39.4 C
Phnom Penh

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចោទ​លោក ផាន អូន នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល​ទោះបីជា​ក្រសួង​ធ្លាប់​ហាមឃាត់​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប​បាន​នាំគ្នា​ចោទ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ថា​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល បើ​ទោះបីជា​ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​ធ្វើ​កំណែ​ទម្រង់​បញ្ឈប់​អំពើពុករលួយ​របស់​លោក​នៅ​ក្នុង​អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ពេល​កន្លងទៅ​ក៏ដោយ។

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ជាច្រើន​រូប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ថា បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម បាន​ហាមឃាត់​សកម្មភាព​អំពើពុករលួយ​លែង​ឲ្យ​មាន​ការ​កាត់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​មន្ត្រី ក.ប.ប ប្រចាំ​ខែ​រួចមក លោក ផាន អូន បាន​បង្វែរ​សកម្មភាព​ពុករលួយ​របស់​ខ្លួន​មក​កាត់​ប្រាក់​យន្តការ​ដែល​ក្រសួង​បាន​ផ្តល់​ឲ្យ​ស្ថាប័ន​តាម​រាជធានី-ខេត្ត ក្នុង​ការ​ចំណាយ​ផ្សេងៗ​ដើម្បី​អនុវត្ត​ផែនការ​ការងារ​ប្រចាំ​ខែ​របស់​ស្ថាប័ន​ទាំងនោះ​ជំនួស​វិញ។

ប្រភព​ដដែល​អះអាង​ថា ការ​កាត់​ប្រាក់​យន្តការ​សម្រាប់​ចំណាយ​អនុវត្ត​ការងារ​ប្រចាំ​ខែ​របស់​ស្ថាប័ន​តាម​រាជធានី-ខេត្ត​នៃ​ក្រសួង​ពាណិជ្ជកម្ម​របស់​លោក ផាន អូន គឺ​លោក​បាន​បែងចែក​មួយ​ចំណែក​ដាក់​ចូល​ហោប៉ៅ​ខ្លួនឯង និង​មួយ​ចំណែក​ទៀត​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដើម្បី​ធ្វើ​ជា​ខ្នង​បង្អែក។

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ទាំងនោះ​អះអាង​ថា នៅ​ពេលនេះ លោក ផាន អូន តម្រូវ​ឲ្យ​ប្រធាន​សាខា និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម រៃអង្គាស​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​រ៉ាប់រង​ការ​ចំណាយ​របស់​អង្គភាព​ទៅវិញ ខណៈ​លុយ​ដែល​ក្រសួង​បាន​ផ្តល់​ឲ្យ​សម្រាប់​អនុវត្ត​ការងារ​ប្រចាំ​ខែ​នោះ ត្រូវ​លោក ផាន អូន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ស៊ីដាច់​អស់​ទៅ​ហើយ។

ទោះ​យ៉ាងណា ប្រភព​ដដែល​បាន​លើកឡើង​ថា ក្រុម​មន្ត្រី​ថ្នាក់ក្រោម​ស្នើសុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ចំពោះ​លោក ផាន អូន និង​បក្សពួក​តាម​ផ្លូវច្បាប់ ដើម្បី​វះកាត់​សាច់​ស្អុយ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​​​ក្រសួង ព្រោះ​ថា​លោក ផាន អូន តែង​យក​ឈ្មោះ​ថ្នាក់​ដឹកនាំ​មក​បិទបាំង​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​អះអាង​ថា​អ្វីៗ​ដែល​គាត់​បាន​ធ្វើ គឺ​ដើម្បី​តែ​ផលប្រយោជន៍​ថ្នាក់​ដឹកនាំ​តែប៉ុណ្ណោះ។

នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ មន្ត្រី​រាជការ​របស់​​​ក្រសួង​ពាណិជ្ជកម្ម​រាប់​រយ​នាក់ បាន​សរសេរ​លិខិត​មក​កាន់​សារព័ត៌មាន The Cambodia Daily សាជាថ្មី​ម្តង​ទៀត ដើម្បី​សុំ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ពី​ទង្វើ​ទុច្ចរិត​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ឲ្យ​បាន​ដឹង​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បើក​ការ​ស៊ើបអង្កេត និង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​លើ​មន្ត្រី​ពុករលួយ​រូប​នេះ​ឲ្យខាងតែ​បាន។

ក្នុង​លិខិត​ដដែល​នោះ បញ្ជាក់​ថា ក្រោយ​ពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Cambodia Daily កាល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ផាន អូន រួច​មក ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​កំណែ​ទម្រង់​ឲ្យ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប អាច​បើក​ប្រាក់​លើក​ទឹកចិត្ត​របស់​ខ្លួន​តាម​ធនាគារ ដើម្បី​បញ្ឈប់​ការ​កាត់​ប្រាក់​លើក​ទឹកចិត្ត​របស់​ពួកគេ​ពី​លោក ផាន អូន បន្ត​ទៀត។

ជាង​នេះ​ទៀត ក៏​បាន​បញ្ឈប់​ការ​សាងសង់​លំនៅឋាន​នៅ​ម្តុំ​មាត់ទន្លេ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ ដែល​មាន​តម្លៃ​ជាង ១​លាន​ដុល្លារ​អាមេរិក​ជូន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្តិ ពី​ក្រុម​បក្ខពួក​របស់​លោក ផាន អូន ផង​ដែរ។

តែ​ទោះជាយ៉ាងណាក៏ដោយ លោក ផាន អូន នៅតែ​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​រលូន​ដដែល ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​តាម​វិធី​ផ្សេង ដូចជា​កាត់​លុយ​របស់​ស្ថាប័ន​តាម​រាជធានី-ខេត្ត ជាដើម ព្រោះតែ​ទង្វើ​ពុករលួយ​របស់​អគ្គនាយក​រូប​នេះ មាន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្តិ ជា​អ្នក​កាង​ពី​ខាង​ក្រោយ។

កាលពី​ដើម​ឆ្នាំ​២០២០ លោក ផាន អូន ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ជំនួស​លោក ម៉ក់ ពេជ្ជរិទ្ធ ដែល​បាន​ចូល​និវត្តន៍។

ក្រោយ​ទទួល​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន បាន​រៀបចំ​ខ្សែ​បណ្ដាញ​ដែល​ជា​សាច់ញាតិ​របស់​ខ្លួន​ក្នុង​មុខ​នាទី​សំខាន់ៗ ដើម្បី​អាច​ប្រព្រឹត្ត​អំពើពុករលួយ​បាន​ដោយ​រលូន​គ្មាន​ការ​រាំង​ស្ទះ។

បច្ចុប្បន្ន​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្តូរ​ឈ្មោះ​ថ្មី​ទៅជា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ ដែល​ហៅ​កាត់​ថា អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម វិញ។

ទាក់ទិន​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​នេះ អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ដើម​ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ថា វិបត្តិ​ជំងឺ Covid-19 កំពុង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ហានិភ័យ​កាន់តែ​ខ្ពស់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រហូត​ដល់​ការ​បំពាន​នីតិរដ្ឋ​ថែមទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​កម្ពុជា បាន​ឆ្លៀត​ឱកាស​ក្នុង​វិបត្តិ​ជំងឺ Covid-19 នេះ ប្រព្រឹត្ត​អំពើពុករលួយ​តាម​រូបភាព​ផ្សេងៗ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​បក្ខពួក​របស់​ពួកគេ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា អំពើពុករលួយ​នៅ​កម្ពុជា​កំពុងតែ​ចាក់ឫស​យ៉ាង​ជ្រៅ​ចូល​ទៅ​ក្នុង​ស្ថាប័ន​ជាតិ ដែល​កំពុង​ទាញ​ទម្លាក់​កម្ពុជា​ចូល​ទៅ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ដែល​ងើប​មុខ​មិន​រួច ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​វិធានការ​ច្បាប់​ច្បាស់លាស់​លើ​មន្ត្រី​ខិលខូច​ដែល​កំពុង​ចង​បណ្ដាញ​ដើម្បី​បំផ្លាញ​ជាតិ​ក្នុង​ស្ថាប័ន​រដ្ឋ​ទេ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស