34 C
Phnom Penh

អាមេរិក​ដឹកនាំ​ធ្វើ​សមយុទ្ធ ១១​ប្រទេស​បង្ហាញ​កម្លាំង​ទ័ព​ពហុ​សាសន៍​គំរាម​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ប្រទេស​ចតុភាគី​ហៅថា QUAD មាន​អាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា រួម​ជាមួយ​នឹង​ប្រទេស​៨​ទៀត បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ក្នុង​លំហសមុទ្រ​នៃ​ប្រទេស​អូស្ត្រាលី ដែល​ការ​បង្ហាញ​ល្បែង​សង្គ្រាម​នេះ​នៅ​ខណៈ​ដែល​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងកើត រួម​នឹង​សមុទ្រ​ចិន​ខាងត្បូង​កំពុងតែ​តានតឹង​ជា​ខ្លាំង ដោយសារតែ​ប្រទេស​ចិន​បំពារបំពាន​ដែន​កោះ​ទាំងនោះ។

សារព័ត៌មាន​របស់​ប្រទេស​អូស្ត្រាលី ABC បាន​ចុះផ្សាយ​ថា សមយុទ្ធ​នេះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ប៉ុន្តែ​អូស្ត្រាលី​ជា​ម្ចាស់​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដែល​ជា​សមយុទ្ធ​ដ៏​ធំ​ប្រចាំ​ពីរ​ឆ្នាំ​ម្ដង។ សមយុទ្ធ​នេះ​បាន​ធ្វើឡើង​ចាប់តាំង​ពី​ថ្ងៃ​ពុធ ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដែល​មាន​ឈ្មោះ​ថា Talisman Sabre។

ប្រទេស​ទាំង​៨ ដែល​ចូលរួម​សមយុទ្ធ​នេះ​រួមមាន ប្រទេស​ជប៉ុន អង់គ្លេស កាណាដា កូរ៉េ​ខាងត្បូង និង New Zealand។ ចំណែក​ឯ​ឥណ្ឌា ឥណ្ឌូនេស៊ី អាល្លឺម៉ង់ បារាំង ក៏​ចូលរួម​ផង​ដែរ តែ​ក្នុង​ស្ថានភាព​ជា​អ្នក​សង្កេតការណ៍។

រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ដ្រី​ប្រទេស​ជប៉ុន លោក Katsunobu Kato បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សមយុទ្ធ​នេះ​គឺជា​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្ពោះ​ទៅ​រក​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​បើក​ចំហ។

ក្នុង​ស្ថានភាព​នេះ សម្ព័ន្ធភាព​ចតុភាគី​ជប៉ុន អាមេរិក ឥណ្ឌា និង​អូស្ត្រាលី ត្រូវ​បាន​មើលឃើញ​ថា ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ឲ្យ​សម្ព័ន្ធភាព​ផ្សេងៗ​ទៀត​ចាប់​អារម្មណ៍​នឹង​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ សម្រាប់​ប្រទេស​ជប៉ុន កំពុង​បញ្ជូន​កង​អង្គភាព​កម្លាំង​ការពារ​ជាតិ​ទៅកាន់​កោះ​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងកើត ដើម្បី​ឆ្លើយតប​ការ​បំពារបំពាន​ពី​សំណាក់​កង​នាវា​ល្បាត និង​នាវា​ចម្បាំង​របស់​ចិន។

ប្រជុំ​កោះ Senkaku ដែល​ចិន​ហៅថា Dioayu កំពុងតែ​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង ព្រោះ​ចិន​អះអាង​ថា​កោះ​ទាំងនោះ​ជា​ដែន​កោះ​របស់​ចិន​តាំងពី​បុរាណកាល ហើយ​បាត់​របូត​ដោយសារ​ជប៉ុន​កាន់កាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ។

តាម​មន្ត្រី​ជប៉ុន​រូប​នេះ គឺ​កងកម្លាំង​ជប៉ុន​មួយ​ក្រុម​ទៀត​នឹង​ត្រូវ​ចូលរួម​សមយុទ្ធ​ជាមួយ​នឹង​កងទ័ព​សហរដ្ឋ​អាមេរិក អង់គ្លេស រួម​នឹង​កងទ័ព​ជើងទឹក​របស់​អូស្ត្រាលី​ផង​ដែរ​នៅ​ប្រជុំ​កោះ Senkaku ឆាប់ៗ​នេះ។ គោលដៅ​នៃ​ការ​ធ្វើ​សមយុទ្ធ​បន្ទាប់​ទៀត​នេះ គឺ​សំដៅ​ការពារ​ប្រជុំ​កោះ Nansei ដែល​ជា​ដែន​អធិបតីភាព​របស់​ជប៉ុន​ដ៏​មាន​សារសំខាន់ ហើយ​ចិន​ត្រូវ​បាន​រាយការណ៍​ថា​ចិន​ក៏​ចង់​បំពារបំពាន​ដែន​កោះ​នោះ​ផង​ដែរ។ នេះ​បើ​តាម​ឧត្តមសេនីយ៍ Yoshihide Yoshida ជា​នាយសេនាធិការ​កងទ័ព​ជប៉ុន។

ឧត្តមសេនីយ៍​រូប​នេះ​បាន​បញ្ជាក់​ថា សមយុទ្ធ​នៅ​ពេល​នោះ គឺ​ចង់​ប្រាប់​ទៅ​ប្រទេស​ប្រកួតប្រជែង​ថា ជប៉ុន​មាន​សមត្ថភាព​ដើម្បី​ការពារ​ដែន​កោះ​របស់​ខ្លួន។ តែយ៉ាងណាក៏ដោយ ការ​ធ្វើ​សមយុទ្ធ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​លំហ​សមុទ្រ​អូស្ត្រាលី គឺ​មិន​ត្រឹមតែ​បង្ហាញ​កម្លាំង​ពហុ​សាសន៍​រួមគ្នា​គំរាម​ចិន​ទេ ក៏​ដើម្បី​ប្រាប់​ថា​អត្ថប្រយោជន៍​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ ហើយ​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​ក៏​ជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ​ដែល​ប្រទេស​ណា​ក៏​មាន​សិទ្ធិ​បើកបរ​នាវា​ឆ្លងកាត់​ទីនោះ​ដែរ។

ក្នុង​ស្ថានភាព​ចុងក្រោយ​នេះ ជប៉ុន និង​ចិន​ធ្លាក់​ក្នុង​ស្ថានភាព​តានតឹង​ជា​ខ្លាំង។ ភាព​តានតឹង​ខ្លាំង​នោះ គឺ​បន្ទាប់ពី​ឧបនាយករដ្ឋមន្ត្រី​ជប៉ុន លោក Taro Aso បាន​ប្រកាស​ជា​សាធារណៈ​ថា​ត្រូវ​តែ​ការពារ​ដែន​កោះ​តៃវ៉ាន់។

លោក​ថា ជប៉ុន​មិន​ត្រូវ​ឱប​ដៃ​មើល​ការឈ្លានពាន​កោះ​តៃវ៉ាន់​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​ចិន​កាន់កាប់​តៃវ៉ាន់​បាន គឺ​កោះ​មួយ​ចំនួន​របស់​ជប៉ុន ក៏​នឹង​ត្រូវ​របូត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន​ដែរ។

តែ​ជាមួយ​គ្នា​នេះ ជប៉ុន​បាន​ប្រកាស​ថា​ការ​ធ្វើ​សមយុទ្ធ​ពហុ​សាសន៍​ដ៏​ធំ​លើក​នេះ​ច្បាស់​ណាស់​ថា គឺ​កម្លាំង​សាមគ្គី​កម្រិត​អន្តរជាតិ​ខ្ពស់​បំផុត​ត្រូវ​រួមគ្នា​ដើម្បី​សន្តិសុខ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ តែ​នៅ​ខណៈ​ដែល​ការ​ធ្វើ​សមយុទ្ធ​ពហុ​សាសន៍​នេះ​កំពុង​ប្រព្រឹត្ត​ទៅ គឺ​ឃើញ​ចិន​បញ្ជូន​នាវា​ស៊ើបការណ៍​មួយ​គ្រឿង​មក​កាន់​ដែនទឹក​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​នៅ​ឆ្ងាយ​ពី​ដែនទឹក​ដែល​កំពុង​ធ្វើ​សមយុទ្ធ​នេះ។ នេះ​បើ​យោង​តាម​សាជីវកម្ម​ផ្សាយ​ព័ត៌មាន ABC របស់​អូស្ត្រាលី។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី Peter Dutton បាន​និយាយ​ថា ខណៈ​ការ​ធ្វើ​សមយុទ្ធ​នេះ​កំពុងតែ​ប្រព្រឹត្ត​យ៉ាង​សកម្ម​រហូត​ដល់​សហរដ្ឋ​អាមេរិក​ប្រើប្រាស់​កាំជ្រួច Patriot គឺ​នាវា​ស៊ើបការណ៍​របស់​ចិន​ត្រូវ​បាន​មើលឃើញ​ថា​បាន​បើក​មក​ឃ្លាំមើល​ការ​ធ្វើ​សមយុទ្ធ​កងកម្លាំង​ពហុ​សាសន៍។ តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប​នេះ កងកម្លាំង​ដែល​ចូលរួម​រហូត​ដល់​ទៅ ១​ម៉ឺន ៧​ពាន់​នាក់ គឺ​មកពី​ប្រទេស​អូស្ត្រាលី New Zealand ជប៉ុន កូរ៉េ​ខាងត្បូង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។

ក្នុង​សមយុទ្ធ​នេះ​មាន​ក្រុម​នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក USS America បើក​ចេញពី​មូលដ្ឋាន Sasebo នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​អម​ជាមួយ​នឹង​យន្តហោះ ៧០​គ្រឿង និង​ឧទ្ធម្ភាគចក្រ ៥០​គ្រឿង។ នេះ​បើ​យោង​តាម​ឧត្តមសេនីយ៍ Jake Ellwood នៃ​កងកម្លាំង​ទ័ព​អាកាស​អូស្ត្រាលី។ តាម​ឧត្តមសេនីយ៍​រូប​នេះ ប្រព័ន្ធ​កាំជ្រួច Patriot ត្រូវ​បាន​បាញ់​ចេញពី​នាវា​របស់​សហរដ្ឋ​អាមេរិក គឺ USS America ដោយ​បាញ់​ចេញពី​ឆកសមុទ្រ Shoalwater។

ឧត្តមសេនីយ៍​រូប​នោះ​បញ្ជាក់​ថា ជា​លើកដំបូង​ហើយ​ដែល​កាំជ្រួច Patriot របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ក្នុង​សមយុទ្ធ​ពហុ​សាសន៍​នេះ។

នៅ​រយៈពេល​ចុងក្រោយ​នេះ តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ធ្លាក់​ក្នុង​ការ​រត់ប្រណាំង​សព្វាវុធ និង​ល្បែង​សង្គ្រាម។ ការ​ប្រកួតប្រជែង​គ្នា​នេះ កើតឡើង​ទន្ទឹម​នឹង​ឥទ្ធិពល​នៃ​វិស័យ​ការពារ​ជាតិ​របស់​ចិន​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​ត្រូវ​បាន​មើលឃើញ​ថា​គំរាម​ដល់​សន្តិសុខ​ប្រទេស​ទន់ខ្សោយ​ក្នុង​តំបន់​ទៀត​ផង។

សមយុទ្ធ​មិន​ត្រឹមតែ​ធ្វើឡើង​នៃ​កម្លាំង​ពហុ​សាសន៍​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​លំហសមុទ្រ​អូស្ត្រាលី​នោះ​ទេ គឺ​សូម្បីតែ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ក៏​រួមគ្នា​ធ្វើ​សមយុទ្ធ​ផង​ដែរ ជាពិសេស​គឺ​សមយុទ្ធ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន បាន​ធ្វើ​សមយុទ្ធ​ដូចនេះ​ជាមួយ​សហរដ្ឋ​អាមេរិក​រួច​ទៅ​ហើយ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ វៀតណាម​បាន​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​ជាមួយ​ឥណ្ឌា និង​ជប៉ុន នៅ​ប្រជុំ​កោះ​ប៉ារ៉ាហ្ស៊ែល ជា​តំបន់​ដែល​ចិន​បន្ត​លុកលុយ​ចូល​ដែន​កោះ​របស់​វៀតណាម។

ចំណែក​ឯ​ឥណ្ឌា បាន​ធ្វើ​សមយុទ្ធ​នៅ​មហាសមុទ្រ​របស់​ខ្លួន​កាលពី​ថ្មីៗ​នេះ ហើយ​សមយុទ្ធ​នេះ​ក៏​ដើម្បី​ប្រាប់​អំពី​ការ​ត្រៀម​ខ្លួន​សង្គ្រាម​បើ​សង្គ្រាម​កើតឡើង​ពី​សំណាក់​ប្រទេស​ចិន។

សម្រាប់​ប្រទេស​ចិន​ឯណោះ​វិញ តែងតែ​ធ្វើ​សមយុទ្ធ​ជា​ឯកតោ​ភាគី​ប៉ុណ្ណោះ ប៉ុន្តែ​សមយុទ្ធ​របស់​ចិន គឺ​មាន​ទ្រង់ទ្រាយ​ធំ​ដោយ​កងទ័ព​ចូលរួម​រាប់​ពាន់​នាក់​មាន​កង​នាវា​ផ្ទុក​យន្តហោះ កងទ័ព​អាកាស និង​កង​កាំជ្រួច​ទៀត​ផង គឺ​បាន​ធ្វើឡើង​ទាំង​នៅ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង សមុទ្រ​ចិន​ខាងកើត និង​មហាសមុទ្រ​ឥណ្ឌា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស