38.1 C
Phnom Penh

មន្ត្រី​និង​បុគ្គលិក​សុខាភិបាល​ខេត្ត​ក្រចេះ​ចោទ​ប្រធាន​ការិយាល័យ​រដ្ឋបាល​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រាជការ​ជា​អ្នក​ដឹកនាំ និង​បុគ្គលិក​ធ្វើការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ និង​មណ្ឌល​សុខភាព​ខេត្ត​ក្រចេះ បាន​ចោទប្រកាន់​ប្រធាន​ការិយាល័យ​រដ្ឋបាល​មន្ទីរ​សុខាភិបាល​ខេត្ត ឈ្មោះ ទឺ ប៊ុនឡេង (ហៅ​ពេទ្យ ទូច) ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មាន​ឥរិយាបថ​មិន​សមរម្យ​ដល់​មន្ត្រី​រាជការ​ផ្សេង​ទៀត​ដែល​តែងតែ​សម្លុត​គំរាមកំហែង រំលោភបំពាន​ការងារ​របស់​ខ្លួន។

លិខិត​របស់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​សុខាភិបាល ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អភិបាល​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​ថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ទឺ ប៊ុនឡេង (ហៅ​ពេទ្យ ទូច) ប្រធាន​ការិយាល័យ​រដ្ឋបាល​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​តួនាទី​របស់​ខ្លួន​បង្កើត​ជា​មុខរបរ​ការផ្លាស់ប្ដូរ​ទីកន្លែង​ធ្វើការ​របស់​បុគ្គលិក និង​មន្ត្រី​ស្រេច​តែ​អំពើ​ចិត្ត ដោយ​ពុំ​មាន​ឆ្លង​យោបល់ ឬ​ការ​ដឹង​ឮ​ពី​អ្នក​គ្រប់គ្រង​នៅ​ថ្នាក់ក្រោម​នោះ​ឡើយ។

លិខិត​ដដែល​បញ្ជាក់​ទៀត​ថា រាល់​ការផ្លាស់ប្ដូរ​មន្ត្រី ឬ​បុគ្គលិក តម្រូវ​ឲ្យ​ពួកគេ​បង់​ប្រាក់​ឲ្យ​ឈ្មោះ ទឺ ប៊ុនឡេង ក្នុង​ម្នាក់​ចន្លោះ​ពី ៣​ពាន់​ដុល្លារ​ទៅ ៤​ពាន់​ដុល្លារ។ ចំពោះ​ការ​ជ្រើសរើស​កម្មករ បុគ្គលិក​កិច្ចសន្យា​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ ក៏​បុគ្គល​រូប​នេះ​រំលោភបំពាន​តួនាទី និង​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ ជ្រើសរើស​នោះ​ឡើយ។ មិន​ត្រឹម​តែប៉ុណ្ណោះ កម្មករ ឬ​បុគ្គលិក​កិច្ចសន្យា​ទាំងនោះ ត្រូវ​បង់​ប្រាក់​ឲ្យ​ឈ្មោះ ទឺ ប៊ុនឡេង ពី ១​ពាន់​ទៅ ១៥០០​ដុល្លារ។

មន្ត្រី​រាជការ​ជា​អ្នក​ដឹកនាំ និង​បុគ្គលិក​សុខាភិបាល​ខេត្ត​ក្រចេះ បាន​ចោទប្រកាន់​ឈ្មោះ ទឺ ប៊ុនឡេង ទៀត​ថា គាត់​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ធ្ងន់​បំផុត​ដោយ​កេង​បន្លំ និង​បំពាន​លើ​ទឹកចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ទឹកចិត្ត​ដល់​មន្ត្រី​ស្ម័គ្រចិត្ត​បម្រើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ឲ្យ​ចូល​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ ប៉ុន្តែ​ឈ្មោះ ទឺ ប៊ុនឡេង ហៅ​ពេទ្យ ទូច បែរជា​ប្រមូល​យក​លុយ​ពី​មន្ត្រី​ស្ម័គ្រចិត្ត​ទាំង ១៣០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ១​ម៉ឺន​ទៅ ១​ម៉ឺន ៣​ពាន់​ដុល្លារ ហើយ​បើ​មិន​បង់​លុយ​គ្រប់​ចំនួន គឺ​មិន​បាន​ជាប់​ក្របខ័ណ្ឌ​ឡើយ ដោយ​ឈ្មោះ ទឺ ប៊ុនឡេង ហៅ​ពេទ្យ ទូច អះអាង​ថា លុយ​នេះ​គឺ​យក​ទៅ​ជូន​ចៅហ្វាយ​ខេត្ត និង​អ្នក​គ្រប់គ្រង​ក្រសួង​សុខាភិបាល។

ប្រភព​ដដែល​បាន​បន្ត​ចោទ​លោក ទឺ ប៊ុនឡេង ថា​បាន​បន្លំ​ឯកសារ​សាធារណៈ ដោយ​លួច​ក្លែង​ឯកសារ​បញ្ជាក់​លើ​ប្រវត្តិរូប​មន្ត្រី​ស្ម័គ្រចិត្ត​ដែល​ត្រូវ​ចូល​ក្របខ័ណ្ឌ​រដ្ឋ ដោយ​លួច​ប្រើ​ឈ្មោះ ហត្ថលេខា និង​លួច​បោះត្រា​ប្រធាន-អនុប្រធាន​ស្រុក​ប្រតិបត្តិ​របស់​ពួកគាត់ ទាំង​ពួកគាត់​ម្នាក់ៗ​មិន​បាន​ដឹង​ខ្លួន​ជា​មុន​ទាល់តែសោះ។

មន្ត្រី​រាជការ​ជា​អ្នក​ដឹកនាំ និង​បុគ្គលិក​ទាំងនោះ ទទូច​ស្នើ​ឲ្យ​អង្គភាព​ថ្នាក់​ដឹកនាំ​ក្រសួង​សុខាភិបាល និង​អភិបាល​ខេត្ត​ក្រចេះ ត្រួតពិនិត្យ​ការងារ និង​អំពើ​ពុករលួយ​របស់​ឈ្មោះ ទឺ ប៊ុនឡេង ហៅ​ពេទ្យ ទូច នេះ​តាម​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ត់ចត់។

ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​សាមី​ខ្លួន​លោក ទឺ ប៊ុនឡេង ហៅ​ពេទ្យ ទូច ដើម្បី​បញ្ជាក់​ពី​ការចោទប្រកាន់​ក្នុង​អំពើ​ពុករលួយ​បាន​នៅឡើយ​ទេ ចំណែក​ឯ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ។

ឆ្លើយតប​ការចោទប្រកាន់​នេះ លោក ទឺ ប៊ុនឡេង ហៅ​ពេទ្យ ទូច ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បាន​ផ្តល់​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ដោយ​បដិសេធ​ថា មិន​បាន​យក​លុយ​ពី​មន្ត្រី​ស្ម័គ្រចិត្ត​ជាប់​កិច្ចសន្យា​បម្រើ​ការងារ​ប្រឆាំង​ជំងឺ Covid-19 ម្នាក់ៗ​ចាប់ពី ១​ម៉ឺន​ដុល្លារ​ទៅ ១​ម៉ឺន ៣​ពាន់​ដុល្លារ​ដូច​ការចោទប្រកាន់​ទេ។

ប៉ុន្តែ​លោក​ទទួលស្គាល់​ថា ពិតជា​បាន​បំពេញ​ប្រវត្តិរូប​ឲ្យ​មន្ត្រី​ស្ម័គ្រចិត្ត​ទាំងអស់​ឲ្យ​ចូល​ក្របខ័ណ្ឌ​រដ្ឋ ដោយ​ធ្វើ​រំលង​ប្រធាន​ប្រតិបត្តិ​សុខាភិបាល​ស្រុក​ពិតប្រាកដ​មែន។ លោក​ថា ការ​ធ្វើ​បែប​នេះ ក៏​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល បាន​ណែនាំ​ដែរ។

ចំណែក​លោក ឈ្នាង សុវុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បាន​បញ្ជាក់​ថា ករណី​មន្ត្រី​សុខាភិបាល​រាប់​រយ​នាក់​សរសេរ​លិខិត​ប្តឹង​ឈ្មោះ ទឺ ប៊ុនឡេង ប្រធាន​ការិយាល័យ​ក្រោម​ឱវាទ​របស់​លោក​នេះ គឺ​កំពុង​ត្រូវ​បាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចុះ​ស៊ើប​អង្កេត​ហើយ។ ចំពោះ​លទ្ធផល​បែប​ណា​នោះ គឺ​ត្រូវ​រង់ចាំ​ស្តាប់​លទ្ធផល​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រកាស​សិន។

យ៉ាងនេះ​ក្តី មន្ត្រី​សុខាភិបាល​ថ្នាក់ក្រោម​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​មណ្ឌល​សុខភាព​ទាំងអស់​នៃ​ខេត្ត​ក្រចេះ ក៏​បាន​ចោទ​លោក ឈ្នាង សុវុត្ថា ថា​ក៏​ជា​មន្ត្រី​ថ្នាក់​ដឹកនាំ​ពុករលួយ​ម្នាក់​ដែរ ដោយ​បាន​បើក​ដៃ​ឲ្យ​លោក ទឺ ប៊ុនឡេង ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​រូប​លោក​មិន​ចេញ​មុខ​តែប៉ុណ្ណោះ និង​រង់ចាំ​ទទួល​ផលប្រយោជន៍​ទាំងអស់​គ្នា។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ដើម្បី​បំភ្លឺ​ជុំវិញ​អំពើ​ពុករលួយ​របស់​លោក ទឺ ប៊ុនឡេង បានទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស