង​កិច្ចសន្យា ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹមចន្ទន៍ ចន្ទី និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ដាំដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​សម្រុក​កាប់​ឈើ និង​ធ្វើ​អាជីវកម្ម​ឈើ​ដឹក​ចេញពី​ព្រៃឡង់​មក​ផ្គត់ផ្គង់​ដេប៉ូ​អារ​ឈើ​របស់​ខ្លួន។ ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ៤​គ្រឿង​ស្ថិត​ក្នុង​ស្រុក​រវៀង ជាប់​ព្រៃឡង់​ខេត្ត​ព្រះវិហារ។

ទន្ទឹម​នឹង​នេះ កាលពី​ចុង​ខែ​ឧសភា អ្នកភូមិ​ប្រទះឃើញ​គំនរ​ឈើ​មូល​រាប់​ពាន់​ម៉ែត្រ​គូប​ក្បែរ​ការដ្ឋាន​របស់​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី ហើយ​ឈើ​ទាំងនោះ​ត្រូវ​បាន​គេ​ដឹក​ចេញពី​តំបន់​ស្នូល​ព្រៃឡង់​ចូល​ការដ្ឋាន​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ។

បទល្មើស​កាប់​ដើមឈើ​នៅ​ព្រៃឡង់

អ្នក​សារព័ត៌មាន​របស់ The Cambodia Dialy មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​មេការ​ក្រុមហ៊ុន ភីអ៊ិនធី លោក ចាប សារ៉ន និង​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ដ្រា បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ ចំណែក​អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស