30 C
Phnom Penh

ដើម​ស្មាច់​និង​ដើម​កោងកាង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ស្រុក​បុទុមសាគរ​កំពុង​រង​ការ​កាប់​បំផ្លាញ​យក​ដី​ធ្វើ​កម្មសិទ្ធិ

បទវិភាគ

ពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង អះអាង​ថា មាន​ក្រុម​មនុស្ស​ប្រដាប់​ដោយ​ឧបករណ៍​កាប់​ព្រៃ បាន​នាំគ្នា​ចូល​ទៅ​កាប់​ផ្តួល​រំលំ​ដើម​ស្មាច់ និង​ដើម​កោងកាង​យ៉ាង​អនាធិបតេយ្យ ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ អស់​ជាច្រើន​ហិកតារ និង​នៅ​តំបន់​ព្រែកតាព្រហ្ម ស្ថិត​ក្នុង​ភូមិ​តាអុក ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ផង​ដែរ ហើយ​ករណី​នេះ​មិនទាន់​ឃើញ​មាន​អាជ្ញាធរ​ណាមួយ​ចុះ​ធ្វើការ​ហាមឃាត់​នោះ​ឡើយ។

ប្រភព​ដដែល​បន្ត​ថា ដី​ព្រៃ​ធម្មជាតិ​របស់​រដ្ឋ​ដែល​ត្រូវ​គេ​ចូល​ទៅ​កាប់​បំផ្លាញ និង​យក​គ្រឿងចក្រ​ឈូស​កាយ​ដើម្បី​កំណត់​ព្រំ​ដី​សម្គាល់​ម្ចាស់​នីមួយៗ​រាល់​ថ្ងៃ​នេះ គឺ​អាច​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជិត ៦០​ហិកតារ។

សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​នេះ ក៏​មាន​មន្ត្រី​ខិលខូច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន បាន​ជួល​មនុស្ស​មកពី​តំបន់​ផ្សេងៗ​ឲ្យ​ចូល​ទៅ​កាប់​ផ្តួល​រំលំ​ដើមឈើ​ទាំងនោះ ហើយ​លួច​ដាក់​គ្រឿងចក្រ​ដើម្បី​កាយ​កំណត់​ព្រំ​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​ដោយ​ខុសច្បាប់​ស្ងាត់ៗ។

មន្ត្រី​រដ្ឋបាល​ស្រុក​បុទុមសាគរ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ស្មាច់ និង​ព្រៃ​កោងកាង​នៅ​មូលដ្ឋាន​ខាងលើ​នេះ មន្ត្រី​ជំនាញ​ត្រៀម​ចុះ​ទៅ​ហាមឃាត់ និង​កំណត់​និយាមកា​ដើម្បី​បញ្ជាក់​ពី​ទីតាំង​ដី​ព្រៃ​របស់​រដ្ឋ​ដែល​រង​ការ​កាប់​បំផ្លាញ​នេះ​រួច​ហើយ។

ទោះ​យ៉ាងណាក៏ដោយ ពលរដ្ឋ​បាន​សំណូមពរ​ដល់​អ្នកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ស្មាច់ និង​ដើម​កោងកាង​ដែល​ជនល្មើស​កំពុង​កាប់​ទន្រ្ទាន​នេះ​ឲ្យ​បាន​ឆាប់​ផង។

ប្រភព​ដដែល​អះអាង​ថា មាន​មន្ត្រី​មួយ​ចំនួន​ក៏​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួល​មនុស្ស​ឲ្យ​ទៅ​កាប់​រាន​ដី​ព្រៃ​ស្មាច់ និង​ដើម​កោងកាង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ​នេះ​ថែមទៀត​ផង។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​អ្នកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​បទល្មើស​កាប់​បំផ្លាញ​ដី​ព្រៃ​របស់​រដ្ឋ​ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ​ខាងលើ​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស