27 C
Phnom Penh

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​វៀតណាម​អាច​នឹង​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​សម្ដែង​ការ​ព្រួយបារម្ភ​ថា វៀតណាម​អាច​នឹង​បន្ត​ព្យាយាម​លេង​ល្បែង​នយោបាយ​ឈ្លានពាន​កម្ពុជា​បន្ត​ទៀត​តាម​រូបភាព​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​អាច​កាច់​ចង្កូត​របស់​កម្ពុជា​បាន​ទាំងស្រុង និង​កាន់តែ​រឹងមាំ​នៅ​ពេល​អនាគត។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា នៅ​ពេល​នេះ​ចៅហ្វាយ​ចាស់​របស់​លោក ហ៊ុន សែន គឺ​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ដឹង​យ៉ាង​ច្បាស់​ថា មេដឹកនាំ​កម្ពុជា​ដែល​ខ្លួន​បាន​លើក​បន្តុប​កាលពី​ឆ្នាំ​១៩៨៥ នោះ បាន​ងាក​ទៅ​រក​មហាអំណាច​ចិន​ពាក់កណ្តាល​ទៅ​ហើយ ដែល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ពួកគេ ១០០% ដូច​កាលពី​ពេល​មុន​ទៀត​នោះ​ទេ។

លោក​អះអាង​ថា កម្លាំង​វៀតណាម​ដែល​កំពុង​បង្កប់​នៅ​បណ្ដាញ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​ទាំង​ស៊ីវិល និង​កងទ័ព ព្រមទាំង​បណ្ដាញ​វៀតណាម​ទាំង​នៅ​ថ្នាក់​រាជធានី រហូត​ដល់​អ្នក​រស់នៅ​តាម​ដងទន្លេ គឺ​ពិត​ជាច្រើន​ណាស់ ហើយ​កម្លាំង​នេះ​គឺ​អាច​គាំទ្រ​បក្ស​ប្រឆាំង​ដែល​គេ​បង្កើត​ឡើង​ឲ្យ​មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​កម្ពុជា ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ​ខ្មែរ​បាន​យ៉ាង​ងាយ។

លោក គឹម សុខ បញ្ជាក់​ថា ប្រសិន​រដ្ឋាភិបាល​ក្រុង​ហាណូយ អាច​រៀប​ផែនការ​ចូល​ផ្ទៃក្នុង​កម្ពុជា​បាន​ដល់​កម្រិត​នេះ នោះ​វា​គឺជា​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​កម្ពុជា ពីព្រោះ​ជនជាតិ​វៀតណាម​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ ប្រជាជន និង​ការ​សម្រេច​មហិច្ឆតា​ឈ្លានពាន​ទឹកដី​របស់​ពួកគេ​ផង​ដែរ។

លោក​បញ្ជាក់​ថា ជាក់ស្តែង​មុន​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ វៀតណាម​បាន​បញ្ចុះបញ្ចូល​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដឹកនាំ​ចលនា​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​បង្កើត​ឡើង ដើម្បី​ឈ្លានពាន​កម្ពុជា​នៅ​ពេល​នោះ ប៉ុន្តែ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនព្រម ដូច្នេះ​វៀតណាម ក៏​បាន​ជ្រើសរើស​ក្រុម​ខ្មែរ​វៀតម៉ិញ ជាពិសេស​ក្រុម​លោក ហ៊ុន សែន ជា​អ្នក​អនុវត្ត​ផែនការ​របស់​ពួកគេ​ជំនួស​វិញ​រហូតដល់​សព្វថ្ងៃ​នេះ​តែម្តង។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា បទពិសោធន៍​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​ក្រុម​លោក ហ៊ុន សែន គឺជា​គណបក្ស​ដែល​វៀតណាម ជា​អ្នក​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៥១ មក​ម្ល៉េះ។

លោក​សម្ដែង​ការ​ព្រួយបារម្ភ​ថា កងទ័ព​វៀតណាម​ជាង ២០​ម៉ឺន​នាក់​ដែល​ឈ្លានពាន​ចូល​កម្ពុជា វាយ​រំលំ​របប​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៧៩ មិន​ដឹង​ថា​ពួកគេ​បាន​ចេញពី​កម្ពុជា ឬ​ក៏​អត់​នោះ​ទេ ហើយ​បើ​ពួកគេ​មិន​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ​ទេ ដោយ​បន្ត​រស់នៅ​កម្ពុជា​ទៀត តើ​ពួកគេ​នឹង​មាន​កូន​ចៅ​ច្រើន​ប៉ុនណា ស្រប​ពេល​ដែល​សមាគម​វៀតណាម​នៅ​កម្ពុជា បាន​យកចិត្ត​ទុកដាក់​លើ​ការរស់នៅ​របស់​អ្នក​ទាំងនោះ​រហូត​មក។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា មហិច្ឆតា​ឈ្លានពាន​ទឹកដី​របស់​ប្រទេស​វៀតណាម គឺ​មិន​មាន​ថ្ងៃ​បញ្ឈប់​នោះ​ទេ ដូច្នេះ​មធ្យោបាយ​ដែល​ពួកគេ​អាច​ឈ្លានពាន​ដោយ​ស្ងាត់ៗ និង​កាន់តែ​ចាក់​ឫស​ចូល​ជ្រៅ​ទៅ​ក្នុង​កិច្ចការ​ជាតិ​របស់​ខ្មែរ នោះ​គឺ​ក្មេង​ជំនាន់​ក្រោយ​ដែល​ជា​កូនៗ​របស់​អតីត​ទាហាន​វៀតណាម​នៅ​កម្ពុជា ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ឲ្យ​ជ្រៀត​ចូល​កាន់តែ​ជ្រៅ​ក្នុង​សរសៃ​ឈាម​ក្រសួង​ស្ថាប័ន​ជាតិ ដើម្បី​គ្រប់គ្រង​កិច្ចការ​កម្ពុជា​ទាំងមូល​តែម្តង​ទៅ​ថ្ងៃ​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥១ ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មាន ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា ផាម វ៉ាន់ ហួ (Phạm Văn Hua)។

ប៉ុន្តែ​លោក ផាម វ៉ាន់ ហួ ឬ​អាចារ្យ មាន នេះ​មាន​ប្រវត្តិ​ពិត​ជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០ មក​ម្ល៉េះ។ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា បើ​នៅតែ​ដឹកនាំ​ប្រទេស​តាម​របៀប​លោក ហ៊ុន សែន ដូច​សព្វថ្ងៃ​នេះ យួន​នឹង​នៅតែ​បន្ត​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​ខ្មែរ​រហូត​គ្មាន​ថ្ងៃ​បញ្ចប់​នោះ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស