30 C
Phnom Penh

ខេមបូចា ថ្កោលទោស​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ដែល​ដកហូត​ប័ណ្ណ​សម្គាល់​ខ្លួន​និង​សម្ភារ​អ្នក​សារព័ត៌មាន​ពេល​បំពេញ​ភារកិច្ច

បទវិភាគ

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ខណ្ឌ​មានជ័យ ដែល​បាន​ដកហូត​ប័ណ្ណ​សម្គាល់​ខ្លួន​អ្នក​សារព័ត៌មាន លុប​រូបភាព និង​វីដេអូ​ដែល​អ្នក​សារព័ត៌មាន​បាន​ចុះ​ថត​យក​ព័ត៌មាន​ក្នុង​ហេតុការណ៍​វិវាទ​ដីធ្លី​មួយ​កន្លែង​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ខេមបូចា (CamboJA) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ថា កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​ដកហូត​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​អ្នក​សារព័ត៌មាន​ខេមបូចា (CamboJA) ម្នាក់​ឈ្មោះ អាន វិចិត្រ ដោយ​បាន​បង្ខំ​ឱ្យ​គាត់ និង​អ្នក​សារព័ត៌មាន​កំពុង​ហ្វឹកហ្វឺន​នៅ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) លោក លាស់ លីបលីប លុប​រូបថត និង​វីដេអូ​អំពី​ការ​តវ៉ា​របស់​ក្រុម​ពលរដ្ឋ​ក្នុង​ពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ ចុះ​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​ភូមិ​សន្សំកុសល២ សង្កាត់​បឹងទំពន់ទី១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា លោក អាន វិចិត្រ អ្នក​សារព័ត៌មាន​របស់ CamboJA ដែល​នៅ​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ឲ្យ​ដឹង​ថា ក្រៅពី​ការ​ដកហូត​យក​ប័ណ្ណ​សម្គាល់​ខ្លួន និង​លុប​រូបភាព​ដែល​គាត់​ថត​បាន​រួច សមត្ថកិច្ច​ថែមទាំង​បាន​គំរាម​រូបលោក​ថា «ប្រសិនបើ​លោក​មិនព្រម​លុប​រូប​ចោល​ទាំងអស់​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ទេ លោក​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ឃាត់​ខ្លួន»។

ចំណែកឯ​អ្នក​សារព័ត៌មាន​ម្នាក់​ទៀត​ដែល​ជា​អ្នក​កំពុង​ហាត់ការ​នៅ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក លោក លាស់ លីបលីប បាន​ប្រាប់​ខេមបូចា ដែរ​ថា រូបលោក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​មានជ័យ ដកហូត​ទូរស័ព្ទ​ដៃ​យក​ទៅ​លុប​រូបថត និង​វីដេអូ​ដែល​ថត​អំពី​សកម្មភាព​ឈូស​ឆាយ​របង​ផ្ទះ​របស់​ពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ផង​ដែរ។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ណុប វី

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ណុប វី បាន​ហៅ​ការ​ដក​ប័ណ្ណ​អ្នក​សារព័ត៌មាន​ថា​ជា​ការ​គំរាមកំហែង និង​ជា​ការរារាំង​ពួកគាត់​ក្នុង​ការ​បំពេញ​ភារកិច្ច​ជា​អ្នក​យក​ព័ត៌មាន។ សកម្មភាព​នេះ គឺជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ទៅដល់​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន ហើយ​ក៏​ជា​ការរំលោភ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ផង​ដែរ។

លោក ណុប វី ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​រារាំង ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​គំរាមកំហែង​ទៅលើ​អ្នក​សារព័ត៌មាន​ជាបន្ទាន់ ផ្ដល់​ការ​សហការ​គ្នា​ក្នុង​ការ​អនុវត្ត​សេរីភាព​របស់​អ្នក​សារព័ត៌មាន ដើម្បី​បង្ហាញ​ទៅដល់​សាធារណជន​ថា រដ្ឋាភិបាល​មាន​ការ​យកចិត្ត​ទុកដាក់ ហើយ​និង​គោរព​ទៅដល់​សិទ្ធិ​ប្រជាពលរដ្ឋ ជាពិសេស​សិទ្ធិ​ទទួល​បាន​ព័ត៌មាន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស