26 C
Phnom Penh

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី​ជាង ១០០​នាក់ ក្នុង​នោះ​មាន​នៅ​មន្ទីរពេទ្យ​ធំៗ​ពីរ​ក្នុង​រាជធានី​ភ្នំពេញ

បទវិភាគ

ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា រយៈពេល ២​ថ្ងៃ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19បំប្លែង​ខ្លួន​ថ្មី​ប្រភេទ «ដែលតា» ដែល​មាន​ប្រភេទ​ចេញពី​ប្រទេស​ឥណ្ឌា បាន​កើតឡើង​លើ​មនុស្ស​ជាង ១០០​នាក់​ហើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា រយៈពេល​ត្រឹម ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ក្រសួង​បាន​រក​ឃើញ​អ្នក​វិជ្ជមាន Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ដែលតា (Delta) ចំនួន ១០៩​នាក់ ក្នុង​នោះ​ពលករ​មកពី​ថៃ និង​ឆ្លង​ក្នុង​សហគមន៍។

ក្រៅពី​ពលករ​ខ្មែរ​ទាំងនោះ នៅ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២១ ក្រសួង​បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​ម្នាក់​មកពី​មន្ទីរពេទ្យ​កាល់ម៉ែត ខណៈ​ពីរ​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្នុង​នោះ​បុគ្គលិក​អនាម័យ​ម្នាក់ និង​អ្នកជំងឺ​ផ្នែក​សង្គ្រោះ​បន្ទាន់​ម្នាក់។

ក្រសួង​សុខាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន កាត់បន្ថយ​ការ​ធ្វើ​ដំណើរ​ចល័ត ឬ​នៅ​ផ្ទះ ប្រសិន​មិន​មាន​ភារកិច្ច​ចាំបាច់ ខណៈ Covid-19 បំប្លែង​ថ្មី​ប្រភេទ ដែលតា (Delta) កំពុង​រាតត្បាត​ចូល​ក្នុង​សហគមន៍ ដែល​ជំងឺ​នេះ​ចម្លង​មាន​សន្ទុះ​លឿន។

បច្ចុប្បន្ន ជំងឺ Covid-19 បំប្លែង​ថ្មី​នេះ​កំពុង​ឆ្លង​រាលដាល​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ជិតខាង​កម្ពុជា ដូចជា​នៅ​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង សៀមរាប ត្បូងឃ្មុំ ប៉ៃលិន កំពង់ធំ កំពង់ចាម ព្រៃវែង និង​រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃ​នេះ​ដែរ សាលា​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​ច្រក​ចូល​ផ្លូវ​មួយ​ចំនួន​ក្នុង​ភូមិ​៥ សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រយៈពេល ១៤​ថ្ងៃ ក្រោយ​ពី​មាន​ការ​ឆ្លង​រាលដាល​មេរោគ Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta ខណៈ​ភូមិ​ផ្សារតូច សង្កាត់​ទួលសង្កែទី១ ខណ្ឌ​ឫស្សីកែវ ក៏​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​រយៈពេល ០៧​ថ្ងៃ គឺ​ចាប់​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​ស្រាវជ្រាវ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍។

ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ កម្ពុជា​មាន​អ្នក​ឆ្លង Covid-19 ប្រភេទ ដែលតា «Delta» ចំនួន ២២៣​នាក់។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៥៦០​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៧៦៣​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ២២​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៧​ម៉ឺន ៨​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៧​ម៉ឺន ១​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៤០០​នាក់​ហើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស