29 C
Phnom Penh

អ្នកវិភាគ៖ ពលរដ្ឋ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់ លើកលែងតែ​មាន​ការ​ហាមឃាត់​ពី​ច្បាប់​ដែល​ត្រឹមត្រូវ​តាម​ស្មារតី​ធម្មនុញ្ញភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ពលរដ្ឋ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់ លើកលែងតែ​មាន​ការ​ហាមឃាត់​ពី​ច្បាប់ ប៉ុន្តែ​ប្រសិនបើ​ច្បាប់​ដែល​បាន​ហាមឃាត់​នោះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​នោះ គឺ​មិនមែន​ជា​ច្បាប់​ទេ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ថា កម្ពុជា​បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ធានា​សិទ្ធិមនុស្ស និង​ការ​គោរព​ច្បាប់ ដូច្នេះ​ប្រសិនបើ​មាន​ការ​បកស្រាយ​ពន្លាត​វិសាលភាព​របស់​ច្បាប់ និង​យក​ច្បាប់​ទាំងនោះ​មក​ចោទ​ប្រកាន់​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​របស់​គេ​ក្នុង​រង្វង់​ច្បាប់​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នោះ​គឺជា​ការ​បង្ក​នូវ​ភាព​អយុត្តិធម៌​ពី​សំណាក់​អ្នក​បកស្រាយ​ច្បាប់​នោះ​តែប៉ុណ្ណោះ។

លោក​អះអាង​ថា ការ​រំលោភបំពាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ទៅ​បង្ក្រាប ចាប់ចង និង​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​គេ​ក្នុង​រង្វង់​ព្រំដែន​ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​នោះ គឺ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ដើម្បី​ធានា​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការ​រឹតត្បិត​ចំពោះ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព គឺ​ដើម្បី​កុំ​ឲ្យ​មាន​ការ​រំលោភបំពាន​លើ​សិទ្ធិ​សេរីភាព​អ្នកដទៃ ការពារ​ទំនៀមទម្លាប់​ល្អ​របស់​សង្គម រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដើម្បី​ធានា​សន្តិសុខ​ជាតិ ជាដើម ប៉ុន្តែ​មិនមែន​ប្រើ​ច្បាប់​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ក្រុម​ណា ឬ​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ។

ការ​អះអាង​របស់​អ្នកវិភាគ​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ដូច​ជា​សកម្មជន​សិទ្ធិមនុស្ស ជាដើម កំពុង​រង​ការ​រឹតត្បិត​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​រដ្ឋាភិបាល​ខ្មែរ​សព្វថ្ងៃ​នេះ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រោម​បង្គាប់​របស់​លោក ចាប់​ខ្លួន​ឃុំ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​សកម្មជន​បរិស្ថាន ជាដើម ដែល​ករណី​ទាំងនោះ​ត្រូវ​គេ​មើលឃើញ​ថា​ជា​ការប្រព្រឹត្ត​ផ្ទុយ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទាំងស្រុង។

បុរស​ខ្លាំង​នៅ​កម្ពុជា និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២០ ធ្លាប់​គំរាម​ថា លោក​នៅតែ​បន្ត​ចាប់​ខ្លួន​អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ ដោយសារ​ពួកគេ​កំពុង​បំផ្លាញ​សន្តិភាព​ដែល​លោក​បាន​កសាង​ឡើង​ដោយ​លំបាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នោះ។

លោក ហ៊ុន សែន សារភាព​ថា ការ​ចាប់​ខ្លួន​សកម្មជន​ទាំងនោះ គឺ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ការ​បញ្ជា​របស់​លោក​ទាំងអស់ ដូច្នេះ​បើ​ពួកគេ​ហ៊ាន​ចេញ​មក​១ នឹង​ត្រូវ​បង្ក្រាប​១ ចេញ​មក​២ នឹង​ត្រូវ​បង្ក្រាប​២ ដោយ​គ្មាន​ការលើកលែង​នោះ​ទេ ត្បិត​សកម្មភាព​របស់​អ្នក​ទាំងនោះ​កំពុង​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ដែល​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​របស់​លោក។

ទិន្នន័យ​សង្គម​ស៊ីវិល​កាលពី​ចុង​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​យុទ្ធសាស្ត្រ​ផ្សេងៗ​ដូចជា យុទ្ធសាស្ត្រ​ដាក់​បណ្តឹង​ផ្លូវច្បាប់ ជាដើម ដើម្បី​បំបាក់​ស្មារតី និង​បំបិទ​ការ​តវ៉ា​ចំពោះ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ ខណៈ​បណ្តឹង​ដែល​ប្តឹង​ដោយ​រដ្ឋាភិបាល​កម្ពុជា មាន​រហូត​ដល់​ទៅ ១៣២​ករណី​ឯណោះ ក្នុង​នោះ​គ្រាន់តែ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ប្រមាណ​ជិត ៣០​នាក់​ហើយ​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន។

កាលពី​ចុង​ឆ្នាំ​២០២០ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នកស្រី Mary Lawlor បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ចាប់​ខ្លួន​អ្នក​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ពួក​អ្នក​ការពារ​បរិស្ថាន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។

ចំណែក​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​រិះគន់​នូវ​សកម្មភាព​ទាំងឡាយ​ដូចជា ការ​បង្ក្រាប ការ​ចាប់ខ្លួន ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​គំរាមកំហែង​ទៅ​ដល់​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ការ​បង្កើត​ឧប្បត្តិហេតុ​ផ្សេងៗ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​កន្លងមក។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៤១ បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការប្រជុំ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស