29 C
Phnom Penh

នាយករដ្ឋមន្ត្រី​ដក​តំណែង​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​ម្នាក់​ដោយសារ​ឌឺដង​មនុស្ស​ស្លាប់

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដក​តំណែង​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា-ព្រឹទ្ធសភា លោក ឌុច សុវណ្ណារី ពី​តួនាទី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ដោយសារ​មន្ត្រី​រូប​នោះ​បាន​សរសេរ​ឌឺដង​លើ​សព​ដែល​ជា​អតីត​ថ្នាក់​ដឹកនាំ​របស់​ខ្លួន។

លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ កក្កដា ថា លោក​នឹកស្មាន​មិនដល់​ទាល់តែសោះ​ថា​លោក​មាន​មន្ត្រី​មួយ​រូប​ថ្នាក់​រដ្ឋលេខាធិការ បង្ហោះ​សារ​ផ្ចាញ់ផ្ចាល​ចំពោះ​សព សូម្បីតែ​អ្នកស្រី ម៉ែន សំអន សុំ​ឲ្យ​ដក​ចេញ​ក៏​មិនព្រម​ដក​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា លោក​មិន​អាច​ទុក​លោក ឌុច សុវណ្ណារី ឲ្យ​នៅ​ជា​រដ្ឋលេខាធិការ​ក្រសួង​បាន​តទៅទៀត​ទេ គឺ​ត្រូវ​ដកចេញ​ពី​តំណែង ព្រោះ​លោក ឌុច សុវណ្ណារី មិន​ស័ក្ដិសម​ជា​មន្ត្រី​ដែល​ខ្វះ​គុណធម៌​បែប​នេះ​ទេ។

លោក ឌុច សុវណ្ណារី បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ក្នុង​ន័យ​ឌឺដង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា «លោក​បាន​ទទួល​ដំណឹង​ថា មនុស្ស​ម្នាក់​ដែល​តែង​អគតិ​ចំពោះ​កូនចៅ​ក៏ដូចជា​រូប​ខ្ញុំ បាន​លាចាក​លោក​ទៅ​ហើយ»

លោក​សរសេរ​បន្ត​ថា «ដោយសារ​កូវីដ លោក​មិនបាន​ចូលរួម​ជូនដំណើរ​ទេ ហើយ​ក៏​សូម​អហោសិកម្ម​ជូន​គាត់ ហើយ​សូម​បួងសួង បើ​ជាតិ​ក្រោយ​គាត់​មាន​សំណាង​បាន​កើត​ជា​មនុស្ស សូម​ឲ្យ​មាន​ចិត្ត​ទូលាយ ដឹង​ខុស ដឹង​ត្រូវ​ជាង​នេះ កុំ​ត្រចៀក​ស្រាល​ដូច​ជាតិ​នេះ​ទៀត»

ទោះ​យ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ភ្ជាប់​សារ​រំលែក​មរណទុក្ខ​ដល់​អ្នក​ស្លាប់​ដែល​លោក ឌុច សុវណ្ណារី ឌឺដង​ដាក់​នោះ គឺ​លោក ហុង ថែម ជា​ទីប្រឹក្សា​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា-ព្រឹទ្ធសភា មាន​ឋាន​ស្មើ​រដ្ឋលេខាធិការ បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ក្នុង​អាយុ ៨៦​ឆ្នាំ​ដោយ​ជរាពាធ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស