35 C
Phnom Penh

ពលរដ្ឋ​ចោទ​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក​ថា​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជួល​មនុស្ស​កាប់​រាន​ព្រៃលិចទឹក​របស់​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ឃុំ​អណ្ដូងទឹក ចោទ​អាជ្ញាធរ​ឃុំ​អណ្ដូងទឹក និង​អាជ្ញាធរ​ស្រុក​បុទុមសាគរ ព្រមទាំង​មន្ត្រី​បរិស្ថាន​មួយ​ចំនួន ថា​បាន​ជួល​មនុស្ស​ឲ្យ​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង និង​ព្រៃលិចទឹក​របស់​រដ្ឋ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ​លក់​បន្ត​ទៅ​ឲ្យ​ឈ្មោះ យ៉ុង ទៀង ជា​ថៅកែ​រកស៊ី​រត់​ពន្ធ​ប្រេង​ដ៏​ល្បី​ប្រចាំ​ឃុំ​ថ្មស។

ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ នក រ៉ែម ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក មាន​មន្ត្រី​យោធា មន្ត្រី​នគរបាល និង​មន្ត្រី​បរិស្ថាន​ស្រុក​បុទុមសាគរ ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​កាប់​ព្រៃកោងកាង​រាន​យក​ដី​ជាង ១០​ហិកតារ​នៅ​ក្នុង​តំបន់​សហគមន៍​មាន​ទីតាំង​ជាប់​មាត់​ព្រែក​តាអុក ស្ថិត​ក្នុង​ភូមិ​ជីត្រេះ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​អ្នកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ទប់ស្កាត់​បទល្មើស​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក នក រ៉ែម ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក ត្រូវ​បាន​គេហទំព័រ​ក្នុង​ស្រុក​ដកស្រង់​សម្ដី​មក​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ថា ទីតាំង​ដី​ព្រៃ​ដែល​រូប​លោក​ជួល​មនុស្ស​កាប់​រាន​នោះ គឺជា​ដី​របស់​លោក​កាន់កាប់​យូរ​ឆ្នាំ​មក​ហើយ។ លោក​ថា កន្លងមក​នេះ​រូប​លោក​បាន​លក់​ដី​ខាងលើ​នេះ​ទៅ​ឲ្យ​ឈ្មោះ យ៉ុង ទៀង ថៅកែ​រកស៊ី​ប្រេង​នៅ​ឃុំ​ថ្មស ជា​អ្នក​កាន់កាប់​ជំនួស​វិញ។

ចំណែក​លោក យ៉ុង ទៀង ឈ្មួញ​រកស៊ី​ប្រេង​នៅ​ឃុំ​ថ្មស បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា រូប​លោក​មិន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ជួល​មនុស្ស​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃកោងកាង​នៅ​មូលដ្ឋាន​ឃុំ​អណ្ដូងទឹក ជាមួយ​លោក នក រ៉ែម នោះ​ទេ។

លោក នក រ៉ែម សមាជិក​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាស្រុក​បុទុមសាគរ ស្នើ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​រៀបរាប់​ឈ្មោះ​អ្នក​ដែល​ចូល​ទៅ​ទន្ទ្រាន​ដី​ព្រៃ​នោះ​រួម​មាន លោក នក រ៉ែម សមាជិក​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក លោក យ៉ុង ទៀង ថៅកែ​រកស៊ី​រត់​ពន្ធ​ប្រេង​នៅ​ឃុំ​ថ្មស លោក ទិ សារឿន មាន​តួនាទី​ជា​មន្ត្រី​នគរបាល លោក តុង ហាប់ ជា​មន្ត្រី​យោធា ហើយ​មន្ត្រី​បរិស្ថាន​ស្រុក​បុទុមសាគរ ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​ប៉ុន្មាន​នាក់​ខាងលើ​នេះ​តែង​មក​ជួបជុំ​គ្នា​បង្កើត​កម្មវិធី​ផឹកស៊ី​ជា​ញឹកញាប់​នៅ​ទីតាំង​ក្រោម​ស្ពាន​ព្រែក​តាអុក និង​នៅ​ផ្ទះ​លោក នក រ៉ែម ដើម្បី​ពិភាក្សា​រឿង​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ដែល​អាច​រក​លុយ​ចែក​គ្នា​ចាយ​ពី​ការ​លក់​ព្រៃលិចទឹក​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​អណ្ដូងទឹក។

ទោះ​ជា​បែប​ណា​ក្តី ពលរដ្ឋ​ឃុំ​អណ្ដូងទឹក សំណូមពរ​ដល់​អ្នកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង បញ្ជូន​មន្ត្រី​ស្អាតស្អំ​ឲ្យ​ចុះ​ពិនិត្យ​បទល្មើស​កាប់​រាន​ដី​ព្រៃកោងកាង ឬ​ព្រៃលិចទឹក​ឲ្យ​បាន​ឆាប់ និង​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៀត ក៏​ត្រូវ​កោះ​ហៅ​លោក នក រ៉ែម សមាជិក​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក និង​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃលិចទឹក​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ហាក់ ឡេង អភិបាល​ស្រុក​បុទុមសាគរ និង​អ្នកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃលិចទឹក​របស់​រដ្ឋ​នៅ​មូលដ្ឋាន​ឃុំ​អណ្ដូងទឹក បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស