ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ដែលជាប្រទេសកំពុងអភិវឌ្ឍ ហើយប្រទេសទាំងនេះមានទំនាក់ទំនងលើការស្វះស្វែងរកការអភិវឌ្ឍពីប្រទេសចិនជាខ្លាំង។ សូម្បីតែវ៉ាក់សាំង ក៏ប្រទេសទាំងអស់នោះប្រើប្រាស់របស់ចិនភាគច្រើនដែរ។ ក៏ប៉ុន្ដែនៅពេលដែលសហរដ្ឋអាមេរិកស្បើយការចាក់វ៉ាក់សាំងឱ្យពលរដ្ឋរបស់គេ ហើយបង្កើនការនាំចេញមកក្រៅប្រទេស ប្រទេសនៅអាស៊ីអាគ្នេយ៍បានបង្កើនការស្វះស្វែងរកវ៉ាក់សាំងរបស់អាមេរិកទៅវិញ។
ការណ៍នេះ ត្រូវបានគេមើលឃើញថា មានការប្រែប្រួលការប្រើប្រាស់វ៉ាក់សាំងចិន ក្នុងឆមាសទី២ ឆ្នាំ២០២១ នេះ។
ក្នុងរយៈពេលថ្មីៗនេះ ឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី ទទួលបានវ៉ាក់សាំងរាប់លានដូសដែលផលិតឡើងដោយក្រុមហ៊ុន Pfizer និង BioNTech។
ចំណែកហ្វីលីពីន វិញ បានទទួលវ៉ាក់សាំងអាមេរិក Moderna និង Pfizer ជាបណ្ដើរៗ ហើយក៏រំពឹងថានឹងទទួលបានវ៉ាក់សាំងបន្ថែមជាច្រើនទៀតផងដែរ។ ពីមុនមក វ៉ាក់សាំងដែលហ្វីលីពីន និងឥណ្ឌូនេស៊ី ប្រើគឺជារបស់ក្រុមហ៊ុនស៊ីណូវ៉ាក់នៃប្រទេសចិន ហើយម៉ាឡេស៊ី ក៏បានប្រើវ៉ាក់សាំងប្រភេទនេះដែរ។
ប្រទេសជាច្រើនមិនបាននិយាយអំពីការព្រួយបារម្ភពីប្រសិទ្ធភាពនៃវ៉ាក់សាំងស៊ីណូវ៉ាក់នោះទេ ប៉ុន្តែឥណ្ឌូនេស៊ី អះអាងថា ខ្លួនមានផែនការក្នុងការជំរុញឱ្យបុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងលោកខាងលិច បើទោះបីពួកគេទទួលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួនពីរដូសមកហើយក្ដី។ ការងាកមកប្រើវ៉ាក់សាំងលោកខាងលិចនេះ ស្របពេលដែលករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះកើនឡើងជាលំដាប់ ជាពិសេសគឺមេរោគបំប្លែងថ្មីរបស់កូវីដ-១៩ ឈ្មោះ Delta កំពុងរីករាលដាលជុំវិញពិភពលោក។ អាមេរិកបានផ្តល់ជំនួយវ៉ាក់សាំងដំបូងដល់ឥណ្ឌូនេស៊ី ចំនួន ៤លានដូស។
បន្ទាប់ពីបានចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាលភាគច្រើនជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់នៅដើមឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឱ្យដឹងថា ប្រទេសនេះនឹងប្រើការផ្គត់ផ្គង់វ៉ាក់សាំង Moderna ដែលខ្លួនទើបបានទទួលពីសហរដ្ឋអាមេរិកដើម្បីចាក់លើកទី៣ ដល់បុគ្គលិកពេទ្យ។
ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអង្គការវេជ្ជសាស្ត្រក្នុងស្រុកមួយដែលថា គ្រូពេទ្យឥណ្ឌូនេស៊ីយ៉ាងតិច ២០នាក់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ បានស្លាប់ដោយជំងឺ Covid-19។ ទំហំជំនួយ ៤លានដូសនេះ គឺស្មើនឹងអាមេរិកប្រគល់ជូនប្រទេសចំនួនបីទៀត គឺម៉ាឡេស៊ី ប៉ាគីស្ថាន និងណេប៉ាល់។
វ៉ាក់សាំង Pfizer និង BioNTech ត្រូវគេដឹងថា នឹងបញ្ជូននៅត្រឹមឆ្នាំនេះដល់ទៅ ៥០លានដូសទៅកាន់ឥណ្ឌូនេស៊ី ខណៈប្រទេសនេះមានប្រជាជនច្រើនជាងគេក្នុងតំបន់ គឺដល់ទៅ ២៧០លាននាក់ឯណោះ ហើយបច្ចុប្បន្នប្រទេសនេះបានចាក់វ៉ាក់សាំងចិន។ កាលពីខែមុន អាមេរិកបានសន្យាថានឹងជំនួយវ៉ាក់សាំង ៥០០លានដូស គឺវ៉ាក់សាំង Pfizer ទៅកាន់ប្រទេសក្រីក្រត្រឹមពាក់កណ្ដាលឆ្នាំ២០២២ ជាមួយនឹង ២០០លានដូសបានដល់ត្រឹមឆ្នាំនេះ។
ចំណែកម៉ាឡេស៊ីឯណោះវិញ ក៏កំពុងចាប់ផ្ដើមចេញយុទ្ធនាការចាក់វ៉ាក់សាំងលាយគ្នា គឺទាំងចិន និងអាមេរិក គឺទាំង Pfizer និង Sinovac។ ខណៈប្រទេសនេះបានបញ្ជាទិញវ៉ាក់សាំងដល់ទៅ ៤៦លានដូស គឺរំពឹងចាក់បានមនុស្សហោចណាស់ ៣៣លាននាក់។
ម៉ាឡេស៊ីថា ជំហរមួយនេះមិនមែននិយាយថាប្រទេសនេះបារម្ភលើប្រសិទ្ធភាពស៊ីណូវ៉ាក់នោះទេ ប៉ុន្តែចុងក្រោយ គឺម៉ាឡេស៊ីបានជំនួយវ៉ាក់សាំងរបស់អាមេរិក ហើយនឹងមកដល់ខែសីហា ថែមទៀត។ រីឯហ្វីលីពីន ដែលទុកចិត្តលើវ៉ាក់សាំងស៊ីណូវ៉ាក់ចិន កាលពីខែមុនក៏បាននាំចូល Pfizer ដល់ទៅ ៤០លានដូសផងដែរ។
ការចាក់វ៉ាក់សាំង Moderna ត្រូវបានធ្វើឡើងនូវយុទ្ធនាការនៅខែមិថុនា មុននេះ ក្រោយពីបានបញ្ជាទិញនៅខែមីនា ហើយទើបទទួលបានជុំទីពីរមួយលានដូសថ្មីៗនេះសម្រាប់ម៉ាឡេស៊ី។
យោងតាមរបាយការណ៍ពិភពលោករបស់សាកលវិទ្យាល័យ Oxford ប្រទេសដែលកំពុងត្រឡប់ទៅចាក់វ៉ាក់សាំងលោកខាងលិចមានអត្រាចាក់ទាបនៅឡើយ តែមានការកើនឡើងជំងឺឆ្លងខ្លាំងដូចជាប្រទេសឥណ្ឌូនេស៊ី ដែលទើបចាក់បាន ៦% នៃប្រជាជនសរុប ហើយឆ្លងម្ដងរាប់ពាន់នាក់។ ចំណែកម៉ាឡេស៊ី ទើបចាក់បាន ១៣% ហើយហ្វីលីពីន ចាក់បាន ៤% ដែលប្រទេសទាំងនេះចាក់វ៉ាក់សាំងចិន។
យោងតាមការសិក្សារបស់ប្រេស៊ីល ក្នុងការបង្ហាញប្រសិទ្ធភាពវ៉ាក់សាំងស៊ីណូវ៉ាក់មានត្រឹម ៥០% ក្នុងការបង្ការការឆ្លងកូវីដ-១៩។ ស៊ីណូវ៉ាក់ នៅពេលនេះកំពុងត្រូវបានគេសិក្សាក្នុងការការពារប្រឆាំងនឹងមេរោគឆ្លងបំប្លែងខ្លួន Delta ដែលកំពុងរីករាលដាលពេញប្រទេសឥណ្ឌូនេស៊ី និងប្រទេសដទៃទៀត។
ការសិក្សាស្រាវជ្រាវពីររបស់អង់គ្លេសមួយ និងអ៊ីស្រាអែលមួយ រកឃើញថា ក្នុងចំណោមវ៉ាក់សាំងទាំងអស់ Pfizer មានប្រសិទ្ធភាពក្នុងការទប់ទល់នឹងវីរុសឆ្លងបំប្លែងខ្លួនជាងគេ។
ក្រសួងសុខាភិបាលប្រទេសថៃ ក៏បានលើកឡើងថា នឹងផ្ដល់ការចាក់ថ្នាំបង្ការបន្ថែមដល់បុគ្គលិកសុខាភិបាលរបស់ខ្លួនដែលបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួនពីរដូសដោយប្រើ Pfizer ឬ AstraZeneca។ បុគ្គលិកសុខាភិបាលដែលបានទទួលតែមួយដូស នឹងទទួលបានថ្នាំ AstraZeneca ជាលើកទី២។ សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីការបង្ហាញរបស់រដ្ឋាភិបាលថា បុគ្គលិកពេទ្យថៃរាប់រយនាក់បានឆ្លងជំងឺនេះនៅចន្លោះខែមេសា និងកក្កដា ដែរ ទោះបីពួកគេចាក់វ៉ាក់សាំងរបស់ចិនហើយក៏ដោយ។
សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន បានបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២លានដូសដល់ប្រទេសវៀតណាម ដែលជាជំនួយថ្មីៗបំផុតរបស់សហរដ្ឋអាមេរិកដល់ប្រទេសនានាដែលកំពុងប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ នៅក្នុងសប្ដាហ៍នេះទៀត វៀតណាមនឹងទទួលបានវ៉ាក់សាំងពីអាមេរិក ៣លានដូសថែមទៀត។
ប្រទេសកុម្មុយនីស្តវៀតណាម ដែលមានព្រំដែនជាប់ប្រទេសចិន ត្រូវបានគេមើលឃើញថាជាប្រទេសគំរូក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី អត្រាអ្នកចាក់វ៉ាក់សាំងក្នុងប្រទេសនេះនៅមានចំនួនទាបនៅឡើយ ក្នុងចំណោមពលរដ្ឋវៀតណាមសរុបដែលមានចំនួន ៩៧លាននាក់ ហើយការឆ្លងជំងឺកូវីដ-១៩ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការកើនឡើងយ៉ាងខ្លាំង។
ក្នុងចំណោមវ៉ាក់សាំងចាក់មួយដូសនៃវ៉ាក់សាំង Johnson & Johnson ទាំង ២,៦លានដូសរបស់អាមេរិក គឺប្រទេសឡាវ ទទួលបានវ៉ាក់សាំងចំនួន ១លាន ៨ពាន់ដូស ហើយហ្វីលីពីន ទទួលបានជាង ១លាន ៦សែនដូសម្ដងរួចមកហើយ។ ប្រទេសដែលមេដឹកនាំនិយមចិនខ្លាំងទាំងនេះ នឹងទទួលបានវ៉ាក់សាំង ១លាន ៦សែនដូសម្ដងទៀតពីអាមេរិកនៅប៉ុន្មានថ្ងៃខាងមុខ។
ប្រទេសផ្សេងៗទៀតក្នុងតំបន់ដែលនឹងត្រូវទទួលវ៉ាក់សាំងអាមេរិកក្នុងចំណោម ៨០លានដូសនៃជំនួយដំបូងរបស់រដ្ឋការលោក ចូ បៃដិន រួមកម្ពុជា ឡាវ ប៉ាពូញូហ្គីណេ ហ្វីលីពីន និងប្រទេសថៃ។
សម្រាប់រដ្ឋាភិបាលថៃ កំពុងស្នើសុំទិញវ៉ាក់សាំងពីអាមេរិករាប់សិបលានដូសដើម្បីចែកចាយដល់គ្លីនិកឯកជន។ មានតែប្រទេសកម្ពុជាមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមេដឹកនាំនិយមចិន មិនទាន់ឮថាចង់ទិញវ៉ាក់សាំងពីអាមេរិក ឬពីប្រទេសនៅអឺរ៉ុបដើម្បីយកមកចាក់ឱ្យពលរដ្ឋរបស់ខ្លួននៅឡើយទេ ខណៈប្រទេសនេះកំពុងប្រើវ៉ាក់សាំងចិនយ៉ាងសកម្ម ហើយការឆ្លងកាន់តែរីករាលដាលទោះជាមនុស្សបានចាក់ចំនួន ២ដូសក៏ដោយ។
វ៉ាក់សាំងចិន ដែលកម្ពុជាទទួលបានទាំងក្នុងការផ្ដល់ជំនួយ និងស្នើទិញ គឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ឲ្យដឹងថា ប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងចិន ទាំងពីរនេះចំនួនជាង ៥លាននាក់ហើយ៕