26 C
Phnom Penh

ពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ​សាទរ​ចំពោះ​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​សម្រេច​ចេញ​វិធានការ​ដើម្បី​ការពារ​ព្រៃ​សហគមន៍

បទវិភាគ

ប្រជា​សហគមន៍​ព្រៃឈើ​នៅ​ខេត្ត​តាកែវ សម្ដែង​មោទកភាព និង​អបអរ​សាទរ​ចំពោះ​រដ្ឋបាល​ឃុំ​ត្រពាំងធំខាងត្បូង ដែល​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ការពារ​ព្រៃ​សហគមន៍​ត្រពាំងធំខាងត្បូង ពី​ការរុករាន​កាន់កាប់​ជា​កម្មសិទ្ធិ​ពី​ឈ្មួញ និង​ក្រុមហ៊ុន​ឯកជន​នា​ពេល​កន្លងមក។

ការ​សាទរ​របស់​ប្រជា​សហគមន៍ ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​ឃុំ​ត្រពាំងធំខាងត្បូង បាន​ចេញ​សេចក្តី​ជូនដំណឹង និង​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​សហគមន៍​ត្រពាំងធំខាងត្បូង លោក សំ សារូ បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ថា ដើម្បី​ឲ្យ​ព្រៃ​សហគមន៍​ត្រពាំងធំខាងត្បូង​នេះ​អាច​គង់វង្ស​បាន​យូរអង្វែង គឺ​ត្រូវតែ​មាន​ការ​ការពារ​យ៉ាង​ហ្មត់ចត់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដូចជា​មេភូមិ មេឃុំ និង​មន្ទីរ​បរិស្ថាន ជាដើម។

លោក​អះអាង​ថា នៅ​ពេល​ដែល​ព្រៃ​សហគមន៍​នេះ​ត្រូវ​បាន​ការពារ​ថែរក្សា​បាន​ល្អ​ត្រឹមត្រូវ​ហើយ​នោះ ប្រជាកសិករ​ក្នុង​ឃុំ​ត្រពាំងធំខាងត្បូង​ទាំងអស់​នឹង​អាច​ទទួល​បាន​ផលប្រយោជន៍​គ្រប់ៗ​គ្នា​ពី​ព្រៃ​សហគមន៍​នេះ ប៉ុន្តែ​ប្រសិនបើ​គ្មាន​ការ​អភិរក្ស​ឲ្យ​បាន​ត្រឹមត្រូវ​ទេ នោះ​ផល​ប្រយោជន៍​នឹង​បាន​តែ​ទៅលើ​មនុស្ស​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ ហើយ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​ថែម​ទៀត។

លោក សំ សារូ បញ្ជាក់​ថា ក្រោម​ការ​សម្រេច​របស់​រដ្ឋបាល​ឃុំ​ត្រពាំងធំខាងត្បូង ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​ការពារ​ព្រៃ​សហគមន៍​នេះ ប្រជាពលរដ្ឋ​មាន​មោទកភាព និង​ភាព​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​ថា​ចំណាត់ការ​នេះ​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ដោយ​ខុសច្បាប់​ដូច​ដែល​ធ្លាប់​កើតឡើង​កាលពី​ពេល​កន្លង​ទៅ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ឃុំ​ត្រពាំងធំខាងត្បូង បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ការពារ​ដី​ព្រៃ​សហគមន៍​ខាងត្បូង ដូចជា​ហាមឃាត់​បុគ្គល ឬ​ក្រុមហ៊ុន​ឯកជន​ដែល​រំលោភ​ចូល​ដី​ព្រៃ​សហគមន៍​នេះ​ត្រូវ​បញ្ឈប់​ជាបន្ទាន់ ចំណែក​ពលរដ្ឋ​មាន​កាតព្វកិច្ច​ចូលរួម​ថែរក្សា​ការពារ​ដោយ​ការ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ។

ដោយឡែក​ក្រុមហ៊ុន បុគ្គល​ឯកជន​ដែល​មាន​ប្លង់​កម្មសិទ្ធិ ឬ​សលាកបត្រ​ដែល​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​សហគមន៍​ខាងត្បូង​នេះ ដែល​បាន​ចេញ​ដោយ​និស្សិត​ចុះ​វាស់វែង​ដីធ្លី​របស់​លោក ហ៊ុន សែន កាលពី​ពេល​កន្លងទៅ ត្រូវ​រក្សាទុក​ដើម្បី​ជួប​នឹង​មន្ត្រី​ជំនាញ​ពេល​បោះបង្គោល​កំណត់​ព្រំ​ដី​ក្នុង​តំបន់​នោះ​ឡើងវិញ​ម្តង​ទៀត។

វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ឃុំ​ត្រពាំងធំខាងត្បូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​កើត​ទុក្ខ​មិន​សុខចិត្ត​ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ដី​ព្រៃ​សហគមន៍​ដែល​មាន​ការ​កាប់​ទន្ទ្រាន​ពី​អ្នក​មាន​លុយ និង​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​ដែល​សារព័ត៌មាន The Cambodia Daily បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ​នោះ។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​ប្រកាស​ឲ្យ​បង្កើត​ព្រៃ​សហគមន៍​ត្រពាំងធំខាងត្បូង ដែល​មាន​ទំហំ​ផ្ទៃដី​សរុប ៥៨៣​ហិកតារ ស្ថិត​ក្នុង​ឃុំ​ត្រពាំងធំខាងត្បូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដើម្បី​ប្រើប្រាស់​អនុផល​ព្រៃឈើ និង​អភិរក្ស​ជីវចម្រុះ និង​អភិវឌ្ឍ​ព្រៃ​សហគមន៍​នេះ​ឲ្យ​មាន​និរន្តរភាព។

ព្រៃ​សហគមន៍​ក្នុង​ខេត្ត​តាកែវ នេះ ត្រូវ​បាន​បង្កើត​ឡើង​មាន ៦​សហគមន៍ និង​ត្រូវ​បាន​បែងចែក​ជា ៧​កន្លែង ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ៦​ពាន់ ៣០០​ហិកតារ ក្នុង​នោះ​រួម​មាន​ព្រៃ​សហគមន៍​ត្រពាំងធំខាងត្បូង ព្រៃ​សហគមន៍​មហាសី និង​ព្រៃ​សហគមន៍​ប៉ាយ៉ង់កោរ ជាដើម។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ សីហា ដែរ​ថា លោក​សូម​ចូលរួម​អបអរ​សាទរ​ជាមួយ​សហគមន៍​ត្រពាំងធំខាងត្បូង ដែល​ទទួល​បាន​នូវ​យុត្តិធម៌​ត្រឡប់​មកវិញ​សម្រាប់​ការ​ការពារ​ដី​ព្រៃ​សហគមន៍​របស់​ខ្លួន។

បណ្ឌិត យ៉ង សាំងកុមារ អំពាវនាវ​ឲ្យ​ប្រជា​សហគមន៍​ដទៃ​ទៀត​យក​សហគមន៍​ត្រពាំងធំខាងត្បូង ធ្វើជា​គំរូ​នៅ​ពេល​ខ្លួន​មាន​បញ្ហា​រំលោភបំពាន​ណាមួយ​ពី​អ្នក​មាន​អំណាច ឬ​ក្រុមហ៊ុន​ឯកជន ត្រូវតែ​នាំគ្នា​តស៊ូ​មតិ​តាម​ផ្លូវច្បាប់​ដោយ​អហិង្សា ដើម្បី​រក​ដំណោះស្រាយ​រួម​មួយ​ដែល​អាច​ទទួល​បាន​ផលប្រយោជន៍​ទាំងសងខាង និង​មិន​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ក្នុង​សហគមន៍​របស់​ខ្លួន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស