31 C
Phnom Penh

ឡាន​ដឹក​ដី​ល្មើស​បច្ចេកទេស​ចេញពី​បឹងតាមោក​កំពុង​បំពុល​បរិស្ថាន​និង​រំខាន​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ

បទវិភាគ

ពលរដ្ឋ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១​៦ ខែ​សីហា ថា រាល់ថ្ងៃ​នេះ​មាន​រថយន្ត​ដឹក​ដី និង​ថ្ម​រាប់​សិប​គ្រឿង បាន​ដឹក​ចេញពី​បឹងតាមោក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​ផលវិបាក​ដល់​ការរស់នៅ​របស់​ពលរដ្ឋ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មិន​ត្រឹមតែ​ពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​នោះ​ទេ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នោះ​ក៏​រង​ផល​ប៉ះពាល់​ដែរ ដោយ​មាន​ធូលី​ដី​ហុយ និង​ពំនូក​ដី និង​ថ្ម​ដែល​ជ្រុះ​ចេញ​ពី​ទ្រុង​រថយន្ត​ទាំងនោះ។

ពួកគាត់​អះអាង​ថា ចំណុច​ដែល​រថយន្ត​ទាំងនោះ​បើក​ឆ្លងកាត់ គឺ​ផ្ដើម​ចេញពី​មហាវិថី​ឈ្នះ​ឈ្នះ និង​កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ទើប​សង់​ថ្មី​ចាប់ពី​ភូមិ​ស្វាយចេក ខណ្ឌ​ព្រែកព្នៅ រួច​បន្ត​ដំណើរ​ទៅតាម​បណ្ដា​ផ្លូវ​ផ្សេង​ទៀត​ក្នុង​ភូមិសាស្ត្រ​មួយ​ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច ឬ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​រវល់​អើពើ​នោះ​ទេ។

លោក សាន សីហា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ករណី​នេះ ទាំង​អ្នក​សារព័ត៌មាន និង​ពលរដ្ឋ គួរ​រាយការណ៍​ផ្ទាល់​ទៅ​លោក ឃួង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ និង​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែកព្នៅ ដើម្បី​ជួយ​រក​ដំណោះស្រាយ ព្រោះ​រឿង​នេះ​វា​មិនមែន​ជា​រឿង​នគរបាល​ចរាចរណ៍​ត្រូវ​ដោះស្រាយ​ទេ គឺ​ត្រូវតែ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា ដោយ​មិន​អាច​ដាក់​បន្ទុក​តែ​ទៅលើ​នគរបាល​ចរាចរណ៍​ឡើយ។

ទោះ​យ៉ាងណា សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក សែម រតនា នាយការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ និង​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែកព្នៅ ដើម្បី​ឆ្លើយតប​ការ​លើកឡើង​របស់​ពលរដ្ឋ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៦ ខែ​សីហា។ ចំណែក​ម្ចាស់​អាជីវកម្ម​ឈ្មោះ លោក ញឹក ផន ហៅ កៅ ក៏​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ដែរ​ចំពោះ​កង្វល់​ពលរដ្ឋ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​ធូលី​ដី​ហុយ​ពេញ​ផ្លូវ​សាធារណៈ​នេះ។

ឯកសារ​ច្បាប់ បញ្ជាក់​ថា តាម​បទដ្ឋាន​បច្ចេកទេស​ច្បាប់ និង​សារាចរ​ណែនាំ​របស់​អន្តរ​ក្រសួង​ក្នុង​ការ​ដឹកជញ្ជូន​ធនធាន​រ៉ែ (ដី ថ្ម ខ្សាច់) បាន​កំណត់​ដល់​អ្នក​ដឹកជញ្ជូន និង​ម្ចាស់​ទីតាំង​អាជីវកម្ម​ថា រាល់​ការ​អនុញ្ញាត​ឱ្យ​ដឹកជញ្ជូន​មិន​ត្រូវ​ផ្ទុក​លើស​ទ្រុង​រថយន្ត មិន​ឱ្យ​លើស​ទម្ងន់ ហើយ​ពេល​ដឹក​ដី ឬ​ខ្សាច់​ស្ងួត​គ្រប​ឱ្យ​ជិត​ដែល​មិន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន សណ្ដាប់ធ្នាប់ និង​ទ្រព្យសម្បត្តិ​សាធារណៈ។

ប៉ុន្តែ​ចំពោះ​សកម្មភាព​រថយន្ត​ដឹក​ដី​រាប់​សិប​គ្រឿង​ដែល​បាន​ដឹក​ដី ខ្សាច់ និង​ថ្មី​ធ្លាក់​ជ្រុះ​ពេញ​ផ្លូវ​កៅស៊ូ​នៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ជា​រៀងរាល់​ថ្ងៃ​នេះ ពលរដ្ឋ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បែរជា​ទាំង​នគរបាល​ចរាចរណ៍​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មើល​មិន​ឃើញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស