27 C
Phnom Penh

កូនប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ត្រូវ​បាន​តែងតាំង​ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ស៊ើប​អង្កេត​អ្នក​ញុះញង់​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី

បទវិភាគ

កូនប្រសា​លោក ហ៊ុន សែន ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​អ្នក​ញុះញង់​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី ប៉ុន្តែ​អ្នកវិភាគ​ថា ការ​តែងតាំង​នេះ គឺ​ដើម្បី​បង្កើន​អំណាច​សម្លុត​ពលរដ្ឋ​រងគ្រោះ និង​ការពារ​កំហុស​គ្រួសារ ហ៊ុន ប៉ុណ្ណោះ។

លោក ឌី វិជ្ជា ដែល​ត្រូវ​ជា​ស្វាមី​របស់​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​លោក ហ៊ុន សែន ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​សម្រេច​ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ និង​ស៊ើប​អង្កេត​លើ​ករណី​ជម្លោះ​ដីធ្លី និង​ការ​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត។

សេចក្ដី​សម្រេច​អំពី​ការ​កែសម្រួល​សមាសភាព​របស់​អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា លោក នេត សាវឿន ដែល​ជា​អគ្គស្នងការ​នគរបាល​ជាតិ និង​ក៏​ជា​ក្មួយ​ប្រសា​លោក ហ៊ុន សែន បាន​សម្រេច​ឱ្យ​លោក ឌី វិជ្ជា ដឹកនាំ​ប្រមូល​ព័ត៌មាន ក្រុម​ការងារ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​លើ​ករណី​ជម្លោះ​ដីធ្លី និង​ការ​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់។

សេចក្ដី​សម្រេច​ដដែល​ថា ក្រុម​ការងារ​នេះ​មាន​សមាសភាព​ចំនួន ១៦​នាក់​ដែល​មាន​លោក ឌី វិជ្ជា ជា​អ្នក​ដឹកនាំ។ ក្រុម​ការងារ​នេះ​មាន​សិទ្ធិ និង​ភារកិច្ច ដូចជា​ប្រើប្រាស់​កម្លាំង​នៃ​នាយកដ្ឋាន​ជំនាញ​ក្រោម​ផែនការ​សន្តិសុខ​លើ​ការងារ​នីតិវិធី និង​អន្តរាគមន៍​ក្នុង​ករណី​ចាំបាច់ និង​ប្រើប្រាស់​កម្លាំង​ផែនការ​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​រាជធានី-ខេត្ត​លើ​ការ​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ ស៊ើប​អង្កេត និង​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​ពីរ​ឬ​ច្រើន។

លោក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ និង​ជា​កូនប្រសា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លើស​ពី​នេះ ក្រុម​ការងារ​នេះ​ក៏​មាន​សិទ្ធិ​កសាង​សំណុំរឿង​លើ​ករណី​ជម្លោះ​ដី និង​ការ​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​បញ្ជូន​ទៅ​តុលាការ ជាដើម។

ក្រៅពី​មាន​សិទ្ធិ​ប្រើប្រាស់​កម្លាំង និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ក្រុម​ការងារ​នេះ​ក៏​មាន​ភារកិច្ច​ក្នុង​ការ​ប្រមូល​ព័ត៌មាន​អំពី​សកម្មភាព​ញុះញង់ គាំទ្រ ឧបត្ថម្ភ​ដល់​ការ​បង្កើត​ឱ្យ​មាន​ការ​តវ៉ា​ទាមទារ ឬ​រៀបចំ​ឱ្យ​មាន​ជម្លោះ​ដីធ្លី និង​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ដែល​បង្ក​ឱ្យ​មាន​ចលាចល​នៅ​តាម​បណ្ដាល​រាជធានី-ខេត្ត។

ជាង​នេះ​ទៀត ត្រូវ​ដំឡើង​បញ្ជី​ករណី​រឿង ដើម្បី​កំណត់​ការ​ទប់ស្កាត់ និង​បង្ក្រាប ហើយ​និង​វាយតម្លៃ​ករណី​រឿង និង​ស្នើសុំ​គោលការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​បើក​ការ​ស៊ើប​អង្កេត និង​កសាង​សំណុំរឿង​ទៅ​តុលាការ រួម​ទាំង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង និង​កសាង​បញ្ជី​មុខសញ្ញា​ឈាន​ដល់​ការ​អនុវត្ត​នីតិវិធី​ជាដើម។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក គឹម សុខ លើក​ជា​សំណួរ​ថា តើ​លោក ឌី វិជ្ជា ជា​កូនប្រសា​លោក ហ៊ុន សែន គួរ​ស័ក្ដិសម​ត្រូវតែ​ង​តាំង​ជា​អ្នក​ដឹកនាំ​ក្រុម​ការងារ​ស៊ើប​អង្កេត​លើ​ករណី​ជម្លោះ​ដីធ្លី​ដែរ​ឬ​ទេ ពីព្រោះ​លោក ឌី វិជ្ជា ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​ដី​ពី​ពលរដ្ឋ និង​គប់គិត​ប្រមូល​យក​ដី​រដ្ឋ ដី​ព្រៃឈើ​របស់​រដ្ឋ បឹង​របស់​រដ្ឋ និង​ភ្នំ​រដ្ឋ​ស្ទើរតែ​គ្រប់​ខេត្ត-រាជធានី​នៅ​ទូទាំង​ប្រទេស ខណៈ​ភរិយា​របស់​លោក គឺ​អ្នកស្រី ហ៊ុន ម៉ាណា និង​លោក ហ៊ុន សែន ធ្វើការ​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​ប្លន់​ដី​រាស្ត្រ និង​រំលោភ​យក​ដី​រដ្ឋ។

លោក​យល់ថា ការ​តែងតាំង​លោក ឌី វិជ្ជា មិនមែន​ទៅ​ប្រមូល​ព័ត៌មាន និង​ដោះស្រាយ​បញ្ហា​នោះ​ទេ ប៉ុន្តែ​ដើម្បី​ទៅ​បង្កើន​ការ​សម្លុត​គំរាមកំហែង​ពលរដ្ឋ​រងគ្រោះ​កុំ​ឱ្យ​ហ៊ាន​តវ៉ា​រក​យុត្តិធម៌។ លោក​បន្ត​ថា ករណី​ជម្លោះ​ដីធ្លី​ស្ទើរ​ពេញ​ប្រទេស បើ​ពិតជា​ចង់​រក​យុត្តិធម៌ ទាល់តែ​ហ៊ាន​ចាប់​សមាជិក​គ្រួសារ ហ៊ុន ជាពិសេស​កូនៗ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន សែន ផ្ទាល់ កាត់ទោស​ដាក់​គុក​តែម្តង។

ម្យ៉ាង​ទៀត លោក​កត់សម្គាល់​ថា បើ​គេ​ចង់​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​មែន​នោះ មិន​ចាំបាច់​តែងតាំង​លោក ឌី វិជ្ជា ឱ្យ​តែ​រវល់​នឹង​ការងារ​នេះ​ទេ គឺ​គ្រាន់តែ​ប្រគល់​ភារកិច្ច​ទៅ​ក្រសួង​ដែនដី ធ្វើ​ការ​ស៊ើបអង្កេត និង​ដោះស្រាយ​ដោយ​កុំ​ប្រកាន់​បក្ខពួក ហើយ​ប្រសិនបើ​ករណី​នោះ​ធ្ងន់ធ្ងរ សម្រួល​មិន​បាន និង​មាន​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ គឺ​គ្រាន់តែ​តម្រូវ​ឱ្យ​តុលាការ​កាត់​សេចក្ដី​តាម​ផ្លូវច្បាប់ និង​អង្គ​ហេតុ​ត្រឹមត្រូវ គឺ​លែង​មាន​បញ្ហា​ច្របូកច្របល់​ហើយ។

លោក គឹម សុខ បន្ត​ថា ស្ថាប័ន​ដែល​ដោះស្រាយ​វិវាទ​ដីធ្លី​មាន​ស្រាប់ លោក ហ៊ុន សែន មិន​ប្រើ ហើយ​ចេះតែ​តែងតាំង​ឱ្យ​គរ​ជើង​ជាន់​ភារកិច្ច​គ្នា។ នេះ​មានន័យ​ថា មិនមែន​ជា​រដ្ឋាភិបាល​ជាតិ​ខ្មែរ​ដើម្បី​ការពារ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​គឺជា​រដ្ឋាភិបាល​គ្រួសារ ហ៊ុន តែងតាំង​សមាជិក​គ្រួសារ ហ៊ុន ឲ្យ​ចាត់ការ​គ្រប់​សាច់រឿង​ដើម្បី​ការពារ​ប្រយោជន៍​គ្រួសារ ហ៊ុន សុទ្ធសាធ។

អ្នកវិភាគ​នយោបាយ​និង​សង្គម​រូប​នេះ​ថា​ការតែងតាំង​លោក ឌី វិជ្ជា ឱ្យ​ស៊ើប​អង្កេត​ជម្លោះ​ដីធ្លី ទំនង​ជា​លោក ហ៊ុន សែន បញ្ជា​ឱ្យ​លោក ឌី វិជ្ជា ចេញ​មុខ​ការពារ​អ្នកស្រី ហ៊ុន ម៉ាណា ជា​ប្រពន្ធ ព្រោះ​នៅ​ស្រុក​ខ្មែរ​គ្មាន​អ្នកណា​ល្បី​ខាង​រំលោភ​ដីធ្លី​ខុសច្បាប់​ជាង​អ្នកស្រី ហ៊ុន ម៉ាណា នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ទំនង​ជា​ករណី​ជម្លោះ​ដីធ្លី​ខ្លះ​របស់​អ្នកស្រី ហ៊ុន ម៉ាណា ត្រូវ​ប៉ះ​នឹង​ពួក​ឧកញ៉ា​ធំៗ និង​ខ្សែ​បក្ខពួក​ផ្សេង​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បើ​មិន​ប្រើ​លោក ឌី វិជ្ជា ជា​ស្វាមី​ឲ្យ​ទៅ​សម្លុត​ពួកគេ​ទេ អាច​មាន​ការ​តឹងតែង​ខ្លាំង​ធ្លាយ​ចេញ​ក្រៅ​កាន់តែ​ធំ។

លោក ឌី វិជ្ជា គឺជា​កូន​របស់​លោក ហុក ឡង់ឌី ដែល​ជា​អតីត​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​សព្វថ្ងៃ​លោក​ជា​កូនប្រសា​របស់​លោក ហ៊ុន សែន។

បច្ចុប្បន្ន លោក ឌី វិជ្ជា មាន​តួនាទី​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ ហើយ​ជា​ប្រធាន​អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស