27 C
Phnom Penh

ពលរដ្ឋ​ពីរ​ភូមិ​នៅ​ខណ្ឌ​ច្បារអំពៅ​ថា​អំពើ​ហិង្សា​អាច​នឹង​ផ្ទុះ​ឡើង​បើ​អាជ្ញាធរ​មិន​អាច​បញ្ឈប់​សកម្មភាព​ឡាន​ដឹក​ខ្សាច់

បទវិភាគ

ពលរដ្ឋ​ចំនួន​ពីរ​ភូមិ​រស់នៅ​ក្នុង​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជាថ្មី​ម្តង​ទៀត ដើម្បី​ស្នើសុំ​ឲ្យ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន​បើក​ធ្វើ​អាជីវកម្ម​ខ្សាច់​មួយ​កន្លែង ដែល​យក​ផ្លូវ​សាធារណៈ​ដឹក​ខ្សាច់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់ បង្ក​ប៉ះពាល់​ដល់​ការរស់នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

ប្រជាពលរដ្ឋ​ភូមិ​ស្វាយតាអុក១ និង​ភូមិ​ព្រែកជាងព្រំ ដែល​រង​ផល​ប៉ះពាល់​នោះ បាន​ស្នើ​ដល់​អភិបាល​រាជធានី​ភ្នំពេញ អន្តរាគមន៍​ទៅលើ​ថៅកែ​ក្រុមហ៊ុន​បូម​ខ្សាច់​ឈ្មោះ គឹម ហេង ចំនួន​ពីរ​ចំណុច គឺ​ស្នើ​ឲ្យ​ផ្លាស់ប្ដូរ​ទីតាំង​ក្រុមហ៊ុន ឬ​បូម​ខ្សាច់​ចេញពី​តំបន់​នោះ និង​ត្រូវ​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់​ទាំងនេះ​ត្រូវ​មាន​ផ្លូវ​ដឹកជញ្ជូន​ខ្សាច់ ឬ​ចូក​ក្នុង​បរិវេណ​ក្រុមហ៊ុន​ឲ្យ​ដូច​ក្រុមហ៊ុន​ផ្សេងៗ​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​បន្ត​ថា សំណើ​នេះ ពួកគាត់​ធ្លាប់​បាន​ប្តឹង​ទៅកាន់​អាជ្ញាធរ​ចាប់ពី​ថ្នាក់​ភូមិ សង្កាត់ បន្ត​រហូត​ដល់​លោក​អភិបាល​ខណ្ឌ​ច្បារអំពៅ រួច​ហើយ ហើយ​ក៏​ត្រូវ​ថ្នាក់​សង្កាត់ និង​ខណ្ឌ ក៏​បាន​ចុះ​មក​ណែនាំ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នេះ​ម្តង​ជា​ពីរ​ដង​រួច​ហើយ​ដែរ។ ប៉ុន្តែ​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៣ ខែ​សីហា ភាគី​ក្រុមហ៊ុន​មិន​គោរព​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​នោះ​ទេ។

ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា ក្នុង​មូលដ្ឋាន​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ សព្វថ្ងៃ​នេះ មាន​ក្រុមហ៊ុន​បើក​ធ្វើ​អាជីវកម្ម​ខ្សាច់​ជាច្រើន​កន្លែង ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​មិន​បាន​ធ្វើ​សកម្មភាព​នាំ​ឲ្យ​រំខាន​ដល់​ការ​រស់នៅ ឬ​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឡើយ។

សកម្មភាព​ឡាន​ដឹក​ខ្សាច់​ស្ថិត​នៅ​ក្នុង​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ខ្សាច់​របស់​លោក គឹម អេង ដែល​ទើប​មក​បើក​ធ្វើ​អាជីវកម្ម​កាលពី​ខែ​ឧសភា នា​ឆ្នាំ​២០២១ នេះ បែរ​ជា​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ប្រកប​មុខរបរ ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ចំនួន​ពីរ​ភូមិ​ទៅវិញ។

បន្ថែម​លើ​នេះ ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​ចោទ​ថា ចំពោះ​ឥរិយាបថ​របស់​ក្រុម​អ្នក​បើកបរ​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​នេះ​វិញ បាន​បើក​ល្បឿន​លឿន ឬ​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត ហើយ​មិន​ខ្វល់​ពី​អ្នក​ធ្វើ​ដំណើរ និង​អ្នក​រស់នៅ​អម​សងខាង​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​នេះ​ទេ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក គឹម អេង ថៅកែ​ក្រុមហ៊ុន​បូម​ខ្សាច់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​សង្កាត់​វាលស្បូវ ចោទ​ប្រកាន់​ខាងលើ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៣ ខែ​សីហា។ ចំណែក​ឯ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​មិនទាន់​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​បាន​នៅឡើយ​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ស្ថានការណ៍​តវ៉ា​អំពី​ករណី​បញ្ឈប់​ឡាន​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​លោក គឹម អេង កំពុង​មាន​ភាព​តានតឹង​ទៅៗ ហើយ​ពួកគេ​បារម្ភ​ខ្លាច​កើត​មាន​អំពើ​ហិង្សា​ដោយ​ប្រការ​ណាមួយ​នៅ​ពេល​ខាងមុខ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស