27 C
Phnom Penh

ពលរដ្ឋ​ចោទ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ថា​គ្មាន​សមត្ថភាព​ចាប់​ក្រុម​ដៃដល់​ដុតផ្ទះ​និង​បង្ក​របួស​ស្នាម​លើ​ពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បដិសេធ​ថា​ពុំ​មាន​ករណី​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចេញ​ប្លន់​ទ្រព្យសម្បត្តិ ដុត​ផ្ទះ ព្រមទាំង​គំរាម​សម្លាប់​ពលរដ្ឋ​នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នោះ​ទេ។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការពិត​ករណី​ផ្ទុះ​ហិង្សា​នៅ​ចំណុច​ភ្នំ​ត្រងោល ភូមិ​ចំណោទរាម ឃុំ​បិតត្រាំង កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ មិនមែន​ជា​អំពើ​ប្លន់​ប្រដាប់​អាវុធ​ទេ គឺជា​ជម្លោះ​ដណ្តើម​ដី​រដ្ឋ​ខុសច្បាប់​របស់​ក្រុម​ជន​អនាធិបតេយ្យ​តែប៉ុណ្ណោះ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​បិតត្រាំង ចោទ​លោក ជួន ណារិន្ទ និយាយ​ឲ្យ​រួច​តែ​ពី​មាត់ និង​គ្មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​អង្គភាព​ជំនាញ​មួយ​រូប​នោះ​ទេ។

លោក​ស្នងការ​នគរបាល​រូប​នេះ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា មាន​ករណី​ផ្ទុះ​អំពើ​ហិង្សា និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា (ឈ្លោះ​ដណ្តើម​ដី​គ្នា) បង្ក​ដោយ​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​បាន​ចូល​មក​ដេញ​វាយ​សំពង​ពលរដ្ឋ​រស់នៅ​ភូមិ​ចំណោទរាម ឃុំ​បិតត្រាំង ឲ្យ​រត់​ចោល​ផ្ទះ រួច​ក៏​នាំគ្នា​ដុត​បំផ្លាញ​ផ្ទះ និង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ទាំងនោះ​ចោល​តែម្តង។ លោក​បន្ត​ថា ករណី​នេះ​មិនមែន​ជា​ករណី​ប្លន់​ប្រដាប់​អាវុធ​នោះ​ទេ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ

លោក ជួន ណារិន្ទ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រោយ​កើតហេតុ រូប​លោក​ក៏​បាន​បញ្ជា​ឲ្យ​លោក​អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់ ទទួល​ការងារ​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ទីកន្លែង​កើតហេតុ​ភ្លាមៗ​ដែរ ប៉ុន្តែ​ក្រុម​បង្ក​ជម្លោះ​ដែល​បាន​ប្រើ​ហិង្សា​ដុត​បំផ្លាញ​ផ្ទះ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ទាំងនោះ ក៏​បាន​រត់​គេច​ខ្លួន​ចូល​ព្រៃ​អស់។

ចំណែកឯ​ពលរដ្ឋ​រងគ្រោះ​ដែល​កំពុង​រស់នៅ​ភូមិ​ចំណោទរាម ឃុំ​បិតត្រាំង ក៏​ជា​អ្នក​ចូល​មក​ចាប់​ទន្ទ្រាន​ដី​រដ្ឋ​សង់​ផ្ទះ​រស់នៅ​ដោយ​ខុសច្បាប់​ដែរ។ ចំពោះ​ករណី​ផ្ទុះ​អំពើ​ហិង្សា​នោះ សមត្ថកិច្ច​នគរបាល​របស់​លោក​កំពុង​បន្ត​ចុះ​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​នាំ​ខ្លួន​ជន​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំណោទរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ បង្ហាញ​ភាព​អស់​ជំនឿ​ទៅលើ​ប្រសិទ្ធភាព​របស់​កម្លាំង​សមត្ថកិច្ច​ទាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខត្ត​ព្រះសីហនុ ថា​ហាក់​មិនសូវ​រវល់​អើពើ​បញ្ជូន​កម្លាំង​មក​ជួយ​អន្តរាគមន៍​ពួកគាត់​ទៅតាម​ការ​ស្នើសុំ​ភ្លាមៗ​ទេ នៅ​ក្នុង​អំឡុង​ពេល​ជនល្មើស​មាន​គ្នា​រាប់​សិប​នាក់​បាន​ចូល​មក​ធ្វើ​សកម្មភាព​ដុត​ផ្ទះ គំរាម​បាញ់​សម្លាប់ និង​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពួកគាត់ ដោយ​ទុក​ឲ្យ​ជនល្មើស​ធ្វើ​សកម្មភាព​រាប់​ម៉ោង ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើ​ដំណើរ​មកដល់។

ក្រុម​ប្រជាពលរដ្ឋ​នៅតែ​ចាត់ទុក​សកម្មភាព​របស់​ជនល្មើស​មួយ​ក្រុម​មាន​គ្នា​ច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​ពីរ​ដើម និង​ឧបករណ៍​ប្រព្រឹត្ត​ល្មើស ដែល​ចូល​វាយដំ​ពួកគាត់ គំរាម​សម្លាប់ ដុត​ផ្ទះ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ពួកគាត់​នោះ គឺជា​អំពើ​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​ពិតប្រាកដ។

ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ដុត​បំផ្លាញ​ដោយ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ ស្ថិត​នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ទោះ​យ៉ាងណាក៏ដោយ ពលរដ្ឋ​ទទូច​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​អន្តរាគមន៍ និង​ដាក់​បទបញ្ជា​ទៅ​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឲ្យ​តាម​ចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ពួកគាត់​ឲ្យ​បាន​ឆាប់ ទើប​ពួកគាត់​អស់​ចិត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស