គណបក្សក្រៅរដ្ឋាភិបាលជំរុញឲ្យកម្ពុជាអនុវត្តច្បាប់ឲ្យបានល្អប្រសើរជាងពេលកន្លងមក ដើម្បីជួយឲ្យពលរដ្ឋម្ចាស់ឆ្នោតមានទំនុកចិត្តចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ ខាងមុខ ដោយគ្មានការភ័យខ្លាច ដែលគ្មានការគំរាមកំហែងណាមួយពីគណបក្សកាន់អំណាចសព្វថ្ងៃនេះ។
ពួកគេបានសម្គាល់ឃើញថា គណបក្សកាន់អំណាចដែលកំពុងដឹកនាំរដ្ឋាភិបាលដោយឯកបក្សបច្ចុប្បន្ន តែងតែប្រើល្បិចកល និងការគំរាមកំហែងគ្រប់រូបភាពដើម្បីឈ្នះការបោះឆ្នោតស្ទើរតែរាល់អាណត្តិ។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ ខែកក្កដា ថា ដើម្បីឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ រដ្ឋាភិបាលកម្ពុជាគួរតែមានភាពក្លាហានបើកលំហសេរីភាពបញ្ចេញមតិ បើកលំហប្រជាធិបតេយ្យ ដោយការផ្តល់នូវសិទ្ធិសម្រេចចិត្តពេញលេញដល់ពលរដ្ឋដោយគ្មានការគំរាមកំហែង ឲ្យពលរដ្ឋសម្រេចគាំទ្រគណបក្សនយោបាយណាមួយដែលពួកគេពេញចិត្ត។
ជាងនេះទៀត ត្រូវតែផ្តល់នូវភាពឯករាជដល់ស្ថាប័នគណៈកម្មាធិការរៀបចំការបោះឆ្នោត បញ្ឈប់នូវការប្រើប្រាស់មន្ត្រីរាជការតាមក្រសួងស្ថាប័ននានាធ្វើជាឧបករណ៍នយោបាយដើម្បីរកសំឡេងឆ្នោតឲ្យខ្លួនបន្តទៀត។ លោកថា ការធ្វើដូច្នេះ គណបក្សកាន់អំណាចក៏អាចវាស់ស្ទង់ដឹងពីការគាំទ្ររបស់ពលរដ្ឋម្ចាស់ឆ្នោតចំពោះការដឹកនាំរបស់ខ្លួនដោយពិតប្រាកដផងដែរ។
ប្រភពដដែលបានអះអាងថា ដើម្បីឲ្យកម្ពុជាខ្លាំងមានការអភិវឌ្ឍល្អប្រសើរ មានសមត្ថភាពការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី និងឯករាជ្យជាតិរបស់ខ្លួនបានយូរអង្វែង កម្ពុជាពិតជាត្រូវការគណបក្សនយោបាយមួយដែលខ្លាំងពិតប្រាកដសម្រាប់ដឹកនាំប្រទេស ប៉ុន្តែមិនមែនជាគណបក្សដែលឡើងកាន់អំណាចដោយការប្រើវិធីគាបសង្កត់ ឬលួចបន្លំសន្លឹកឆ្នោតដើម្បីឈ្នះនោះទេ។
លោក សៀវ វិសុទ្ធ បញ្ជាក់ថា មនុស្សម្នាក់ដែលមានអវយវៈល្អប្រសើរ តែបែរជាមានខួរក្បាលមិនប្រក្រតី នោះមនុស្សម្នាក់នោះនឹងមានវាសនាអភ័ព្វអស់មួយជីវិត។ ដូចគ្នានេះដែរ កម្ពុជាមានទឹកដីដែលមានសម្បត្តិជាតិដ៏មហាសាល មានប្រជាជនពោរពេញទៅដោយឧត្តមគតិជាតិខ្ពង់ខ្ពស់ ប៉ុន្តែបែរជាមានរដ្ឋាភិបាលដ៏អន់បំផុតមួយមកដឹកនាំប្រទេស នោះពលរដ្ឋខ្មែរច្បាស់ជាមានវាសនាអភ័ព្វតកូនតចៅជាមិនខាន។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលនៅកម្ពុជាជាង ៦០ស្ថាប័ន បានបង្កើតនូវអនុសាសន៍រួមគ្នាស្តីអំពីលក្ខខណ្ឌទាបបំផុតមួយសម្រាប់ភាពស្របច្បាប់នៃការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ដែលអនុលោមតាមគោលការណ៍សំខាន់ៗនៃការបោះឆ្នោតពិតប្រាកដ ដោយសេរី និងយុត្តិធម៌។
អង្គការសង្គមស៊ីវិលទាំងនោះបានលើកឡើងនូវលក្ខខណ្ឌ ៦ចំណុចធំៗក្នុងនោះរួមមាន ការបើកឲ្យមានបរិយាកាសនយោបាយដោយសេរី សិទ្ធិនយោបាយ ការផ្តល់សិទ្ធិឈរឈ្មោះបោះឆ្នោត ឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិអ្នកបោះឆ្នោតឲ្យស្របតាមច្បាប់ជាធរមាន និងការរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យមានភាពឯករាជផងដែរ។
បន្ថែមពីនេះ ត្រូវតែធ្វើឲ្យស្ថាប័នតុលាការ និងកងកម្លាំងប្រដាប់អាវុធមានអព្យាក្រឹតភាព និងការបើកលំហសេរីភាពដល់តួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅពេលបោះឆ្នោតខាងមុខនេះឲ្យកាន់តែទូលំទូលាយថែមទៀត។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពីចុងខែឧសភា ឆ្នាំ២០២១ បានអះអាងថា កម្ពុជាកំពុងតែអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានយ៉ាងល្អ ព្រោះថាមន្ត្រីបក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ បាននាំគ្នាទៅបង្កើតបក្សថ្មីដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ ខាងមុខ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៥ ដែលត្រូវកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះជាកំណត់។ ដូច្នេះរយៈពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ នៅសល់មិនដល់ ១ឆ្នាំទៀតនោះទេ។
ជុំវិញបញ្ហានេះ កាលពីខែមិថុនា ឆ្នាំ២០១៧ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានអះអាងថា ការបោះឆ្នោតឃុំ-សង្កាត់នៅប្រទេសកម្ពុជា អាណត្តិទី៤ បានប្រព្រឹត្តទៅក្នុងបរិយាកាសគំរាមកំហែងទៅដល់សិទ្ធិបញ្ចេញមតិ និងការចូលរួមក្នុងនយោបាយដែលអាចចាត់ទុកការបោះឆ្នោតនេះថាមិនបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ៕