33 C
Phnom Penh

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ពេល​ចុះ​លេង​ទឹកសមុទ្រ​ព្រោះ​មាន​រលក​ធំៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​នគរបាល​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ក្រើន​រំឭក​ដល់​ពលរដ្ឋ ជាពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ទៅ​លេង​កម្សាន្ត និង​ចុះ​មុជទឹក​សមុទ្រ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​អំពី​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់ ឬ​មិន​ត្រូវ​ចុះ​មុជទឹក​សមុទ្រ​នៅ​ក្នុង​អំឡុង​ពេល​កំពុង​មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ធំៗ ព្រោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​នេះ អាកាសធាតុ​នៅ​លើ​លំហសមុទ្រ​ក៏ដូចជា​នៅ​តាម​ឆ្នេរ​នានា​នៅ​ក្រុង​ព្រះសីហនុ គឺ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​មាន​រលក​សមុទ្រ​ធំៗ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ ពិសេស​កុមារ​តូចៗ​ដែល​ចុះ​មុជទឹក​សមុទ្រ ហើយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន។

សារ​អំពាវនាវ​របស់​មន្ត្រី​នគរបាល​ទេសចរណ៍​ខាងលើ​នេះ បាន​កើត​មាន​ជា​ថ្មី​ទៀត​បន្ទាប់ពី​មាន​បុរស​ជា​ភ្ញៀវ​ទេសចរ​ម្នាក់​មកពី​រាជធានី​ភ្នំពេញ បាន​បាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ ពេល​ចុះ​មុជទឹក​សមុទ្រ​នៅ​ឆ្នេរ​អូរត្រេះ១ ស្ថិត​ក្នុង​សង្កាត់​លេខ៤ ក្រុង-ខេត្ត​ព្រះសីហនុ។ ក្រោយ​ការ​បាត់ខ្លួន សមត្ថកិច្ច​បាន​ស្វះស្វែង​រក​ឃើញ​សាកសព​បុរស​រងគ្រោះ​អណ្ដែត​ទើរ​នៅ​លើ​ឆ្នេរសមុទ្រ​នៃ​ឆ្នេរ​អូរត្រេះ មាន​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ពី​ទីកន្លែង​បាត់ខ្លួន។

សមត្ថកិច្ច​បញ្ជាក់​ថា ជនរងគ្រោះ​មាន​ឈ្មោះ ជូ ជាគុយ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ខ្មែរ និង​មាន​មុខរបរ​ជា​មេធាវី រស់នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ធ្វើ​ដំណើរ​មក​ក្រុង​ព្រះសីហនុ ដើម្បី​បំពេញ​បេសកកម្ម​ការងារ និង​ធ្វើ​ទេសចរណ៍។

មន្ត្រី​នគរបាល​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២១ មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ខ្មែរ​មួយ​ក្រុម​មាន​គ្នា ០៤​នាក់​មកពី​រាជធានី​ភ្នំពេញ បាន​ចុះ​មុជទឹក​សមុទ្រ ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយមក​ក៏​មាន​បុរស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង ០៤​នាក់ បាន​លិច​បាត់ខ្លួន​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​ពេល​កំពុង​ចុះ​មុជទឹក​សមុទ្រ ហើយ​មិត្តភ័ក្ដិ​ប្រកាស​ឆោឡោ​ថា រក​ជំនួយ​អន្តរាគមន៍​នៅ​ចំណុច​ឆ្នេរ​អូរត្រេះ១ ស្ថិត​ក្នុង​ភូមិ​៦ សង្កាត់​លេខ៤ ក្រុង-ខេត្ត​ព្រះសីហនុ ខណៈ​ឆ្នេរ​ខាងលើ​កំពុង​មាន​ខ្យល់​បោកបក់​ខ្លាំង និង​មាន​ទឹករលក​ធំៗ។

បច្ចុប្បន្ន សាកសព​បុរស​រងគ្រោះ​ក្រោយ​ពេល​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​រួច ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស