នៅពេលនេះ ទីក្រុងបាងកក កំពុងរអិលធ្លាក់ទៅរកអស្ថិរភាពធ្ងន់ធ្ងរទៅៗចាប់តាំងពីក្រុមបាតុកររាប់ពាន់នាក់បានពើតប្រយុទ្ធគ្នាជាមួយនឹងប៉ូលិសបង្ក្រាបកុបកម្ម តាំងពីថ្ងៃសៅរ៍ សប្ដាហ៍មុននេះ ហើយរហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី១២ សីហា នេះ ក៏នៅតែមានការប៉ះទង្គិចគ្នានៅឡើយ។
ក្រុមបាតុករលើកនេះមានទាំងយុវជន និងមនុស្សចាស់ ដែលពួកគេធ្វើបាតុកម្មប៉ុន្មានថ្ងៃជាប់គ្នានេះមានផែនការតែមួយគត់ គឺទម្លាក់លោក ប្រាយុទ្ធ ចាន់អូចារ ពីតំណែងនាយករដ្ឋមន្ត្រី។ ក្រុមបាតុករចាត់ទុកលោក បា្រយុទ្ធ ជានាយករដ្ឋមន្ត្រីអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពលរដ្ឋថៃ ស្លាប់រាប់រយនាក់សឹងរាល់ថ្ងៃ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ប៉ូលិសថៃ បានប៉ះទង្គិចជាមួយក្រុមបាតុករក្នុងរយៈពេលសឹងមួយសប្ដាហ៍មកហើយ។ បន្ទាប់ពីក្រុមបាតុកររាប់រយនាក់បានធ្វើបាតុកម្មនៅជិតគេហដ្ឋាននាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ដើម្បីទាមទារឲ្យលោកចុះចេញពីតំណែងចំពោះការចាត់ចែងទៅលើវិបត្តិជំងឺកូវីដ-១៩ នៅក្នុងប្រទេសមិនមានប្រសិទ្ធភាព ហើយពេលនោះបានប៉ះទង្គិចជាមួយប៉ូលិសម្ដងទៀត។
ក្រុមបាតុកររាប់រយនាក់បានគប់ថ្នាំលាបទៅលើប៉ូលិសប្រឆាំងកុបកម្មដែលបានតតាំងជាមួយពួកគេ នៅពេលដែលពួកគេបានព្យាយាមដើរទៅកាន់ផ្ទះលោក ប្រាយុទ្ធ ហើយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកបាតុករ។ ក្រុមអាជ្ញាធរថៃ បានប្រើប្រាស់របងលួសបន្លា និងធុងធំៗដើម្បីបិទផ្លូវ។
ប៉ូលិសលើកឡើងថា នេះជាវិធានការសាធារណៈដ៏សំខាន់មួយ។ ក្រុមបាតុករបានបង្ហាញកំហឹងជាខ្លាំងទៅកាន់លោក ប្រាយុទ្ធ ខណៈអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងករណីឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងសន្ធឹកសន្ធាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គឺបានកើនដល់ប្រមាណជិត ៨សែននាក់ និងមានមនុស្សស្លាប់ ៦៧០០នាក់។
ក្រុមយុវជនថៃ បានស្វះស្វែងទម្លាក់លោក ប្រាយុទ្ធ ដែលជាអតីតមេរដ្ឋប្រហារឆ្នាំ២០១៤ ឱ្យចេញពីអំណាចជាងមួយឆ្នាំមកហើយ ដោយបានចោទនាយករដ្ឋមន្ត្រីរូបនេះថាបានប្រើប្រព័ន្ធនយោបាយយោធានិយម ក្នុងការរឹតបន្តឹងសេរីភាពរបស់ប្រជាជនថៃ ដែលខុសនឹងប្រព័ន្ធដឹកនាំបែបប្រជាធិបតេយ្យនិយម។
ប៉ូលិសក្រុងបាងកក បានអះអាងថា ក្នុងបាតុកម្មទ្រង់ទ្រាយធំប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ប៉ូលិសយ៉ាងតិចជិត ២០នាក់បានរងរបួសដោយសារការវាយប្រហារពីសំណាក់ក្រុមបាតុករ ហើយទីស្នាក់ការប៉ូលិសចរាចរណ៍ចំនួនពីរត្រូវបានដុតបំផ្លាញ និងមនុស្សជាង ៦០នាក់ត្រូវបានចាប់ខ្លួន។
នៅឆ្នាំ២០២០ បាតុកររាប់ពាន់នាក់សុទ្ធសឹងតែជាយុវជន បានធ្វើបាតុកម្មដោយដាក់លក្ខខណ្ឌចំនួន៣ ទៅលើរដ្ឋសភា គឺ៖
- ទី១ ដកតំណែងលោក ប្រាយុទ្ធ
- ទី២ តាក់តែងរដ្ឋថ្មី
- និងទី៣ កែទម្រង់របបរាជានិយមដោយកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងកាត់បន្ថយថវិកាផ្គត់ផ្គង់សម្រាប់ក្រុមរាជវាំង។
ការទាមទារនេះ ត្រូវបានរដ្ឋសភាថៃ ប្រជុំម្ដងជាពីរដងរួចទៅហើយ ប៉ុន្តែពុំអាចធ្វើតាមការចង់បានរបស់បាតុករនោះទេ ហើយពេលនោះក្រុមសមាជិកសភាបក្សប្រឆាំងដែលមានកម្លាំងរួមគ្នា ៦គណបក្ស ហៅថាក្រុមរណសិរ្សប្រជាធិបតេយ្យ ក៏បានសន្យាសើរើរឿងនេះនៅឆ្នាំ២០២១ នេះ។ តែរដ្ឋសភាពុំអាចកោះប្រជុំផ្ទាល់បានឡើយ ព្រោះតែភ័យខ្លាចការឆ្លងជំងឺកូវីដ។
យ៉ាងណា បាតុកម្មរបស់យុវជនថៃនៅពេលនេះ បានទុកចោលពីរចំណុចនេះ ដោយសម្រុកវាយប្រហារលើលោក បា្រយុទ្ធ តែរឿងអសមត្ថភាពក្នុងការប្រឆាំងជំងឺកូវីដ ដែលបាតុករថាមិនមានប្រសិទ្ធភាព។
តាមសេចក្ដីរាយការណ៍ពីទីក្រុងបាងកក សមាជិកសភាក្រុមប្រឆាំងដែលមាន ៦គណបក្ស នឹងរកមធ្យោបាយជួបប្រជុំគ្នាដើម្បីលើកយុទ្ធសាស្ត្រថ្មីម្ដងទៀត ទាមទារឱ្យរដ្ឋសភាបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោក ប្រាយុទ្ធ ម្ដងទៀត។
កាលពីចុងខែមេសា ឆ្នាំ២០២១ ក្រុមសមាជិកសភា ៦គណបក្សនេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាដោយទាមទារឱ្យលោក បា្រយុទ្ធ ទទួលស្គាល់បរាជ័យរបស់ខ្លួនក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ។ ក្រុមសភានៃក្រុមរណសិរ្សប្រជាធិបតេយ្យនេះ បានចោទលោក ប្រាយុទ្ធ ថាដឹកនាំរដ្ឋាភិបាលដោយអសមត្ថភាពជាខ្លាំង ហើយកំពុងធ្វើឱ្យសេដ្ឋកិច្ចប្រទេសគ្រោះថ្នាក់ធ្ងន់ធ្ងរ។
មេដឹកនាំបក្សប្រឆាំងធំជាងគេនៃគណបក្សភឿថៃ លោក Sompong Amornvivat បានទាមទារដោយផ្ទាល់មាត់ថា លោក ប្រាយុទ្ធ ត្រូវធ្វើជាអ្នកនយោបាយក្លាហាន ដោយហ៊ានទទួលកំហុស ហើយត្រូវប្រញាប់ចុះចេញពីតំណែង។
ក្នុងស្ថានភាពតានតឹងនេះ ក្រុមសមាជិកសភាបក្សប្រឆាំង ត្រូវបានជំរុញឱ្យធ្វើសកម្មភាពឡើងវិញ ដោយត្រូវរកដំណោះស្រាយណាមានប្រសិទ្ធភាពក្នុងការដកហូតអំណាចពីលោក ប្រាយុទ្ធ ដូចជាការដាក់ញត្តិម្ដងទៀតទៅប្រធានរដ្ឋសភា ឱ្យបោះឆ្នោតលើសេចក្ដីទុកចិត្តជាថ្មីចំពោះគណៈរដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ និងរូបលោក ប្រាយុទ្ធ ផ្ទាល់ដែលអសមត្ថភាពក្នុងការទប់ស្កាត់ជំងឺរាតត្បាត និងដាក់ញត្តិថ្វាយព្រះមហាក្សត្រ ដោយស្នើដកហូតលោក ប្រាយទ្ធ តែម្ដង។
អ្នកវិភាគ Jade Donavanik ដែលជាអតីតទីប្រឹក្សាច្បាប់រដ្ឋធម្មនុញ្ញ យល់ថា បើលោក ប្រាយុទ្ធ យល់ព្រមចុះចេញពីតំណែង ឬត្រូវបានដកហូតពីតំណែង គឺអាចបេក្ខជន ២រូបដែលស័ក្ដិសមជានាយករដ្ឋមន្ត្រីចាំផ្ទះ គឺឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul និងអតីតប្រធានគណបក្សប្រជាធិបតេយ្យ លោក Abhisit Vejjajiva។ តែលោកថា សមាជិកព្រឹទ្ធសភា ២៥០រូបនៅតែចូលរួមបោះឆ្នោតជាមួយសមាជិកសភាជាប់ឆ្នោត ៥០០រូប ដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។ លោកថា នេះបើយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧។
តែបែបណា លោក ប្រាយុទ្ធ បដិសេធថា លោកមិនចុះចេញពីតំណែងដាច់ខាត ព្រោះលោកគ្មានកំហុស។ លោកសន្យាថានឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតបោះឆ្នោតសភាអាណត្តក្រោយទៀតនៅឆ្នាំ២០២៣៕