33.3 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថា​ការរើសអើង​នយោបាយ​មិនទាន់​អាច​បំបាត់​បាន​នៅឡើយ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ លើកឡើង​ថា សកម្មភាព​នៃ​ការ​បំផ្លិចបំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរើសអើង​នយោបាយ​នៅ​កម្ពុជា ដែល​បាន​បន្ត​ពី​អតីតកាល​មក​មិនទាន់​អាច​បំបាត់​បាន​នៅឡើយ។

អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក កង គឹមហាក់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដោយ​មិន​មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការរើសអើង ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា តាំងពី​អតីតកាល​រហូត​ដល់​សព្វថ្ងៃ​នេះ។

លោក​អះអាង​ថា សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយពី​ផ្លូវ​ច្បាប់​បែប​នេះ គឺជា​ការប្រមាថ​ទៅ​ដល់​ស្ថាប័ន​កំពូល​របស់​រដ្ឋាភិបាល គឺ​ក្រសួង​មហាផ្ទៃ​ទាំងស្រុង​ដែល​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ អាច​ធ្វើ​សកម្មភាព​នយោបាយ​ទូទាំង​ប្រទេស ប៉ុន្តែ​ត្រូវ​ជន​អគតិ​ធ្វើ​សកម្មភាព​ប្រឆាំង​ដោយ​ចំហ​មិន​កោតញញើត​នឹង​ផ្លូវច្បាប់​ទាល់តែសោះ។

លោក កង គឹមហាក់ បញ្ជាក់​ជំហរ​យ៉ាង​មុតមាំ​ថា សកម្មជន និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​គណបក្ស​នេះ នឹង​មិន​រាថយ​ជាដាច់ខាត បើ​ទោះបីជា​មាន​ឧបសគ្គ​ដោយ​ការ​គំរាមកំហែង​ជាបន្តបន្ទាប់​នា​ពេល​កន្លងមក​ក៏ដោយ ក៏​ក្រុម​របស់​លោក​នៅតែ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​មូលដ្ឋាន​ដើម្បី​ការផ្លាស់ប្ដូរ​ដោយ​សន្តិវិធី​ស្រប​តាម​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​ជានិច្ច។

កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ស្លាក​សញ្ញា​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃជ្រូក ឃុំ​ព្រៃជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាត់​ចេញ​ពី​ទីតាំង​ដើម​បាត់ស្រមោល​តែម្តង ខណៈ​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​ចំណាត់ការ​ណាមួយ​លើ​ករណី​នេះ​នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​នេះ បាន​អះអាង​ថា ការ​បំភិតបំភ័យ​នៅ​មូលដ្ឋាន​មិនមែន​ត្រឹមតែ​កាត់​ស្លាក​សញ្ញា​គណបក្ស​របស់​ពួកគេ​មួយ​លើក ឬ​ពីរ​លើក​ប៉ុណ្ណោះ​ទេ គឺ​តែងតែ​កើត​ឡើង​ជា​ហូរហែ​រហូត​មក។ ជាង​នេះ​ទៀត ក៏​មាន​ការ​រឹតត្បិត​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ នៅ​ពេល​ដែល​មាន​ការ​ជួបជុំ​រវាង​មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​នៅ​មូលដ្ឋាន​របស់​ពួកគេ។

ក្រោយ​លេច​ចេញ​រូបរាង​ជា​ផ្លូវការ​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ពី​ក្រសួង​មហាផ្ទៃ អស់​រយៈពេល​ជិត ២​ឆ្នាំ​មក​នេះ គណបក្ស​ថ្មី​ដែល​ទើប​តែ​ហក់​ចូល​សង្វៀន​នយោបាយ​មួយ​នេះ បាន​រៀបចំ​បេក្ខភាព​របស់​ខ្លួន​ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ បាន​ជាង​ពាក់កណ្តាល​នៃ​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ហើយ។

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០២០ ក្រោម​ការ​ផ្ដួចផ្ដើម​របស់​លោក ជីវ កត្តា និង​លោក កង គឹមហាក់ ដែល​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​តុលាការ​កំពូល​ប្រកាស​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស