26 C
Phnom Penh

សកម្មជន​ព្រៃឈើ៖ ព្រៃឡង់​វិនាស​ដោយសារ​មន្ត្រី​បើក​ផ្លូវ​ឱ្យ​ឈ្មួញ​ចូល​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ

បទវិភាគ

សកម្មជន​ការពារ​ព្រៃឈើ ឱ្យ​ដឹង​ថា ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​នឹង​រង​ការ​វិនាស​ដោយសារ​មន្ត្រី​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ចូល​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​យ៉ាង​អនាធិបតេយ្យ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​វៀតណាម។

សកម្មជន​ការពារ​ព្រៃឡង់​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា កម្មករ​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទីក របស់​លោក សយ សុផល និង​មេការ​ឈ្មោះ ចាប សារ៉ន ដែល​បាន​អះអាង​ថា​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ កំពុងតែ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន PNT របស់​វៀតណាម បាន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​អស់​យ៉ាង​រង្គាល ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​បិទ​ខ្ទប់​ខេត្ត​ព្រះវិហារ ដើម្បី​ទប់ស្កាត់ Covid-19។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា បទល្មើស​ព្រៃឈើ​នៅត្រង់​ចំណុច​បុស្សរាំង ជ្រាំក្បាលដំរី អូរអាចម៍ដែក ឈើទាលប៉េង ស្មាច់កោង ភ្នំតាផែង ស្រែពពែល ស្រែកំរោល ច្រកទូជា ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង កំពង់ធំ ត្រូវ​បាន​កម្មករ​របស់​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទីក កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុច​ទាំងនេះ​ក្នុង​មួយ​ថ្ងៃ​ចំនួន ២៥ ទៅ ៣០​គោយន្ត ដោយ​ឈើ​ទាំងនោះ​មាន​មុខកាត់​ចាប់ពី​ជាង ៤​តឹក​ទៅ ១​ម៉ែត្រ ២​តឹក។

ក្រុម​សកម្មជន​ព្រៃឈើ​ដដែល​នោះ​បន្ត​ថា ឈើ​ទាំងនោះ​បាន​ដឹក​ចេញពី​ក្នុង​បរិវេណ​ដីសម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​វៀតណាម PNT រួច​បន្ត​ដឹក​ចេញ​ទៅ​តាម​ក្រុមហ៊ុន CRCK ស្ថិត​នៅ​ភូមិ​បឹង ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​តែម្តង។

ពួកគេ​សង្ស័យ​ថា ទំនង​មន្ត្រី និង​អាជ្ញាធរ​នៅ​តំបន់​នោះ​បាន​ទទួល​ប្រាក់​សំណូក​ពី​ក្រុម​អ្នក​កាប់ និង​ដឹកជញ្ជូន​ឈើ ទើប​ធ្វើ​ឲ្យ​ការ​ដឹកជញ្ជូន​ឈើ​មាន​ភាព​គគ្រឹកគគ្រេង​ដោយ​គ្មាន​ការ​ទប់ស្កាត់។

ពួកគេ​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សមត្ថកិច្ច ព្រមទាំង​គណៈកម្មការ​ជាតិ​ដែល​មិន​ខ្វល់​ចំពោះ​ការ​លើកឡើង និង​បណ្ដឹង​សកម្មជន​ព្រៃឈើ ដើម្បី​ឱ្យ​ពួកគាត់​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ឡើយ។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) របស់​វៀតណាម ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​ទំហំ ៧៩០០​ហិកតារ ស្ថិតនៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ឆ្នាំ​២០១០ ដើម្បី​វិនិយោគ​ដំណាំ​ខ្លឹមចន្ទន៍ ចន្ទី និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល ៧០​ឆ្នាំ ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ផ្ទុយទៅវិញ​ក្រុមហ៊ុន​ផ្ដោត​លើ​ការ​កាប់​ឈើ​ទៅវិញ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​ផ្តាច់​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង «ព្រៃឡង់​បៃតង» ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បិទ​ខ្ទប់​សំឡេង និង​សកម្មភាព​សកម្មជន​ការពារ​ព្រៃឈើ មិន​ឱ្យ​ចូល​ល្បាត​នៅ​តំបន់​ព្រៃឡង់ ខណៈ​ព្រៃឈើ​ក្នុង​តំបន់​ការពារ​មួយ​នេះ​នៅ​បន្ត​រង​ការ​កាប់​បំផ្លាញ។

ស្ថានទូត​ក៏​ធ្លាប់​លើកឡើង​ដែរ​ថា ការ​កាប់​ឈើ​ខុសច្បាប់​នៅតែ​បន្ត​មាន​នៅ​ក្នុង និង​ជុំវិញ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ហើយ​អាជ្ញាធរ​កម្ពុជា​មិន​បាន​កាត់ទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ ឬ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ទាំងនេះ​ឡើយ។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​បាន​បន្ត​បំបិទ​សំឡេង និង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ដែល​ជា​ដៃគូ​ក្នុង​ការចូលរួម​ទប់ស្កាត់​បទល្មើស​ថែម​ទៀត។

កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​បង្ហាញ​របាយការណ៍​រក​ឃើញ​ថ្មី​មួយ​អំពី​ការ​បន្ត​កាប់​ឈើ​នៅ​ព្រៃឡង់​ទ្រង់ទ្រាយ​ធំ ខណៈ​ការ​ចុះ​ល្បាត​ព្រៃ​របស់​ប្រជា​សហគមន៍​ត្រូវ​បាន​ហាមឃាត់។ អង្គការ​អន្តរជាតិ​មួយ​នេះ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា ព្រៃឡង់​ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ​កន្លះ​លាន​ហិកតារ ស្ថិត​ក្នុង «ហានិភ័យ​ធ្ងន់ធ្ងរ»។

លើស​ពី​នេះ អង្គការ​ជាតិ និង​អន្តរជាតិ​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ ទំហំ​ព្រៃឡង់​ជាង ១​សែន​ហិកតារ (១០២៤៣៦​ហិកតារ) ត្រូវ​បាន​បាត់បង់​ក្លាយ​ជា​វាលរហោឋាន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស