35 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង​ថា​មេដឹកនាំ​នយោបាយ​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​បង្ហាញ​ការពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ដែល​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បង្ហាញ​ការពិត​ថា ខ្លួន​ពិតជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មែន ឬ​មិនមែន? បើ​ដូច្នេះ តើ​ពួកគេ​អាច​ធ្វើជា​មេដឹកនាំ​នយោបាយ​សុចរិត​សម្រាប់​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​បាន​ដោយ​របៀប​ណា?

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ថា មន្ត្រី​មូលដ្ឋាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​អះអាង​ជា​ចំហ​ថា គណបក្ស​បេះដូង​ជាតិ គឺ​បង្កើត​ឡើង​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ។

លោក​អះអាង​ថា បើ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំងនោះ​ពិតជា​មិន​មាន​ចំណែក​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មែន ពួកគេ​ត្រូវតែ​មាន​ភាព​ក្លាហាន​បដិសេធ​ឲ្យ​ចំ​ឈ្មោះ​ថា គណបក្ស​បេះដូង​ជាតិ មិន​មាន​ការ​ជួយ​ជ្រោមជ្រែង ឬ​បង្កើត​ឡើង​ដោយ​មន្ត្រី​បក្ស​ប្រឆាំង​ណា​ម្នាក់​នោះ​ទេ។

លោក​បន្ត​ថា ធ្វើ​បែប​នេះ​ទើប​សម​ជា​អ្នក​ដឹកនាំ​ថ្លៃថ្នូរ​ដែល​អាច​ដឹកនាំ​ពលរដ្ឋ​ទៅ​រក​សង្គម​ស្អាតស្អំ​បាន។

លោក ហ៊ុន កុសល បញ្ជាក់​ដោយ​ចោទ​ជា​សំណួរ​ថា បើ​សូម្បីតែ​រឿង​ដែល​ខ្លួនឯង​បាន​ធ្វើ​ដ៏​តូច​មួយ​មិន​ហ៊ាន​ទទួល​ខុសត្រូវ ឬ​សារភាព​ប្រាប់​ពលរដ្ឋ​ដោយ​ស្មោះត្រង់​ផង តើ​នឹង​អាច​ដឹកនាំ​កម្លាំង​ប្រឆាំង​ទៅ​ត​ទល់​នឹង​គណបក្ស​កាន់​អំណាច​ដូចម្តេច​នឹង​កើត​ទៅ? ដូច្នេះ​ដើម្បី​ជម្រះ​មន្ទិល​អ្នក​គាំទ្រ និង​ពលរដ្ឋ​ខ្មែរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ ត្រូវតែ​សារភាព​ឲ្យ​ច្បាស់លាស់ មិនមែន​គ្រាន់តែ​ចេញ​លិខិត​ដើម្បី​បន្លំ​ភ្នែក​ដូច​ពេលនេះ​ទេ។

គណបក្ស​បេះដូង​ជាតិ

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស បាន​ចេញ​លិខិត​មួយ​ដោយ​បដិសេធ​ទាំងស្រុង​នូវ​ពាក្យ​ចចាមអារ៉ាម​កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ ដែល​ថា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​បាន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ថ្មី​ខ្លះ​នា​ពេល​កន្លងមក។ ការ​ចេញ​លិខិត​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-A) លោក ឡោ ឡៃសូ បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​ប្រធាន​សាខា​ប្រចាំ​សហរដ្ឋ​អាមេរិក​ទាំងអស់​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ថា អគ្គលេខាធិការ CNRP-A លោក ជា គឹមលី កំពុង​ធ្វើ​សកម្មភាព​បំបែកបំបាក់​កម្លាំង​សង្គ្រោះ​ជាតិ ឲ្យ​ទៅ​គាំទ្រ​បក្ស​ថ្មី​ដែល​ទើប​បាន​បង្កើត​ដោយ​លោក អេង ឆៃអ៊ាង។

ជុំវិញ​បញ្ហា​នេះ អនុ​ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​លោក អ៊ាប គឹមសេង បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១ ថា លិខិត​បដិសេធ​របស់​មន្ត្រី​ទាំងនោះ​មិនមែន​បង្ហាញ​ខ្លឹមសារ​បដិសេធ​ថា​មិន​ពាក់ព័ន្ធ​គណបក្ស​ថ្មីៗ​ទេ ប៉ុន្តែ​ជា​ការ​សារភាព​ថា ពួកគេ​នៅ​ពីក្រោយ​ការ​បង្កើត​បក្ស​ថ្មី​ទៅវិញ ជាពិសេស​គណបក្ស​បេះដូង​ជាតិ​តែម្តង។

លោក​លើកឡើង​ថា បើ​ចង់​ឲ្យ​មហាជន​អស់​ចម្ងល់​ថា​ពួកគេ​មិន​បាន​ក្បត់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លួច​ទៅ​បង្កើត​គណបក្ស​បេះដូង​ជាតិ នោះ មន្ត្រី​ទាំងនោះ​គ្រាន់តែ​សរសេរ​ឲ្យ​ចំៗ និង​ងាយ​យល់ថា លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​ថ្មីៗ រួម​ទាំង​គណបក្ស​បេះដូង​ជាតិ​ឡើយ។ លោក​ថា ការ​សរសេរ​បែប​នេះ​ទើប​អាច​បញ្ជាក់​ពី​ខ្លឹមសារ​ច្បាស់លាស់​ពី​ការ​មិន​ជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ចំពោះ​គណបក្ស​ថ្មី​ទាំងនោះ។

កាលពី​ចុង​ឆ្នាំ​២០២០ លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺជា​ការ​ចាញ់បោក និង​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ យ៉ាងនេះ​ក្តី នៅ​ពេលនេះ​ត្រូវ​គេ​មើលឃើញ​ថា លោក សម រង្ស៊ី កំពុងតែ​នៅ​ពីក្រោយ​គណបក្ស​នយោបាយ​ថ្មី​មួយ​ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស