33 C
Phnom Penh

លោក កឹម សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​សម្ដែង​ការ​ព្រួយបារម្ភ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​កុំ​តក់ស្លុត និង​ចុះចាញ់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​នៅ​ក្នុង​ប្រទេស លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 គឺជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ជាពិសេស​ការ​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​នៃ​វីរុស​នេះ​ដែល​មាន​លក្ខណៈ​កាច​សាហាវ ដែល​កំពុងតែ​ឆ្លង​ចូល​កម្ពុជា​នៅ​ពេលនេះ។

លោក​អះអាង​ថា ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ជាច្រើន​មក​ហើយ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ត្រូវតែ​ចូលរួម​ការពារ​ក្នុង​ស្មារតី​សាមគ្គីភាព​ដោយ​ចិត្ត​សប្បុរសធម៌ ដោយ​ការ​ទទួល​ខុសត្រូវ មិន​រើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទៅតាម​លទ្ធភាព នោះ​ទើប​ការ​ទប់ស្កាត់​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់។

មេដឹកនាំ​កំពូល​នៃ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ថ្លែង​អំណរគុណ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ទាំងអស់ ដែល​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ជា​វ៉ាក់សាំង និង​បរិក្ខារ​សុខាភិបាល​ផ្សេងទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត​សកល​នេះ។

ការ​អំពាវនាវ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​ព្រួយបារម្ភ​នឹង​រលក​ទី​៣ នៃ​ការ​ឆ្លង​វីរុស Covid-19 ចូល​ក្នុង​សហគមន៍​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ពេលនេះ។

ជុំវិញ​ការ​ព្រួយបារម្ភ​របស់​លោក កឹម សុខា សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ផង​ដែរ​ថា ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ លោក​សង្កេត​ឃើញ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅតែ​មាន​ការ​ព្រួយបារម្ភ និង​យកចិត្ត​ទុកដាក់​លើ​សិទ្ធិ​សេរីភាព និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជានិច្ច ទោះបី​ខ្លួន​គាត់​ផ្ទាល់​មិន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក៏ដោយ។

អ្នកជំនាញ​ផ្នែក​ច្បាប់​រូប​នេះ បាន​លើកឡើង​ពី​សកម្មភាព​មេដឹកនាំ​បក្ស​ប្រឆាំង​ជាច្រើន​ក្នុង​ពេល​ដែល​លោក​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​នៅ​ពេលនេះ ដូចជា​ការ​ជួប​សួរ​សុខទុក្ខ និង​ឈ្វេងយល់​អំពី​ជីវភាព​របស់​ពលរដ្ឋ ការ​ផ្តល់​ជំនួយ​សប្បុរសធម៌​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ និង​ឧប្បត្តិហេតុ​ផ្សេងៗ ដូចជា​ការ​បាក់​អគារ ទឹកជំនន់ និង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19 ជាដើម។

មេធាវី​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​រងគ្រោះ លោក កឹម សុខា តែង​អំពាវនាវ និង​ស្នើ​ឲ្យ​បណ្តា​ប្រទេស​ជា​មិត្ត​តាមរយៈ​អង្គទូត ឲ្យ​ជួយ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងតែ​ខ្វះខាត និង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វិបត្តិ​សកល​ដែល​កម្ពុជា​កំពុង​ប្រឈម​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​បាន​អះអាង​ថា ចាប់តាំង​ពី​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19 មក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ដឹកនាំ​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុង​ការ​ចែក​អំណោយ​ជូន​ពលរដ្ឋ​ដែល​មាន​ភាព​ទីទ័ល​ខ្លាំង​តាម​បណ្តា​រាជធានី-ខេត្ត​ជាច្រើន ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​តាកែវ ព្រះសីហនុ និង​ខេត្ត​ត្បូងឃ្មុំ ជាដើម។

យ៉ាងណាក៏ដោយ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ធ្លាប់​បាន​អះអាង​ដែរ​ថា ជំនួយ​នេះ​ពិតជា​តិចតួច​ណាស់ ក៏ប៉ុន្តែ​នេះ​ជា​សទ្ធា​ដែល​លោក​មាន​ជំនឿ​ថា ខ្មែរ​មាន​ទុក្ខ ខ្មែរ​ត្រូវតែ​ជួយ​ខ្មែរ បើ​ខ្មែរ​មាន​បញ្ហា ក៏​ត្រូវតែ​មាន​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​ដែរ បើ​ទោះបីជា​នៅ​ពេលនេះ​លោក​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​លោក​មិន​អាច​បិទ​ភ្នែក​សម្ងំ​សុខ​តែ​ម្នាក់ឯង​នោះ​ទេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ​តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ លោក​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណាមួយ​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស