សកម្មជនបរិស្ថានចំនួន ៣នាក់ដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោស និងកំពុងជាប់ពន្ធនាគារព្រៃស ប្រឈមនឹងបទចោទថ្មីក្នុងសំណុំរឿង «រួមគំនិតក្បត់»។
យុវជនមាតាធម្មជាតិ ៣នាក់រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយផ្ដន្ទាទោសចន្លោះពី ១៨ខែទៅ ២០ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ប៉ុន្តែបើតាមសេចក្ដីប្រកាសរបស់អង្គការលីកាដូ (Licadho) ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឱ្យដឹងថា សកម្មជនបរិស្ថានមាតាធម្មជាតិ ៣នាក់មានដូចជា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ដែលត្រូវបានតុលាការផ្ដន្ទាទោស និងកំពុងជាប់ពន្ធនាគារក្រោមបទ «ញុះញង់» នោះ ពេលនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ថ្មីទៀត។
អង្គការលីកាដូ បញ្ជាក់ថា ការចោទប្រកាន់សកម្មជនបរិស្ថានទាំងបីនាក់ពីបទ «រួមគំនិតក្បត់» ក្នុងសំណុំរឿងថ្មីនេះ គឺពាក់ព័ន្ធនឹងសំណុំរឿងជាមួយសកម្មជន ៤នាក់ទៀតដែលត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពួកគេនៅពន្ធនាគារកាលពីខែមិថុនា ឆ្នាំ២០២១ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» និងប្រមាថអង្គព្រះមហាក្សត្រ»។
សកម្មជនបរិស្ថានទាំង ៤នាក់នោះ ក្នុងនោះរួមមាន កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុទ្ធ លោក យឹម លាងហ៊ី ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលពួកគេចុះថត វីដេអូការបង្ហូរទឹកស្អុយចូលទន្លេនៅម្ដុំព្រះបរមរាជវាំង ខណៈបុរសជនជាតិអេស្ប៉ាញ ឈ្មោះ Alejandro Gonzalez-Davidson កំពុងនៅក្រៅប្រទេស។
អង្គការលីកាដូ លើកឡើងថា បើតាមក្រុមមេធាវីការពារក្ដីឱ្យសកម្មជនបរិស្ថានទាំងបីនាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញធ្វើការសាកសួរ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» ដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាមានទោស។
លើសពីនេះ ការដែលតុលាការបង្គាប់ឱ្យមន្ត្រីពន្ធនាគារយកពួកគេមកសាកសួរនៅតុលាការនេះ មិនមានវត្តមានរបស់មេធាវីការពារក្ដីជនជាប់ចោទនៅក្នុងដំណើរការនៃការសាកសួរនេះទេ ដោយថាក្រុមមេធាវីដែលការពារក្ដីឱ្យពួកគេលើកមុន មិនបានដឹងពីការបញ្ជូន។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន បង្ហាញកង្វល់អំពីការឃុំខ្លួនសកម្មជនបរិស្ថាន និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាសិទ្ធិសេរីភាពអ្នកការពារសិទ្ធិមនុស្ស និងអ្នកការពារបរិស្ថាន។
គិតចាប់ពីខែកញ្ញា ឆ្នាំ២០២០ មក មានសកម្មជនចលនាមាតាធម្មជាតិចំនួន ៦នាក់ហើយត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ ខណៈពួកគេបានចូលរួមសកម្មភាពជាច្រើនក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។
យ៉ាងនេះក្តី ក្រោយពីមានការចោទប្រកាន់ និងឃុំខ្លួនសកម្មជនបរិស្ថានជាបន្តបន្ទាប់ ក៏មានប្រតិកម្មជាច្រើនពីសាធារណជន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា ក្នុងនោះស្ថានទូតអាមេរិក ស្ថានទូតស៊ុយអែត និងអូស្ត្រាលី ជាដើម ដោយពួកគេទាមទារឱ្យរដ្ឋាភិបាលដោះលែង ព្រមទាំងទម្លាក់ចោលបទចោទប្រកាន់ទៅលើយុវជនបរិស្ថានទាំងនោះឱ្យមានសេរីភាពឡើងវិញ៕