29 C
Phnom Penh

ប្រធានាធិបតី​អាមេរិក​ថា​បេសកកម្ម​របស់​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ពិតជា​ទទួល​បាន​ជោគជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ជំទាស់​នឹង​មតិ​រិះគន់​ដែល​ថា​សហរដ្ឋ​អាមេរិក​ចាញ់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន លោក​ប្រធានាធិបតី ចូ បៃដិន បាន​ចេញ​មុខ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយតប​នឹង​មជ្ឈដ្ឋាន​ទាំងនេះ។

សេចក្ដី​ថ្លែងការណ៍​រយៈពេល ២០​នាទី ថ្លែង​ចេញពី​សេតវិមាន ដោយ​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ការពារ​ចំពោះ​ការ​ដក​ទ័ព​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បញ្ជាក់​ថា ការ​ដក​កងទ័ព​អាមេរិក​នេះ គឺ​លោក​មិន​ចង់​ទុក​រឿង​ច្រំដែល​មួយ​នេះ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ផ្សេង​ទៀត​បន្ទាប់ពី​រូប​លោក​យក​លេស​ថា «គ្មាន​ពេល​ល្អ​ដើម្បី​ដក​ទ័ព​អាមេរិក​ចេញពី​អាហ្វហ្គានីស្ថាន​នោះ​ទេ»

តាម​ការ​ពន្យល់​របស់​លោក បៃដិន គឺ​បេសកកម្ម​របស់​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​កាលពី ២០​ឆ្នាំ​មុន មិនមែន​ដើម្បី​កសាង​អាហ្វហ្គានីស្ថាន​មួយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​ដើម្បី​តាម​កម្ចាត់​មេ​ភេរវកម្ម​ដែល​បាន​វាយប្រហារ​អាមេរិក​ក្នុង​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ និង​រារាំង​កុំ​ឲ្យ​ពួក​ភេរវកម្ម​ទាំងនោះ​ប្រើ​ទឹកដី​អាហ្វហ្គានីស្ថាន​ជា​មូលដ្ឋាន​ដើម្បី​វាយប្រហារ​អាមេរិក​សាជាថ្មី​ប៉ុណ្ណោះ។

ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ប្រាប់​ពិភពលោក​ថា បេសកកម្ម​របស់​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ពិតជា​ទទួល​បាន​ជោគជ័យ គឺ​អាមេរិក​សម្រេច​បាន​ទាំង​ការ​បោស​សម្អាត​មេ​ភេរវកម្ម​អាល់កៃដា​ផង បាន​ធ្វើ​ឲ្យ​ប្រជាជន​អាហ្វហ្គានីស្ថាន​ស្គាល់​ពិភព​ខាងក្រៅ​យ៉ាងតិច ២០​ឆ្នាំ​ដែរ។

ជាមួយ​គ្នា​នេះ លោក បៃដិន បាន​ព្រមាន​ពួក​តាលីបង់​កុំ​ឲ្យ​រារាំង​លើ​ដំណើរការ​ជម្លៀស​ជនជាតិ​អាមេរិក​ចេញពី​អាហ្វហ្គានីស្ថាន ដោយ​បញ្ជាក់​ថា បើ​ពួក​តាលីបង់​ហ៊ាន​រារាំង ពួកគេ​នឹង​ស្គាល់​ថ្នាំ​ខ្លាំង​របស់​អាមេរិក​ម្ដង​ទៀត ខណៈ​លោក​នៅតែ​អះអាង​ថា អាមេរិក​មិន​ចាញ់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​នោះ​ទេ។ តែ​បែប​ណា លោក​សម្ដែង​ការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ពួក​តាលីបង់​ដើរ​ចូល​រដ្ឋធានី​កាប៊ុល ដោយ​ពុំ​មាន​ការ​វាយ​ការពារ​ទីតាំង​ដោយ​កងទ័ព​អាហ្វហ្គានីស្ថាន។

សេចក្ដី​ថ្លែងការណ៍​របស់​លោក បៃដិន បាន​ហៅ​ព្រឹត្តិការណ៍​នោះ​ថា​នឹកស្មាន​មិន​ដល់​ការ​ដែល​ពួក​តាលីបង់​បាន​វាយ​ចូល​កាន់កាប់​ក្រុង​កាប៊ុល​បាន​យ៉ាង​ងាយ និង​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​បាច់​ចំណាយ​ពេល​យូរ​ដោយ​មិន​បាច់​ប្រយុទ្ធ និង​គ្មាន​ការ​បង្ហូរ​ឈាម​ឡើយ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ក៏​កំពុង​បន្ត​មាន​ជាបន្តបន្ទាប់។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្ទាន់​មួយ ដោយ​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា ហើយ​ត្រូវ​នាំ​សន្តិភាព​ជូន​ប្រជាជន។

សមាជិក​ទាំង ១៥​ប្រទេស​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​បាន​បង្ហាញ​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​នៅ​អាហ្វហ្គានីស្ថាន ហើយ​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ភេរវកម្ម មិន​ថា​ជា​ក្រុម​តាលីបង់ ឬ​ក្រុម​ណា​ឡើយ។

ក្នុង​កិច្ចប្រជុំ​នេះ លោក Ghulam Isaczai ឯកអគ្គរដ្ឋទូត​អាហ្វហ្គានីស្ថាន​ប្រចាំ​អង្គការ​សហប្រជាជាតិ ក៏​បាន​ទទូច​ដល់​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​កុំ​ទទួលស្គាល់​រដ្ឋបាល​ណា​ដែល​ឡើង​កាន់​អំណាច​ដោយ​កម្លាំង​ប្រដាប់​អាវុធ ឬ​រដ្ឋាភិបាល​ណាមួយ​ដែល​បិទ​សិទ្ធិ​មិន​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​អាហ្វហ្គានីស្ថាន។

លោក​ឯកអគ្គរដ្ឋទូត​រូប​នេះ​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​មាន​គ្រប់​ភាគី​តាមរយៈ​ការ​បោះឆ្នោត។ ការ​អំពាវនាវ​នេះ ក៏​ទទួល​បាន​ការ​គាំទ្រ​ភ្លាមៗ​ពី​ក្រុមប្រឹក្សា​សន្តិសុខ។ ក្រុមប្រឹក្សា​ស្នើ​ឱ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​មាន​គ្រប់​ភាគី​ទាំងអស់ ហើយ​ក្រុម​តាលីបង់​ត្រូវ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Ned Price បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា អាមេរិក និង​សម្ពន្ធមិត្ត​របស់​ខ្លួន នឹង​ឃ្លាំមើល​យ៉ាង​ដិតដល់​អំពី​សកម្មភាព​របស់​ក្រុម​តាលីបង់​ចាប់ពី​ពេលនេះ​តទៅ គឺ​ទាំង​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ផ្ដល់​សិទ្ធិ​ស្ត្រី និង​កុមារី ជាពិសេស​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​ណាមួយ​ឡើយ។

អ្នក​នាំពាក្យ​រូប​នេះ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា បើ​ធ្វើ​ផ្ទុយពី​នេះ អាមេរិក​ក៏​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​ឡើងវិញ។

កន្លងមក អ្នក​នាំពាក្យ​ក្រុម​តាលីបង់ ធ្លាប់​ចេញ​សេចក្តី​ធានា​អំពី​ការ​ការពារ​សិទ្ធិ​របស់​ប្រជាជន​អាហ្វហ្គានីស្ថាន។

លោក Ned Price អះអាង​ថា ទីក្រុង​វ៉ាស៊ីនតោន​ចង់​ឃើញ​ក្រុម​តាលីបង់​ធ្វើ​សកម្មភាព​គោរព​តាម​ការ​សន្យា​ដែល​បាន​អះអាង​បែប​នេះ។ តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​រូប​នេះ​ថា សហរដ្ឋ​អាមេរិក​នៅ​បន្ត​រក្សា​វត្តមាន​ការទូត​នៅ​ទីក្រុង​កាប៊ុល ដរាបណា​ពួកគេ​មាន​សុវត្ថិភាព។ លោក​និយាយ​ថា ចាប់តាំង​ពី​យប់​ថ្ងៃ​អាទិត្យ ដែល​ពួក​តាលីបង់​វាយ​កាន់កាប់​រដ្ឋធានី​កាប៊ុល​មក បុគ្គលិក​ស្ថានទូត​អាមេរិក​ទាំងអស់​បាន​ប្តូរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ដែល​ការពារ​ដោយ​យោធា​អាមេរិក​ប្រហែល ៦​ពាន់​នាក់​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស