27 C
Phnom Penh

អ្នក​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រិះគន់​ថា​លំហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​ចង្អៀត

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា អះអាង​ថា ពួកគេ​មិន​មាន​ទំនុក​ចិត្ត​លើ​គណៈកម្មាធិការ​វាយតម្លៃ តាមដាន និង​លើក​សរសើរ​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ​ទេ ព្រោះ​ថា​អ្នក​អង្គភាព​នោះ គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ក្រសួង​ព័ត៌មាន​ប៉ុណ្ណោះ ខណៈ​ក្រសួង​មួយ​នេះ​តែង​ធ្វើ​កិច្ចការ​ក្រោម​ខ្សែ​ញាក់​របស់​រដ្ឋាភិបាល​កម្ពុជា​រហូត​មក។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា គោលបំណង​នៃ​ការ​បង្កើត​គណៈកម្មការ​នេះ គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​លោក​នៅតែ​ព្រួយបារម្ភ​ពី​ឯករាជភាព​វិជ្ជាជីវៈ​របស់​គណៈកម្មការ​ទាំងនោះ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ព្រោះ​ថា​សមាសភាព​កំពូល​នៃ​គណៈកម្មការ​នេះ គឺ​ចេញ​មក​តែ​ពី​ក្រសួង​ព័ត៌មាន​តែប៉ុណ្ណោះ។

ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ស្ដីពី​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​វាយតម្លៃ តាមដាន និង​លើក​សរសើរ​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​ដាក់​ពិន័យ​ចំពោះ​អ្នក​សារព័ត៌មាន និង​អង្គភាព​ណា​ដែល​ប្រព្រឹត្ត​ល្មើស​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន។

ប្រភព​ដដែល​អះអាង​ថា ការ​បង្កើត​គណៈកម្មាធិការ​នេះ គឺ​សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​របស់​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា ដូច្នេះ​គណៈកម្មាធិការ​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​តាមដាន​ពិនិត្យ​រាល់​សកម្មភាព​ទាំងអស់​របស់​អ្នក​សារព័ត៌មាន និង​អង្គភាព​ព័ត៌មាន ដើម្បី​ដាក់​ជូន​ក្រសួង​ព័ត៌មាន​ត្រួតពិនិត្យ។

គណៈកម្មាធិការ​សម្រាប់​វាយតម្លៃ តាមដាន និង​លើក​សរសើរ​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ មាន​សមាសភាព​ចំនួន ១៥​រូប ដូចជា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ប៊ុត បូវុត ជា​ប្រធាន និង​ប្រធាន​សមាគម​ទូរទស្សន៍​ជាតិ​កម្ពុជា​ជា​អនុប្រធាន ដោយឡែក​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន គឺជា​សមាជិក ដូចជា​ប្រធាន​សម្ព័ន្ធ​អ្នក​សារព័ត៌មាន ខេមបូចា (CamboJA) ជាដើម។

លោក ប៉ា ងួនទៀង អះអាង​ថា បើ​ទោះបីជា​គណៈកម្មការ​នេះ​នឹង​ត្រូវ​កើតឡើង​ក៏ដោយ ក៏​លោក​នៅតែ​គ្មាន​ការ​ជឿជាក់​ថា ស្ថាប័ន​មួយ​នេះ​នឹង​មាន​ឥទ្ធិពល​ទៅលើ​អង្គភាព​សារព័ត៌មាន​ដែល​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​នោះ​ដែរ ព្រោះ​ថា​អង្គភាព​ទាំងនោះ​តែង​មាន​អ្នក​មាន​អំណាច​នៅ​កាង​ពី​ខាងក្រោយ​ជានិច្ច។

លោក​ថា ជាក់ស្តែង​កន្លងមក ក្រុម​អ្នក​សារព័ត៌មាន​ដែល​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល មិន​ត្រឹមតែ​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ទេ ថែមទាំង​ល្មើស​នឹង​ច្បាប់​សារព័ត៌មាន​ថែម​ទៀត ប៉ុន្តែ​ពួកគេ​មិន​ដែល​ត្រូវ​បាន​ដាក់​ពិន័យ ឬ​ទណ្ឌកម្ម​ណាមួយ​ពី​ក្រសួង​មាន​សមត្ថកិច្ច​ឡើយ។

លោក ប៉ា ងួនទៀង បញ្ជាក់​ថា ដើម្បី​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្រសួង​ព័ត៌មាន​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​គាបសង្កត់​គ្រប់​រូបភាព​លើ​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​ទាំងអស់។ លើស​ពី​នេះ ក្រសួង​ត្រូវតែ​ចូលរួម​លើកស្ទួយ​ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ​ទាំងនោះ ដើម្បី​ឲ្យ​ពួកគេ​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ​ដោយ​គ្មាន​ការ​ភ័យខ្លាច គ្មាន​ការ​គំរាមកំហែង​ពី​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ។

ទិន្នន័យ​សង្គម​ស៊ីវិល​កាលពី​ចុង​ឆ្នាំ​២០២០ បង្ហាញ​ថា ការ​គំរាមកំហែង​លើ​អ្នក​សារព័ត៌មាន​បាន​កើតឡើង​ប្រមាណ​ជា ៧០​ករណី​ហើយ ដូចជា​ករណី​អំពើ​ហិង្សា​លើ​រាងកាយ ការ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដោយសារ​ការ​ប្តឹងផ្តល់​ពី​អ្នក​មាន​អំណាច ជាដើម ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ដែល​កំពុង​ប្រឈម។

ជាង​នេះ​ទៀត ការ​សរសេរ​ព័ត៌មាន​អំពី​រឿង​រសើប ដូចជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ ការ​កាប់​ឈើ​ខុស​ច្បាប់ និង​រឿង​គាបសង្កត់​ផ្នែក​នយោបាយ ជាដើម ក៏​ធ្វើ​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​អ្នក​សារព័ត៌មាន​ឯករាជ្យ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ជាប់ៗ​គ្នា​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ស្ថានីយវិទ្យុ​ចំនួន ៣២​ស្ថានីយ​កាលពី​ចុង​ឆ្នាំ​២០១៧ ការ​បង្ខំ​ឱ្យ​បិទ​ទ្វារ​កាសែត The Cambodia Daily បិទ​ទីស្នាក់ការ​វិទ្យុ​អាស៊ីសេរី ជា​ភាសា​ខ្មែរ និង​ការផ្លាស់ប្ដូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ រួម​ទាំង​ការ​បិទ​គេហទំព័រ​ចំនួន ១៧​ថែម​ទៀត​កាលពី​ឆ្នាំ​២០១៨។

ជុំវិញ​បញ្ហា​នេះ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) ដែល​មាន​មូលដ្ឋាន​នៅ​បរទេស បាន​អះអាង​កាលពី​ចុង​ឆ្នាំ​២០២០ ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ​មួយ​លេខ​ទៀត​ហើយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១៤៣ ខណៈ​ឆ្នាំ​២០១៨ ជាប់​ចំណាត់ថ្នាក់​១៤២ ពោល​គឺ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ ៣​ឆ្នាំ​ជាប់ៗ​គ្នា។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស