27 C
Phnom Penh

ពលរដ្ឋ​ស្នើ​អភិបាល​ខេត្ត​ព្រៃវែង​ចាត់​វិធានការ​ច្បាប់​លើ​មេឃុំ​រកា ឃុបឃិត​បន្លំ​ឯកសារ​លក់​ដី​រដ្ឋ​ឱ្យ​ឈ្មួញ​ស្ងាត់ៗ

បទវិភាគ

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង ចោទ​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក​នេះ​ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដី ឬ​ឧកញ៉ា​មាន​ទ្រព្យ​លួច​បន្លំ​ធ្វើ​ឯកសារ​លួច​លក់​ដី​ព្រៃលិចទឹក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ជា​ជម្រក​ត្រី​ពង​កូន​ទៅ​ឲ្យ​ឈ្មួញ​ដោយ​ស្ងាត់ៗ ដោយ​ប្រជាពលរដ្ឋ​មិន​បាន​ដឹង​ឮ​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា រាល់​ថ្ងៃ​នេះ​ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប និង​លោក នេត នឿន មេឃុំ​រកា បាន​ឃុបឃិត​ក្លែង​ឯកសារ​ដោយ​ខុសច្បាប់​ដើម្បី​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​បរិវេណ​ដី​ប្រភព​ទឹក និង​ជា​ជម្រក​ត្រី​ពង​កូន​ដែល​ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ឃុំ​រកា ស្រុក​ពារាំង ធ្លាប់​រស់​អាស្រ័យ​ផល​ជា​រៀងរាល់​ឆ្នាំ​នោះ។

ក្រុម​អ្នក​ស្រុក​បាន​សំណូមពរ​ដល់​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង និង​ថ្នាក់​ដឹកនាំ​ដែល​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍ និង​មាន​វិធានការ​ច្បាប់​ទៅលើ​ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប និង​លោក នេត នឿន មេឃុំ​រកា ដែល​បាន​ឃុបឃិត​ក្លែង​ឯកសារ​ប៉ុនប៉ង​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ទាំងនេះ។

អភិបាល​ខេត្ត​ព្រៃវែង លោក ជា សុមេធី

ពលរដ្ឋ​សង្ស័យ​ថា ករណី​ឃុបឃិត​ក្លែង​ឯកសារ​លក់​ដី​សាធារណៈ​របស់​រដ្ឋ ផ្តើម​ដោយ​មេឃុំ​រកា និង​អាជ្ញាធរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នៅ​ស្រុក​ពារាំង ទំនង​ជា​មន្ត្រី​មួយ​ចំនួន​នោះ​ទទួល​សំណូក​ពុករលួយ​ពី​ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប ផង​ដែរ ទើប​មិន​ខ្វល់​ពី​ការ​បាត់បង់​ប្រភព​ទឹក​ក្នុង​មូលដ្ឋាន​ឃុំ​រកា នេះ ហើយ​ទុក​ឲ្យ​ឈ្មួញ​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក នេត នឿន មេឃុំ​រកា និង​លោក ចេស ហៀប ដែល​ពលរដ្ឋ​ចោទ​ថា​ជា​ឈ្មួញ​រំលោភ​ដី​រដ្ឋ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​បាន​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា។ ចំណែក​ឯ​លោក ហ៊ី ធួក អភិបាល​ស្រុក​ពារាំង និង​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ដែរ។

ពលរដ្ឋ​ចំនួន​ពីរ​ភូមិ​នៅ​ឃុំ​រកា ក៏​បាន​សំណូមពរ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ថែរក្សា​ព្រៃលិចទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន និង​ជា​ប្រភព​ទឹក​ឲ្យ​បាន​គង់វង្ស និង​រក្សា​ឲ្យ​នៅ​សភាព​ដើម​វិញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស