34 C
Phnom Penh

អ្នកវិភាគ៖ រដ្ឋាភិបាល​គួរតែ​ប្រើ​នីតិវិធី​ច្បាប់​បញ្ចប់​សកម្មភាព​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​អ្នក​មាន​អំណាច​ពី​ពលរដ្ឋ​ខ្មែរ គួរតែ​ប្រើប្រាស់​នីតិវិធី​ច្បាប់​ដើម្បី​បញ្ចប់​សកម្មភាព​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ដើម្បី​កុំ​ឲ្យ​រំខាន​ខ្លួនឯង និង​អ្នកដទៃ​តទៅទៀត។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា មនុស្ស​វៃឆ្លាត​នឹង​មិន​ទៅ​អើពើ​ដឹង​ឮ មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ​ជាមួយ​មនុស្ស​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ទណ្ឌិត​អត់​បានការ គ្មាន​នរណា​យកចិត្ត​ទុកដាក់​នោះ​ទេ។

លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​សហការ​ជាមួយ​អង្គការ​នគរបាល​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​គេ​ហៅ​កាត់​ថា អាំងទែរប៉ូល ឲ្យ​ចាប់​ខ្លួន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជូន​ទៅ​កាត់ទោស និង​ទទួល​ទណ្ឌកម្ម​នៅ​ពន្ធនាគារ​ស្រប​តាម​ច្បាប់​របស់​កម្ពុជា ទើប​ជា​រឿង​ត្រឹមត្រូវ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា កម្ពុជា​ក៏​អាច​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង​ចាប់ខ្លួន​លោក សម រង្ស៊ី បញ្ជូន​ទៅ​កាត់ទោស​នៅ​កម្ពុជា​ដោយ​ឈរ​លើ​មូលដ្ឋាន និង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​បត្យាប័ន​រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង និង​រដ្ឋាភិបាល​កម្ពុជា ឆ្នាំ​២០១៥ ផង​ដែរ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​នៅ​ពេល​ខាងមុខ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ប៉ុន្តែ​ក្រោយ​ការប្រកាស​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​គ្រាន់តែ​ជា​ការប្រកាស​ខ្យល់​ប៉ុណ្ណោះ ខណៈ​ផែនការ​នៃ​ការ​អនុវត្ត និង​កម្លាំង​នយោបាយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដែល​ខ្លួន​បាន​ប្រកាស​នោះ មិនទាន់​លេច​ចេញ​ជា​សកម្មភាព​អ្វី​មួយ​នៅឡើយ​ទេ ស្រប​ពេល​ដែល​អ្នកវិភាគ​នយោបាយ​សង្គម​អះអាង​ថា ជា​ផែនការ​ដែល​រំលោភ​ច្បាប់​កម្ពុជា​ទាំងស្រុង។

ប៉ុន្តែ​ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា ការប្រកាស​ឲ្យ​មាន​ការចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​របស់​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី គឺ​ជា​ការរំលោភ​រដ្ឋធម្មនុញ្ញ និង​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស យ៉ាង​ធ្ងន់ធ្ងរ។

លោក ទូច វិបុល បញ្ជាក់​ថា អ្នក​នយោបាយ​ប្រឆាំង​មិន​ត្រូវ​ចូលរួម​លេង​ល្បែង​នយោបាយ​ខុសច្បាប់​ដូច​ដែល​គណបក្ស​កាន់​អំណាច​ធ្លាប់​ប្រព្រឹត្ត​កន្លងមក​នោះ​ទេ ព្រោះ​ថា​អ្នក​នយោបាយ​ខាង​ប្រឆាំង​ត្រូវតែ​ធ្វើ​ជា​គំរូ​ល្អ​ឲ្យ​ពលរដ្ឋ​អនុវត្ត​តាម មិន​អាច​ព្រោះ​តែ​ដើម្បី​ល្បិច​កល​នយោបាយ​របស់​ខ្លួន មិន​គិត​ពី​ភាព​មិន​ស្រប​ច្បាប់​នៃ​ទង្វើ​របស់​ខ្លួន​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ចូលចិត្ត​លេង​ល្បែង​នយោបាយ​ខុសច្បាប់​ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​ខ្មែរ មិន​ចាញ់​មេដឹកនាំ​បក្ស​កាន់​អំណាច​ប៉ុន្មាន​ទេ មាន​ពេល​ខ្លះ ពួកគេ​នាំគ្នា​លេង​ល្បែង​ទាំងនោះ​ជាមួយ​គ្នា​ថែមទៀត​ផង។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០០៦ មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​នាំគ្នា​រំលោភ​រដ្ឋធម្មនុញ្ញ​កែ​ច្បាប់​ពី ២​ភាគ​៣ មក ៥០​បូក​១ ជាដើម។

ពួកគេ​ព្រមាន​ថា មន្ត្រី​បក្ស​ប្រឆាំង​គួរតែ​បញ្ឈប់​សកម្មភាព​នយោបាយ​ដែល​រំលោភ​លើ​ច្បាប់​របស់​កម្ពុជា​បន្ត​ទៀត​ទៅ ប្រសិនបើ​ពួកគេ​ពិតជា​ចង់​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មែន​នោះ ព្រោះ​ថា​ការ​លេង​ល្បែង​ល្បិច​កល​ដាក់​គ្នា​ទៅវិញ​ទៅមក​បែប​នេះ មាន​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ធ្លាក់​រណ្តៅ​វិនាស​ហិនហោច​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ។

ជុំវិញ​ផែនការ​រំលោភ​ច្បាប់​របស់​អតីត​មេដឹកនាំ​ប្រឆាំង ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី Rhona Smith ធ្លាប់​បាន​ថ្កោលទោស​ផែនការ​របស់​លោក សម រង្ស៊ី ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថ្ងៃ​ទី​០៩ វិច្ឆិកា ផង​ដែរ​ថា​ជា​ការរំលោភ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស