33 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​ពិគ្រោះ​យោបល់​អំពី​របៀប​គ្រប់គ្រង​ប្រទេស​ដោយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្តី​សង្ខេប​ពី​សន្និសីទ​ខ្មែរ​ឆ្នាំ​២០២១

ថ្ងៃ​សៅរ៍ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២១

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​មួយ ដើម្បី​បង្ហាញ ពិគ្រោះ ពិភាក្សា ប្តូរ​យោបល់ សួរ​សំណួរ ឆ្លើយ​សំណួរ​អំពី​របៀប​ដឹកនាំ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ដោយ​រាជ​រដ្ឋាភិបាល ក្រោម​កិច្ច​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​ជិត ៤០​ឆ្នាំ តាំងពី​មាន​រដ្ឋាភិបាល​ចម្រុះ​បក្ស​រហូត​ដល់​រដ្ឋាភិបាល​ឯកឯង ឬ​ឯក​បក្ស។

សន្និសីទ​តាម​ប្រព័ន្ធ​ឆ្លងឆ្លើយ​បង្ហាញ​រូបភាព ហៅថា ZOOM កាលពី​ថ្ងៃ​សៅរ៍ ទី​២៤ កក្កដា រៀបចំ​ដោយ៖

  • ​អង្គការ គ្រឹះ​សម្ព័ន្ធ​ខ្មែរ (Khmer Alliance Foundation) គ្រប់គ្រង​ដោយ​លោក ឆង ម៉ារិទ្ធ និង​លោក វ៉ាន់ ស
  • រួម​ជាមួយ​នឹង​សម្ព័ន្ធ​ខ្មែរ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Cambodian Alliance for Paris Peace Agreements for Cambodia) ដឹកនាំ​ដោយ​បណ្ឌិត អ៊ាវ បូវបាង
  • ព្រមទាំង​អង្គការ​ចែករំលែក​គំនិត​ខ្មែរ (Khmer Share Ideas) ដឹកនាំ​ដោយ​លោក មាស វណ្ណា។

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នោះ លើក​ប្រធានបទ​ថា «កម្ពុជា ១០​ឆ្នាំ​ទៅ​មុខ គ្រោះថ្នាក់ និង​ការ​សង្គ្រោះ​ដោយ​ពិនិត្យ​លើ​វិស័យ​មួយ​ចំនួន ដែល​អាច​ធានា និង​មិន​ធានា​ដល់​អនាគត​ទឹកដី​ជាតិ​មាតុភូមិ​ខ្មែរ ប្រជាជាតិ​ខ្មែរ ជាតិសាសន៍​ខ្មែរ»

អ្នក​ចូលរួម​ជា​វាគ្មិន​រៀបចំ​បទបង្ហាញ​ជាង ២០​រូប ជា​ប្រធាន​អង្គការ សមាគម តំណាង​សហគមន៍​ខ្មែរ​អាមេរិកាំង ដោយ​មាន​អ្នក​ចូលរួម​ផ្សេងទៀត​ក្នុង​សន្និសីទ​តាម ZOOM ជាង ៤០​រូប បាន​លើក​យក​បញ្ហា៖

  • គោលការណ៍​នយោបាយ​សេដ្ឋកិច្ច​នៃ​រាជរដ្ឋាភិបាល​ខាង​ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក
  • ត្រីកោណ​អភិវឌ្ឍន៍​រវាង​ប្រទេស​៣ ជា​យុទ្ធមិត្ត​ក្នុង​ចលនា​កុម្មុយនីស្ត​ឥណ្ឌូចិន
  • ការ​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​ខ្មែរ
  • អន្តោប្រវេសន៍​ខុសច្បាប់
  • សិទ្ធិមនុស្ស
  • លទ្ធិប្រជាធិបតេយ្យ
  • តម្លាភាព និង​អំពើ​ពុករលួយ
  • សិក្សា​អប់រំ​ជាតិ
  • មនសិការ​ជាតិ
  • ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

បញ្ហា​រៀបរាប់​ដោយ​វាគ្មិន​ទាំងអស់​គ្នា​ពេញ​មួយ​ថ្ងៃ​សៅរ៍ លាតសន្ធឹង​ស្ទើរតែ​លើ​គ្រប់​វិស័យ​នៃ​ជីវិត និង​ជីវភាព​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹកដី៖

  • អ្នក​ដឹកនាំ​រាជរដ្ឋាភិបាល​លុះ​ក្រោម​ឥទ្ធិពល​បរទេស បំពាន​រដ្ឋធម្មនុញ្ញ​ជាតិ មិន​គោរព​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្លួនឯង បង្ក​ឲ្យ​មាន​អយុត្តិធម៌​សង្គម ពុករលួយ បំផ្លាញ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ដើម្បី​ផលប្រយោជន៍​បុគ្គល ក្រុម បក្ខពួក ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ ឯករាជភាព បូរណភាព​ទឹកដី អព្យាក្រឹតភាព
  • ពលរដ្ឋ​ខ្មែរ​គ្មាន​សិទ្ធិ​សេរីភាព​រិះគន់​រដ្ឋាភិបាល​ប្រព្រឹត្ត​ខុសឆ្គង
  • ជនបរទេស​មក​រស់នៅ​ខុសច្បាប់​តាំង​ទីលំនៅ​ជា​និគមៗ​មាន​លើ​ដី លើ​ទឹក ជាប់​ព្រំដែន កណ្តាល​ប្រទេស ក្នុង​ទីប្រជុំជន ក្នុង​តំបន់​ដី​ព្រៃ
  • ពលរដ្ឋ​ខ្មែរ​គ្មាន​ការងារ​ធ្វើ ចោល​ស្រុក​ទេស​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​បរទេស
  • កូនខ្មែរ​រៀនសូត្រ​មិន​បាន​ត្រឹមត្រូវ មិន​ហ៊ាន​និយាយ មិន​ស្គាល់​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​របស់​ខ្លួន​ច្បាស់លាស់ សរសេរ​អក្សរ​ជាតិ និយាយ​ស្តី​ភាសា​ជាតិ​មិន​ត្រឹមត្រូវ​តាម​អក្ខរា និង​វេយ្យាករណ៍
  • ពលរដ្ឋ​ខ្មែរ​បាត់បង់​មនសិការ
  • ឧបករណ៍​សម្រាប់​ស្រោចស្រង់​សង្គ្រោះ​ជាតិ
  • សំណួរ​ថា​តើ​ខ្មែរ​គួរ​គិត​យ៉ាង​ណា?

សេចក្តី​រាយការណ៍​ជាច្រើន​មាន​សារព័ត៌មាន​ជាតិ សារព័ត៌មាន​បរទេស​គ្មាន​និន្នាការ មិន​និយម​បក្ស​នយោបាយ បាន​រាយការណ៍​ពិត​អំពី​ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​ខុសច្បាប់ រំលោភ​រដ្ឋធម្មនុញ្ញ បំពេញ​បំណង​អ្នក​មាន​គុណ​ដែល​ជួយ​បន្តុប​អ្នក​ដឹកនាំ​សព្វថ្ងៃ ហើយ​ជួយ​រក្សា​ការពារ​អំណាច​តទៅមុខ​ទៀត​លើ​ផ្ទៃដី​ខ្មែរ​រាប់​សែន​ហិកតារ បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ចូល​ហ៊ុន​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ​ទាំង​លើ​ដី ទាំង​ក្រោម​ដី។

រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាញ​ផលប្រយោជន៍​ពី​ក្នុង​ទឹកដី​ខ្មែរ រួច​ទុក​ឲ្យ​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ជាច្រើន​សែន​នាក់​គ្មាន​ដីធ្លី​ប្រកប​អាជីវកម្ម ធ្វើ​ស្រែ​ចម្ការ គ្មាន​ដី​សង់​ផ្ទះសម្បែង​រស់នៅ​លើទឹក​ដី​របស់​ខ្លួន។ ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច ឬ​ដី​ឲ្យ​ដាច់​មិន​យក​វិញ មាន​ទំហំ​សឹងតែ​ស្មើ​នឹង​ផ្ទៃដី​ខេត្ត​ស្វាយរៀង និង​ខេត្ត​កែប ជនបរទេស​ពី​ប្រទេស​យៀកណាម មាន​សិទ្ធិ​រស់នៅ មាន​ដី​ធ្វើ​អាជីវកម្ម​ដ៏​ធំ​ល្វឹងល្វើយ មាន​អត្តសញ្ញាណប័ណ្ណ​ជា​សញ្ជាតិ​ខ្មែរ មាន​សិទ្ធិ​បោះឆ្នោត​ជា​ពលរដ្ឋ អាច​នាំ​សមាជិក​ក្រុម​គ្រួសារ​របស់​គេ ជនជាតិ​គេ​មក​ធ្វើ​ការងារ​ក្នុង​ទីតាំង​ដី​សម្បទាន​ចម្ការ​កៅស៊ូ មាន​សិទ្ធិ​ផ្ទេរ​ដី​ខ្មែរ​ទៅ​ឲ្យ​អង្គភាព​កងទ័ព​គេ​គ្រប់គ្រង​ថែមទៀត។

វាគ្មិន​បកស្រាយ​អំពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ លាតត្រដាង​ទិដ្ឋភាព​ពិត​នៃ​ផែនការ​រៀបចំ​ដោយ​អ្នក​ដឹកនាំ​ក្រុង​ហាណូយ នៃ​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម បញ្ជាក់​ថា របៀប​រៀបចំ​រដ្ឋបាល​គ្រប់គ្រង​ខេត្ត​ខ្មែរ​៤ គឺ​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ ដែល​សម្បូរ​ធនធាន​ធម្មជាតិ​ទាំង​លើ​ដី ទាំង​ក្រោម​ដី ដាក់​ចូល​នឹង​ខេត្ត​លាវ៤ គឺ​ខេត្ត​សេកុង អាត់តាពើ សារាវ៉ាន់ និង​ចម្ប៉ាសាក់ ហើយ​និង​ខេត្ត​ខាង​យៀកណាម​៥ គឺ​ខេត្ត​កន់ទុម ចាឡាយ ដាក់ឡាក់ ដាក់ណុង និង​ប៊ិញហ្វឿក គឺ​ធ្វើ​ឡើង​តាម​បែបផែន​ទ្រង់ទ្រាយ​សហព័ន្ធ​ឥណ្ឌូចិន ផ្លាស់​ឈ្មោះ​តាម​បណ្តាំ ហូ ជីមិញ ឬ បាក់ ហូ ជា​ការ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ។ បន្ថែម​លើ​ហ្នឹង​ទៀត រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ជនជាតិ​ចិន មក​គ្រប់គ្រង​ខេត្ត​ជាប់​មាត់សមុទ្រ គឺ​ខេត្ត​ព្រះសីហនុ និង​កោះកុង ឲ្យ​ស្ថាបនា​មូលដ្ឋាន​យោធា ព្រោះតែ​ជំពាក់​បំណុល​ក្រុង​ប៉េកាំង​វ័ណ្ឌក។

បើ​ប្រទេស​កម្ពុជា ទឹកដី​ខ្មែរ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដូច្នេះ មាន​សំណួរ​ថា តើ​ជាតិសាសន៍​ខ្មែរ​ម្ចាស់​ប្រទេស​នឹង​ទៅជា​យ៉ាង​ណា? មាន​អ្វី​សង្ឃឹម​ថា​នឹង​អាច​សង្គ្រោះ​បាន​ឬ​ទេ?

វាគ្មិន​ខ្លះ​បរិយាយ​ថា គួរ​យក​ធម៌​ព្រះពុទ្ធ​មក​ធ្វើ​ជា​គោល​ធម្មាធិបតេយ្យ ដើម្បី​ដោះស្រាយ។ ខ្លះ​ថា​ទាល់តែ​ដើរ​របៀប​ខាង​ខ្លួន​រៀបចំ ទើប​អាច​សម្រេច​កិច្ច។ ខ្លះ​ទៀត​ថា​ទាល់តែ​លះបង់​កិលេស​បួន​យ៉ាង ខ្លះ​ថា​កិលេស​បី​យ៉ាង ដែល​ទាំងអស់​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា ជា​មាគ៌ា ជា​របត់ ជា​ដាន​ចាស់​ដែល​ធ្លាប់​ជួប​បរាជ័យ​រួចមក​ហើយ។ មាន​វាគ្មិន​ខ្លះ​ទៀត​និយាយ​តាម​បទពិសោធន៍​របស់​ខ្លួន​ថា រឿង​ខ្មែរ​មាន​តែ​ខ្មែរ​ខ្លួនឯង​ទាំងអស់​គ្នា​ផ្តើម​គិត ផ្តើម​ធ្វើ ហើយ​គិត​អំពី​ប្រយោជន៍​រួម គ្មាន​អាត្មានិយម គ្មាន​អត្តទត្ថភាព​និយម។ បើ​ម្នាក់ៗ​មិន​ដូរ​ផ្នត់​គំនិត​ចាស់​ទេ រឿង​ខ្មែរ​ពីរ​ជាតិ​ទៀត​ក៏​ដោះ​ខ្លួន​មិន​រួច​ដែរ។ មាន​ខ្មែរ​យើង​ខ្លះ​ថា​មិនទាន់​អស់​សង្ឃឹម​ទេ។

ពលរដ្ឋ​ខ្មែរ​មាន​អាវុធ​សំអាង គឺ​ច្បាប់​អន្តរជាតិ ឧបករណ៍​អន្តរជាតិ​អំពី​បញ្ហា​ខ្មែរ គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស សេចក្តី​ប្រកាស​ក្រុង​វីយ៉ែន ១៩៩៣ និង​សន្ធិសញ្ញា​អន្តរជាតិ​ដទៃ​ទៀត។

បើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ទោះ​ជា​បែប​អត្តាធិបតេយ្យ​ក្តី រាជាធិបតេយ្យ​ក្តី ប្រជាធិបតេយ្យ​ក្តី ធម្មាធិបតេយ្យ​ក្តី មិន​គិត មិន​ខ្វល់​នឹង​រឿង​អធិបតេយ្យ​ជាតិ​ខ្មែរ​ទេ តើ​ប្រជាជាតិ​ខ្មែរ​សុខចិត្ត​បណ្តោយ​ឲ្យ​ពួក​អ្នក​ដឹកនាំ​សព្វថ្ងៃ ធ្វើ​ឲ្យ​បាត់បង់​ទឹកដី ជាតិសាសន៍​ខ្លួន ឬ​យ៉ាង​ណា? ខ្មែរ​គ្មាន​ពេល​ដប់​ឆ្នាំ​ទៀត​ទេ។ រឿង​ទាំងអស់​ស្ថិតនៅ​លើ​ខ្លួន​យើង​ជា​ជនរងគ្រោះ «តវ៉ា ទាមទារ ឬ​សម្ងំ​សុខ?»

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស