27.5 C
Phnom Penh

អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​បន្ត​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ជូន​ពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​ផ្តល់​សិទ្ធិ​ឲ្យ​វិស័យ​ឯកជន​នាំចូល​វ៉ាក់សាំង​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​រដ្ឋ​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ សម្រាប់​ប្រកប​អាជីវកម្ម​ក៏ដោយ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា កម្ពុជា​មិន​គួរ​ដាក់​បន្ទុក​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​លើ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ នោះ​ទេ ព្រោះ​រដ្ឋ​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​សេវា​ការពារ​សុខមាលភាព​ជូន​ពួកគាត់​ឲ្យ​បាន​ពេញលេញ។

លោក​អះអាង​ថា បើ​ទោះបីជា​ក្រសួង​សុខាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ ឱសថ អាច​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ ក៏ដោយ ក៏​រដ្ឋ​ត្រូវតែ​កំណត់​តម្លៃ​ជាក់លាក់​ណាមួយ​ចំពោះ​ការ​ប្រកប​អាជីវកម្ម​នៃ​វិស័យ​ឯកជន​ទាំងនោះ​ដែរ ដើម្បី​ចៀសវាង​ក្រុមហ៊ុន​ទាំងនោះ​ដំឡើង​ថ្លៃ​វ៉ាក់សាំង​ស្រេច​នឹង​ចិត្ត​របស់​ពួកគេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ ឱសថ អាច​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ក្នុង​គោលបំណង​សំដៅ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

ក្រសួង​បញ្ជាក់​ថា ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ ឱសថ អាច​ធ្វើការ​ស្នើសុំ​នាំចូល​ថ្នាំបង្ការ​ជំងឺ​កូវីដ-១៩ ដើម្បី​ចែកចាយ​តាម​ទីកន្លែង​ផ្តល់​សេវា​សុខាភិបាល​ឯកជន​ស្រប​តាមច្បាប់​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ដោយ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ក្នុង​ការ​ដឹកជញ្ជូន ថែរក្សា និង​ស្តុក​នៅ​ក្នុង​ឃ្លាំង ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល បាន​អះអាង​ថា ខ្លួន​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ពលរដ្ឋ​បាន​ចំនួន​ជាង ៦​លាន ៩​សែន​នាក់​ហើយ ដែល​ស្មើ​នឹង ៦៩,៤១​ភាគរយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​គោលដៅ ១០​លាន​នាក់ ដោយ​គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ បាន​សម្រេច​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​ដែល​មាន​ចំនួន ២​លាន​នាក់​ចាប់ពី​អាយុ ១២​ឆ្នាំ​រហូត​ដល់​អាយុ ១៧​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​បង្កើត​ភាព​ស៊ាំ​ទូទាំង​ប្រទេស​ឲ្យ​បាន​កាន់តែ​ឆាប់​រហ័ស ដោយ​ចាប់ផ្តើម​ផែនការ​ចាក់​ថ្នាំបង្ការ​នេះ​ពី​ទីក្រុង​ភ្នំពេញ និង​ខេត្ត​កណ្តាល មុន​គេ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៧៦៦​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៩៦៧​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៥​នាក់​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៧​ម៉ឺន ៥​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៦​ម៉ឺន ៧​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៣០០​នាក់​ហើយ​មក​ទល់នឹង​ពេល​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស