29 C
Phnom Penh

ពលរដ្ឋ​ថា​បទល្មើស​បាញ់​បោះ​សេរី​និង​ចាប់​មនុស្ស​ជំរិត​ទារ​ប្រាក់​កំពុង​កម្រើក​ឡើងវិញ​នៅ​ក្រុង​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ អះអាង​ថា បទល្មើស​បាញ់​បោះ​សេរី និង​បទល្មើស​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ បាន​ចាប់ផ្តើម​កម្រើក​ជា​បណ្តើរៗ​ឡើងវិញ​ហើយ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ដែល​ករណី​នេះ​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​សុខ​សុវត្ថិភាព​ក្នុង​ការ​ប្រកប​របរ​ទទួលទាន និង​ធ្វើ​ដំណើរ​របស់​ពួកគាត់។

អាជីវករ និង​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​មាន​លំនៅឋាន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ឲ្យ​ដឹង​ថា ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​បទល្មើស​ចាប់​មនុស្ស​បង្ខាំង​ជំរិត​ទារ​ប្រាក់ និង​បទល្មើស​បាញ់​បោះ​សេរី បាន​បន្ត​កើត​មាន​ជា​ញឹកញាប់ ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី​អំឡុង​ពេល​ផ្ទុះ​រាតត្បាត​ជំងឺ Covid-19 ឆ្លង​ចូល​សហគមន៍ ២០ កុម្ភៈ ធ្ងន់ធ្ងរ​រួចមក។

នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា មាន​ករណី​ជន​សង្ស័យ​ផ្ទុះ​អាវុធ​ប្រមាណ ៥​គ្រាប់ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ព្រះសីហនុ ត្រង់​ចំណុច​មុខ​ផ្សារ​លើ​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​ភ្លាមៗ​នេះ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ចុះ​អន្តរាគមន៍ និង​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ជនជាតិ​ខ្មែរ និង​ចិន ចំនួន ៣​នាក់។

យ៉ាង​នេះ​ក្តី រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ ទី​៦ ខែ​សីហា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​មិន​ទាន់​បញ្ចេញ​របាយការណ៍​លើ​ករណី​ផ្ទុះ​អាវុធ​កក្រើក​ក្រុង​ព្រះសីហនុ កាល​ពី​យប់​មិញ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ជា​សាធារណៈ​នៅឡើយ​ទេ ខណៈ​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​មិន​អាច​ទាក់ទង​ដើម្បី​ស្នើ​ការ​បំភ្លឺ​លើ​ករណី​ខ្មាន់​កាំភ្លើង​ផ្ទុះ​អាវុធ និង​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង ៣​នាក់​បាន​នៅឡើយ​ដែរ។

ករណី​ផ្សេង​មួយ​ទៀត​កាលពី​ថ្ងៃ​សុក្រ ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ ក៏​មាន​ករណី​ជនជាតិ​ចិន​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ចិន​ដូចគ្នា​ញាត់​បញ្ចូល​ក្នុង​រថយន្ត​នៅ​ចំណុច​លើ​ផ្លូវ​ក្បែរ​កាស៊ីណូ​ប៉ាវទូ ស្ថិតនៅ​ភូមិ​២ សង្កាត់​២ ក្រុង​ព្រះសីហនុ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ក៏​បាន​បញ្ជា​កម្លាំង​ជំនាញ​ចុះ​អន្តរាគមន៍ ហើយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន​បាន ៤​នាក់ និង​រំដោះ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​ជន​រងគ្រោះ​ដោយ​សុវត្ថិភាព។

ទោះ​ជា​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប និង​ចាប់​ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​បាន​ជាច្រើន​ករណី​បែប​ណា​ក្តី ពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​សុខ​សុវត្ថិភាព​របស់​ខ្លួន និង​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បង្កើន​ការ​ត្រួតពិនិត្យ​នៅ​តាម​គោលដៅ​តាម​បច្ចេកទេស​ឲ្យ​បាន​ម៉ត់ចត់។

ពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ បាន​ស្នើ​ដល់​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏ដូចជា​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ សូម​ជួយ​បង្ហាញ​របាយការណ៍​នៃ​បទល្មើស​នានា​ដែល​បាន​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បីឲ្យ​ពលរដ្ឋ​បាន​ដឹង​ជា​សាធារណៈ​ផង ត្បិត​ការ​លាក់បាំង​បទល្មើស​ក៏​ល្មើស​ច្បាប់​របស់​កងកម្លាំង​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស