មន្ត្រីគយចល័តប្រចាំខេត្តត្បូងឃ្មុំ បានអះអាងថា រាល់ថ្ងៃនេះទំនិញខុសច្បាប់ជាច្រើនប្រភេទដែលរដ្ឋាភិបាលកម្ពុជាបានហាមឃាត់មិនឲ្យនាំចេញទៅក្រៅប្រទេស បែរជាថ្នាក់ដឹកនាំប្រចាំច្រកទ្វារទ្វេភាគីដូនរ័ត្ន ស្ថិតក្នុងឃុំរូង ស្រុកមេមត់ បើកដៃឲ្យឈ្មួញនាំចេញទំនិញជាច្រើនប្រភេទយ៉ាងអនាធិបតេយ្យទៅវិញ។
ប្រភពដដែលបានចោទលោក ស៊្រុន ណាត ជាប្រធានស្នាក់ការច្រកទ្វារដូនរ័ត្ន និងលោក នូរ និច នាយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែននេះថាជាអ្នកកាងការពារឈ្មួញល្មើសទាំងនោះ ជាថ្នូរទទួលបានសំណូកពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់នាំឲ្យបាត់ប្រាក់ចំណូលពន្ធរដ្ឋជារៀងរាល់ឆ្នាំ។
មន្ត្រីគយចល័តប្រចាំខេត្តត្បូងឃ្មុំ ស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ថា ប៉ុន្មានសប្តាហ៍កន្លងមកនេះ មន្ត្រីគយចល័តប្រចាំខេត្តត្បូងឃ្មុំ បានចុះឃាត់រថយន្តដឹកជ័រកៅស៊ូស្អុយមួយចំនួន និងបានតម្រូវឲ្យម្ចាស់រថយន្តដឹកទំនិញខុសច្បាប់ទាំងនោះធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យដឹកជ័រកៅស៊ូស្អុយឆ្លងដែនខុសច្បាប់ចេញទៅក្រៅប្រទេសទៀតទេ។
ប៉ុន្តែចំណាត់ការនេះ បានរងប្រតិកម្មជាខ្លាំងពីសំណាក់មន្ត្រីខិលខូចមួយចំនួនដែលធ្លាប់តែទទួលប្រយោជន៍ពីក្រុមឈ្មួញនាំចេញជ័រកៅស៊ូខុសច្បាប់ទាំងនោះ ជាពិសេសលោក ស៊្រុន ណាត ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីដូនរ័ត្ន តែម្តង។
ប្រភពពីមន្ត្រីគយ បានចោទលោក ស៊្រុន ណាត ថាជាមេខ្លោងកាងការពារឈ្មួញល្មើសនាំកៅស៊ូចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែនដូនរ័ត្ន ជាថ្នូរទទួលសំណូកពុករលួយពីឈ្មួញជាប្រចាំថ្ងៃ ដែលនាំឲ្យបាត់ប្រាក់ចំណូលពន្ធរដ្ឋរាប់រយលានដុល្លារក្នុងមួយឆ្នាំៗពីពន្ធនាំចេញកៅស៊ូកែច្នៃចេញទៅក្រៅប្រទេសតាមច្រកព្រំដែនខាងលើនេះ។
ឈ្មួញម្នាក់ឈ្មោះ ចឹម ចា រស់នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ស្ថិតក្នុងចំណោមឈ្មួញច្រើនទៀតដែលរកស៊ីដឹកជ័រកៅស៊ូស្អុយឆ្លងដែនទៅលក់នៅវៀតណាម តាមច្រកទ្វារទ្វេភាគីដូនរ័ត្ន ត្រូវបានគេហទំព័រក្នុងស្រុកដកស្រង់សម្ដីមកចុះផ្សាយថា ឈ្មួញនាំចេញជ័រកៅស៊ូស្អុយភាគច្រើនមកពីខេត្តផ្សេងៗគ្នាមានដូចជា ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងកំពង់ចាម ជាដើម។ ហើយថាក្រោយរូបគាត់ដើរប្រមូលទិញជ័រកៅស៊ូស្អុយគ្រប់ចំនួនហើយ ក៏ដឹកបន្តចេញទៅលក់នៅវៀតណាម ជារៀងរាល់ថ្ងៃ ដោយមិនដឹងថាជាទង្វើល្មើសច្បាប់ទេ។ ព្រោះពេលដឹកឆ្លងច្រកទ្វារព្រំដែនម្តងៗ គឺរូបលោកបានបង់លុយទៅឲ្យស្នាក់ការច្រកទ្វារដូនរ័ត្នជាប្រចាំ ហើយសមត្ថកិច្ចប្រចាំការនៅច្រកព្រំដែននោះ តែងបើកផ្លូវឲ្យរថយន្តរបស់លោកឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម យ៉ាងរលូនដោយមិនបានសួរនាំយកលិខិតស្នាមអ្វីទេ។
ចំណែកពលរដ្ឋមួយចំនួនរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្បែរច្រកទ្វារទេ្វភាគីដូនរ័ត្ន បានឲ្យដឹងដែរថា ពួកគាត់តែងឃើញទំនិញជាច្រើនប្រភេទរួមមាន ឈើប្រណិត ធ្យូង ជ័រកៅស៊ូស្អុយ និងឧសកៅស៊ូជាដើម ត្រូវក្រុមឈ្មួញសម្រុកដឹកឆ្លងដែនតាមរថយន្តទាំងតូចធំ និងទាំងយប់ទាំងថ្ងៃចេញទៅលក់នៅវៀតណាម។ ហើយក្រុមឈ្មួញដែលរកស៊ីដឹកទំនិញចេញតាមច្រកទ្វារព្រំដែនដូនរ័ត្ន ដែលល្បីឈ្មោះជាងគេរួមមាន ឈ្មោះ ថៃ គា ជាមន្ត្រីយោធា លោក យ៉ាន់ ឃុនមុនី និងឈ្មួញឈ្មោះ ឌី ជាមេឈ្មួញរកស៊ីធំនាំចេញជ័រកៅស៊ូស្អុយឆ្លងដែនទៅលក់នៅវៀតណាមដុះស្លែតាមច្រកព្រំដែននេះ។
ប្រភពពីម្ចាស់រថយន្តស៊ីឈ្នួលដឹកធ្យូងឆ្លងដែនតាមច្រកព្រំដែនខាងលើ បានអះអាងថា ចំពោះរថយន្តប្រភេទសាំយ៉ុង ១គ្រឿងដែលដឹកធ្យូងឆ្លងដែនទៅកាន់ប្រទេសវៀតណាម ត្រូវចំណាយលុយចាប់ពី ៣០ម៉ឺនរៀលទៅ ៦០ម៉ឺនរៀល។ រថយន្តកូរ៉េកង់ ១០ឡើងទៅ គឺត្រូវបង់លុយចាប់ពី ១លានរៀលទៅ ១លាន ៦០ម៉ឺនរៀលក្នុង ១គ្រឿង ហើយត្រូវបង់លុយទៅឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នដែលប្រចាំការនៅច្រកព្រំដែនដូនរ័ត្ននេះ។
ដោយឡែកសម្រាប់ការដឹកជ័រកៅស៊ូស្អុយឆ្លងដែនវិញ ប្រភពបន្តថា ពួកគាត់ត្រូវបង់លុយជូនមន្ត្រីគ្រប់ស្ថាប័ននៅស្នាក់ការច្រកទ្វារព្រំដែនដូនរ័ត្ន ខេត្តត្បូងឃ្មុំ ដោយក្នុងស្ថាប័ននីមួយៗចាប់ពី ២ម៉ឺនរៀលទៅ ២០ម៉ឺនរៀលតាមប្រភេទរថយន្តតូច ឬរថយន្តធំ។
ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់មានប្រភពទាក់ទងលោក ស៊្រុន ណាត ប្រធានស្នាក់ការច្រកទ្វារដូនរ័ត្ន និងលោក នូរ និច នាយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែននេះដើម្បីបំភ្លឺបានទេនៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១៕