34 C
Phnom Penh

សង្គម​ស៊ីវិល​ប្រកាស​យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ និង​សមាគម​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចាប់ផ្ដើម​ដាក់​ចេញ​នូវ​យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​កន្លងមក។

អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅ​កម្ពុជា បាន​ប្រកាស​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដូចជា កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​លោក មាន ព្រហ្មមុនី ជាដើម ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន

ប្រភព​ដដែល​អះអាង​ថា រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​លើ​អ្នក​ការពារ​បរិស្ថាន​ជា​យុវជន​ជាច្រើន​នាក់​ដែល​តែង​ធ្វើ​យុទ្ធនាការ​ជា​សាធារណៈ ដើម្បី​លើកឡើង​ពី​បញ្ហា​បរិស្ថាន ដូចជា​ការ​គ្រប់គ្រង​ទឹក​កខ្វក់ ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ដែល​ខុសច្បាប់ និង​ការ​លុប​បឹង​ធម្មជាតិ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​របស់​កម្ពុជា​នា​ពេល​កន្លងមក។

អង្គការ​សមាគម​ទាំងនោះ​បញ្ជាក់​ថា នៅ​មុន​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ ក្រុម​សង្គម​ស៊ីវិល​នឹង​ធ្វើ​យុទ្ធនាការ​ទាក់ទាញ​ការ​គាំទ្រ​ដើម្បី​ស្នើសុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​ទាំងអស់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ និង​ផ្សព្វផ្សាយ​ពី​ការងារ​ការពារ​បរិស្ថាន​របស់​ពួកគេ​មុន​ពេល​ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន។

ប្រភព​ដដែល​បញ្ជាក់​ថា សកម្មជន​សិទ្ធិមនុស្ស​ទាំងនោះ​តែង​ឈរ​ជួរមុខ​ក្នុង​ការ​បង្ហាញ និង​តវ៉ា​ចំពោះ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​រហូត​មក ប៉ុន្តែ​ជា​អកុសល អ្នក​ទាំងនោះ​បែរជា​រង​នូវ​ការ​រំលោភ​បំពាន បំភិតបំភ័យ និង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ដែល​កំពុង​ប្រឈមមុខ​នឹង​បទ​ចោទ “រួម​គំនិត​ក្បត់” និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​ទៅវិញ។

ការ​ប្រកាស​យុទ្ធនាការ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​កំពុង​ប្រឈម​នឹង​ការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​ពី​អាជ្ញាធរ​កម្ពុជា​ទាំង​អយុត្តិធម៌ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ អង្គការ​សមាគម​ជាច្រើន​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ រួម​មាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​សមាគម​ធាងត្នោត ជាដើម។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ជុំវិញ​យុទ្ធនាការ​សុំ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស​នេះ ដោយ​ដាក់​ចំណងជើង​ថា «សូម​សិក្សា​ពី​មេរៀន​ផ្ដាច់ការ អាជ្ញានិយម ឬ​មេកន្ទ្រាញ​ក្នុង​សម័យ​ទំនើប»

លោក​លើកឡើង​ថា ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​បាន​កើតមាន និង​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​រាប់​តាំង​ពី​ការ​ដឹកនាំ​រដ្ឋ​រហូត​ដល់​របៀបរបប​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ ហើយ​វា​ជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា «សង្គម​ខ្មែរ​មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ» ដោយសារតែ​របប​ផ្ដាច់ការ​នេះ​តែម្តង។

បណ្ឌិត សេង សារី បញ្ជាក់​ថា ដើម្បី​គ្រប់គ្រង​អំណាច ជន​ផ្ដាច់ការ​តែង​ប្រើ​ល្បិច​កល​ជាច្រើន​ដូចជា​ការ​ប្រើ​វិធីសាស្ត្រ​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​របស់​ប្រជាពលរដ្ឋ​ចុះ​ខ្សោយ បង្កើត​សាលារៀន​ឲ្យ​បាន​ច្រើន​ដើម្បី​ប្រជាប្រិយភាព​បុគ្គល តែ​មិន​ពង្រឹង​គុណភាព​អប់រំ។ ជាង​នេះ​ទៀត ពួកគេ​តែង​ព្យាយាម​បង្កើត​ពាក្យ «សន្តិភាព» ដើម្បី​បិទបាំង​បញ្ហា និង​ភាព​អយុត្តិធម៌​ក្នុង​សង្គម ការ​រំលោភបំពាន​សិទ្ធិមនុស្ស និង​ដើម្បី​បិទបាំង​នូវ​ទង្វើ​អសមត្ថភាព​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​របស់​ពួកគេ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២១ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​លើកឡើង​ពី​កង្វល់​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ជាច្រើន​រូប ថា​ការ​ឃុំ​ខ្លួន និង​ការ​ដកហូត​សិទ្ធិ​សេរីភាព​របស់​សកម្មជន​សិទ្ធិមនុស្ស​ទាំងនោះ គឺជា​ការ​បំពាន​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​មាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ ក្រុម​អ្នក​សង្កេតការណ៍​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​ការពារ​ព្រៃឈើ សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​ប្រមាណ​ជាង ៥០​នាក់​ហើយ ដែល​ការ​ចាប់​ខ្លួន​នេះ គឺ​ខុស​នឹង​នីតិវិធី​ច្បាប់ ខុស​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាន​ចរិត​ជា​នយោបាយ ក្នុង​ចេតនា​បំបិទ​សំឡេង​ប្រឆាំង និង​បំបាត់​ការរិះគន់​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស